អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គលេខាធិការបក្សឆ្ពោះទៅមុខចេញមុខបដិសេដ ជុំវិញការលើកឡើងបក្សភឿថៃនឹងដឹកនាំបង្កើតរដ្ឋាភិបាលថ្មី
20, Jul 2023 , 11:29 am        
រូបភាព
លោក Chaitawat Tulaton អគ្គលេខាធិការបក្សឆ្ពោះទៅមុខ ។
លោក Chaitawat Tulaton អគ្គលេខាធិការបក្សឆ្ពោះទៅមុខ ។
បន្ទាប់ពីមិនទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat មានការលើកឡើងថា បក្សភឿថៃនឹងបង្កើតសម្ព័ន្ធថ្មីមួយដោយអវត្តមានបក្សឆ្ពោះទៅមុខ។ ជុំវិញរឿងនេះ អគ្គលេខាធិការបក្សឆ្ពោះទៅមុខបានចេញមុខបដិសេដ ហើយត្រូវមានការពិភាក្សាពីបក្សចម្រុះទាំងប្រាំបីជាមុនសិន។   

 
ស្របពេលបក្សឆ្ពោះទៅមុខទំនងមិនអាចដឹកនាំរដ្ឋាភិបាល លទ្ធភាពមានកាន់តែខ្ពស់ដែលបក្សភឿថៃបង្កើតសម្ព័ន្ធមួយឡើងជំនួស ដោយមិនមានបក្សឆ្ពោះទៅមុខចូលរួមដើម្បីឈានទៅដឹកនាំ និងបង្កើតរដ្ឋាភិបាលថ្មី ។ ​
 
ជុំវិញរឿងនេះ លោក Chaitawat Tulaton អគ្គលេខាធិការបក្សឆ្ពោះទៅមុខបានបដិសេធ។ លោក​​បញ្ជាក់​ថា បក្ស​ចម្រុះទាំងប្រាំបីនឹង​ត្រូវ​ពិភាក្សា​ជា​មុន​សិន បើ​ទោះ​បី​ជា​លោក Pita ត្រូវ​បាន​បដិសេធ​ដោយ​សមាជិកសភាក្លាយជានាយរដ្ឋមន្រ្តីក្តី។ 
 
កន្លងមក លោកស្រី Paetongtarn Shinawatra ដែលជាកូនអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ធ្លាប់បាននិយាយថា បក្សភឿថៃនឹងស្នើលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំពេញអង្គបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រី បន្តបដិសេធមេដឹកនាំបក្សឆ្ពោះទៅមុខ Pita Limjaroenrat នៅជុំទីពីរ។
 
នៅថ្ងៃទី១៩ ខែកក្កដា សភាថៃ បានបោះឆ្នោតបដិសេធការស្នើបេក្ខភាពលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តីជាលើកទី២។ មូលហេតុដែលធ្វើឱ្យលោក Pita មិនទទួលបានគាំទ្រពីសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាខ្លះ ដោយសារលោកមានបំណងកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ ព្រមទាំងបញ្ហាដែលលោកជាប់ពាក់ព័ន្ធនិងភាគហ៊ុនទូរទស្សន៍ ។ 
 
ជុំវិញការជំទាស់លោក Pita ឈរជាបេក្ខភាពនាយរដ្ឋមន្ត្រី មានការតវ៉ាពីម្ចាស់ឆ្នោប្រមាណជា២០០ ទៅ ៣០០នាក់ នៅទីលានប្រជាធិបតេយ្យដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការព្យួរ លោក Pita និងការសម្រេចចិត្តរបស់សភាដែលរារាំងការតែងតាំង។
 
ក្រុមអ្នកតវ៉ាបានអះអាងថា ការតវ៉ាបន្ទាប់ទំនងជាកើតឡើងនៅចុងសប្តាហ៍នេះ ខណៈពេលដែលសភានឹងបើកការប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៧ ខែកក្កដា។ នេះបើតាមសារព័ត៌មានថៃ ThaiEnquirer៕
 

Tag:
 ថៃ
  នយោបាយ​
  Pita
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com