ជាតិ
របរដឹកជញ្ជូន កាន់តែពិបាក នាពេលកើនឡើងកម្ដៅ
11, May 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ អ្នកដឹកជញ្ជូនអាហារមួយចំនួននៅរាជធានីភ្នំពេញ បានរអ៊ូថា មេឃក្ដៅរបរដឹកជញ្ជូន កាន់តែពិបាក។ ប៉ុន្តែពួកគាត់ មិនបោះបង់របរនេះចោលឡើយ។ អាកាសធាតុក្តៅក៏ពិតមែន ប៉ុន្តែអ្នកដឹកជញ្ជូន នៅតែបន្តការងារ មិនសម្រាក។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសដោយ កញ្ញា សែម ប្រាក់ដាវ នៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 
 

លោក កែវ ឧដុង្គ អ្នកដឹកជញ្ជូនអាហារតាមអនឡាញនៅរាជធានីភ្នំពេញ ចាប់អារម្មណ៍ទៅលើការងារដឹកជញ្ជូន ដោយសារលោកអាចរកប្រាក់ចំណូលបានជារៀងរាល់ថ្ងៃ ចន្លោះពី៤ម៉ឺនរៀល ទៅ ៦ម៉ឺនរៀល។ លោក ឧដុង្គ ប្រកបមុខរបរជាអ្នកដឹកជញ្ជូនជាង ៣ឆ្នាំមកហើយ។ 
 
លោក​ កែវ ឧដុង្គ បញ្ជាក់ថា ៖«​នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង  ខ្ញុំការពារខ្លួនរបស់ខ្ញុំ ដោយត្រូវបិទមុខ ដើម្បី ការពារខ្លួនពីកម្ដៅថ្ងៃ ហើយពាក់មួកសុវត្ថិភាព និងស្រោមដៃ ជាពិសេសពេលម៉ោងសម្រាកខ្ញុំ​ត្រូវ​រក​កន្លែង​ជ្រក​​»​។ 
 
អ្នកដឹកជញ្ជូនGrabរូបនេះ ដឹកពីម៉ោង៧ព្រឹក ដល់ម៉ោង៨យប់។  ការងារដឹកជញ្ជូននេះ ប្រឈមនឹងហានិភ័យ ដែលកើតមានដោយយថាហេតុ ប្រសិនបើខ្លួនមិនបានយកចិត្តទុកដាក់ក្នុងពេលបើកបរ​នៅតាមដងផ្លូវ។ លោក ឧដុង្គ បន្តថា មេឃក្ដៅខ្លាំង លោកបារម្ភពីបញ្ហាសុខភាពខ្លាំង ប៉ុន្តែដើម្បីរកចំណូលចូលគ្រួសារ លោក ឧដុង្គ បង្ខំចិត្តដឹកជញ្ជូនអាហារ ទោះបីពេលខ្លះ លោកឈឺក៏មិនហ៊ានឈប់សម្រាក។ 
 
លោក ឧដុង្គ មិនអាចធ្វើការពិបាកបានទេ ដោយសារលោកមានពិការភាពជើងម្ខាង។ ការដឹកជញ្ជូនអាហារ ទាំងមានពិការភាពជើងម្ខាងនេះ ធ្វើឱ្យលោកជួបផលលំបាកជាច្រើន។ ថ្ងៃខ្លះ លោកឈឺជើង និងថ្ងៃខ្លះទៀតមានបញ្ហាសុខភាព ដោយសារវ័យកាន់តែចាស់។  ដ្បិតឧបសគ្គមានច្រើន និងគ្មានទីពឹង តែបុរសចំណាស់រូបនេះ តាំងចិត្តដឹកជញ្ជូនអាហារ ដើម្បីផ្គត់ផ្គង់ជីវភាព។
មិនខុសគ្នាពីលោក កែវ ឧដុង្គ ប៉ុន្មាននោះនេ លោក រ៉េត វុទ្ធី អ្នកដឹកជញ្ជូនអាហារ ក៏បានត្អូញត្អែរផងដែរអំពីការលំបាកក្នុងការដឹកជញ្ជូនក្នុងអាកាសធាតុក្តៅ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​នោះ មាន​ការ​បញ្ជា​ទិញ​ច្រើន​ ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាថ្ងៃធម្មតាផងដែរ។ 
 
បុរសវ័យ២២ឆ្នាំរូបនេះ បញ្ជាក់ថា មេឃក្ដៅ ពលរដ្ឋនិយមកម្មង់ភេសជ្ជៈច្រើនជាង ម្ហូបអាហារ។ យ៉ាងណាមិញ មេឃក្ដៅ ជាឱកាសមួយដែល លោក រ៉េត វុទ្ធី អាចរកចំណូលបានច្រើនជាងថ្ងៃធម្មតា ព្រោះពលរដ្ឋភាគច្រើន មិនសូវធ្វើដំណើរចេញក្រៅ។ លោក វុទ្ធី អាចរក​ចំណូល​បាន​ប្រមាណ ៤ម៉ឺនរៀល​ក្នុង​មួយ​ថ្ងៃ។ អង្គុយនៅក្រោមដើមអ្នកដឹកជញ្ជូន E-GetS រូបនេះ បាននិយាយថា អាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏លោកអាចទ្រាំបានដោយសារជីវភាព។ 
 
«ដើម្បីជីវភាព ទោះមេឃក្ដៅយ៉ាងណាក៏ខ្ញុំបន្តដឹកជញ្ជូន។ ក្រៅពីការងារដឹកជញ្ជូននេះ ខ្ញុំមិនដឹងធ្វើអ្វីនោះទេ។ ក្ដៅពិបាកបន្តិចតែខ្ញុំសប្បាយចិត្តដែលអាចរកចំណូលចូលគ្រួសារបានរាល់ថ្ងៃ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក រ៉េត វុទ្ធី ជាអ្នកដឹកជញ្ជូនអាហារ៕ 

Tag:
 អ្នកដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com