ជាតិ
អំបោសធ្វើពីសំបកដបទឹកសុទ្ធរបស់លោក ហាស់ គា មិនទាន់មានទីផ្សារល្អនៅឡើយ
23, May 2024 , 9:19 am        
រូបភាព
ភ្នំពេញ៖ លោក ហាស់ គា ស្រវាស្រទេញធ្វើអំបោសពីដបទឹកសុទ្ធបានជោគជ័យ។ ជីវិត ដ៏ ជូរចត់ធ្លាប់ដើរលក់នំប៉័ងតាមផ្ទះគេជាច្រើនឆ្នាំ លោក ហាស គា បានកែប្រែជីវិតខ្លួនក្រោយ កែច្នៃអំបោសបានជោគជ័យជាង១ឆ្នាំ។ ការកែច្នៃដបទឹកសុទ្ធទៅជាអំបោស បានក្លាយទៅ ជាក្ដីសង្ឃឹមថ្មីមួយ សម្រាប់ស្ត្រីវ័យចំណាស់ៗនៅក្នុងសហគមន៍ ដែលមិនអាចរកចំណូល​ចូលគ្រួសារបាន។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាបទយកការណ៍ដោយ កញ្ញា សែម ប្រាក់ដាវ នៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 

 
លោក ហាស់ គា បានបង្ហាញពីកន្លែងធ្វើអំបោស ដល់សារព័ត៌មានថ្មីៗ២៥ នៅលើផ្ទៃដី ទទឹងប្រមាណ៦ម៉ែត្រ បណ្តោយប្រមាណជាង២០ម៉ែត្រ ដែលមានដបទឹកសុទ្ធជាច្រើន និង ស្រ្តីជាច្រើននាក់កំពុងធ្វើអំបោស។ លោក ហាស់ គា បានប្ដូរពីអ្នកលក់នំប៉័ង មកកែច្នៃ សំបកដបទឹកសុទ្ធ ទៅជាអំបោស​ ប្រមាណ១ឆ្នាំប៉ុណ្ណោះ។ ដើម្បីចូលរួមលើកស្ទួយបរិស្ថាន និងសម្អាត សំណល់ លោក ហាស់ គា បានដើរទិញដបទឹកសុទ្ធទាំងនេះ ពីផ្ទះអេតចាយ និង​ពីអ្នកភូមិជាដើម។
 
ការកែច្នៃអំបោសពីដបទឹកសុទ្ធនេះ លោក គា ទើបតែចាប់ផ្តើមរបរនេះប្រមាណ​១ឆ្នាំ​ប៉ុណ្ណោះ​។ កត្តាដែលធ្វើឱ្យលោក ហាស គា ចាប់មុខរបរនេះ គឺចង់ជួយថែរក្សាបរិស្ថាន ជា​ពិសេសជួយឱ្យស្រ្តីនៅក្នុងភូមិមានការងារធ្វើក្បែរផ្ទះ។ 

លោក ហាស់ គា ម្ចាស់អាជីវកម្មកែច្នៃដបទឹកសុទ្ធធ្វើអំបោស

«ពីមុនមកខ្ញុំជាអ្នកលក់នំប៉័ង លក់អំបោសតាមម៉ូតូ។ មូលហេតុដែលមកកែច្នៃអំបោស​ធ្វើ​ពី​ដបទឹកសុទ្ធនេះ ដោយសារតែចង់ជួយថែរក្សាបរិស្ថាន និងចង់ឱ្យស្រ្តីចាស់ក្មេងក្នុងភូមិមាន​រកចំណូលបាន មិនចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះ»។​ លោក ហាស់ គា ជាម្ចាស់អាជីវកម្ម​អំបោស ថ្លែងដូច្នេះ។ 
 
ជាមួយគ្នានេះ ស្រ្តីចាស់ ក្មេង កំពុងតែមមាញឹក ធ្វើអំបោស អ្នកខ្លះ​អង្គុយក្រងអំបោស រីឯ​អ្នក​មួយចំនួនផ្សេងទៀត ក៏​កំពុង​អង្គុយលាងដបទឹកសុទ្ធ ដើម្បីយកមកធ្វើអំបោស។ មានទី​តាំងស្ថិតនៅភូមិ ព្រែកទាល់២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហាស់ គា បានលើកឡើងថា ដំបូងឡើយលោក មើលយូធូបបរទេស ឃើញប្រទេស​គេកែច្នៃបាន ទើបលោកសម្រេចចិត្តកែច្នៃដបទឹកសុទ្ធទាំងនោះធ្វើអំបោសដែរ។ អំបោស​ប្លាស្ទិកទាំងនេះ អាចប្រើប្រាស់បានប្រមាណ៣ឆ្នាំ ជាពិសេសជួយថែរក្សាបរិស្ថានដែរ។ 
 
អំបោសធ្វើពីដបទឹកសុទ្ធរបស់លោក ហាស់ គា
 
ម្ចាស់អាជីវកម្មកែច្នៃអំបោសរូបនេះ មិនប្រើប្រាស់ម៉ាស៊ីន ដើម្បីជំនួសការងារដែលស្រ្តី​ប្រមាណ​២០នាក់ អង្គុយធ្វើអំបោសឡើយ។ លោក ហាស់ គា បន្តថា៖ «កត្តាដែលមិនប្រើ ប្រាស់ម៉ាស៊ីន ដោយសារតែចង់រក្សាគុណភាព និងចង់បន្តការងារដល់ស្រ្តីក្នុងភូមិ។ ដំបូង ឡើយ ខ្ញុំចំណាយថវិកាប្រមាណ២០លានរៀល​ដើម្បីទិញដបទឹកសុទ្ធ និងសម្ភារផ្សេងៗ ដើម្បីកែច្នៃអំបោសទាំងនេះ»។ 
 
ម្ចាស់អាជីវកម្មរូបនេះ លក់អំបោសទាំងនេះ តាមប្រព័ន្ធអនឡាញ ហាក់មិនសូវជាមាន ទី ផ្សារប៉ុន្មាននោះទេ ប៉ុន្តែលោក ហាស់ គា មិនបោះបង់ក្ដីសង្ឃឹមនោះទេ។ អំបោសមួយដើម មានតម្លៃចាប់ពី ១ម៉ឺន៥ពាន់រៀល រហូតដល់ ៣ម៉ឺនរៀលតាមទំហំតូច ឬធំ។ 
 
បុគ្គលិក ធ្វើអំបោសមកពីខេត្តព្រៃវែង លោក ញឹក បឿន បានលើកឡើងថា៖ «ការងារធ្វើ អំបោសមួយនេះ បានផ្លាស់ប្ដូរទាំងជីវភាពគ្រួសាររបស់ខ្ញុំ និងថែមទាំងលែងឱ្យ ខ្ញុំលំបាក ដូចមុន។ ពីមុនខ្ញុំធ្វើសំណង់ឆ្ងាយពីស្រុកកំណើត ហើយលំបាកខ្លាំង ព្រោះខ្ញុំចាស់មិនសូវ មានកម្លាំងដូចក្មេងៗនោះទេ»។ 

លោក ញឹក បឿន បុគ្គលិកធ្វើអំបោស

 
កត្តាដែលជំរុញឱ្យលោក ញឹក បឿន មកធ្វើការនៅកន្លែងកែច្នៃអំបោសនេះ ដោយសារតែ លោកមានវ័យចំណាស់ មិនអាចធ្វើសំណង់បានយូរទៀត និងការងារធ្វើអំបោសនេះទៀត សោតវាស្រាល និងអាចរកចំណូលបានប្រហាក់ប្រហែលគ្នា ទៅនឹងការងារសំណង់ទៀត ផង។ 
 
និយាយទាំងញញឹមលោក ញឹក បឿន  ពិតជាសប្បាយចិត្តដែលបានមកធ្វើការជាមួយ លោក ហាស់ គា ប្រមាណជាង៥ខែ មកនេះ។ តាមរយៈការងារនេះ លោក បឿន អាច ទទួលបានចំណូលក្នុងមួយថ្ងៃ ៤ម៉ឺនរៀល។ ថ្វីត្បិតថា ចំណូលនេះមិនទាន់​គ្រប់គ្រាន់ សម្រាប់ការចំណាយក្នុងគ្រួសារបានសព្វគ្រប់ក្ដី ប៉ុន្តែលោក ញឹក បឿន បានរួមចំណែក​ក្នុងការ​សម្រួលបន្ទុកគ្រួសារមួយផ្នែកផងដែរ។ 
 
ជាស្រ្តីមេផ្ទះ មិនអាចរកចំណូលបាន អ្នកស្រី​ យ៊ូ សន សប្បាយចិត្តដែលបានមកធ្វើ អំបោសនៅកន្លែងលោក ហាស់ គា។ តាមរយៈការងារនេះ អ្នកស្រី យ៊ូ សន អាចរក ចំណូលបាន២ម៉ឺនប៉ុណ្ណោះ។ 

អ្នកស្រី យ៊ូ សន បុគ្គលិកធ្វើអំបោស

ទោះបីជាមួយថ្ងៃទទួលបានថវិកាតិចក្ដី ប៉ុន្តែជាក្ដីសង្ឃឹមថ្មីមួយក្រោយ អ្នកស្រី សន មិន មានការងារធ្វើប្រមាណ១០ឆ្នាំទៅហើយ។ និយាយទាំងភ្នែករលីងរលោង អ្នកស្រី បាន បញ្ជាក់ដូច្នេះ៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់។ លុយ២ម៉ឺនសម្រាប់គេ មិន ច្រើននោះទេ ប៉ុន្តែសម្រាប់ខ្ញុំពិតជាសំខាន់ ព្រោះអាចឱ្យខ្ញុំមានអាហារបីពេលបាន»។ 
 
ក្រៅពីនេះ លោក ហាស់ គា ពិតជាសប្បាយចិត្តដែលសិប្បកម្មរបស់ខ្លួន អាចជួយដល់ សង្គមបាន។ លោក ហាស់ គា អំពាវនាវដល់សាធារណជនទាំងអស់ ជួយគាំទ្រស្នាដៃកូន​ខ្មែរ ឬផលិតផលក្នុងស្រុក ដើម្បីប្រទេសជាតិកាន់តែមានធនធានល្អៗ៕


អំបោសធ្វើពីដបទឹកសុទ្ធរបស់លោក ហាស់ គា.

Tag:
 លោក ហាស់ គា
  អំបោសធ្វើពីដបទឹកសុទ្ធ
  បទយកការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com