ជាតិ
ធ្វើនំម៉ោង៤ព្រឹក និងរុញរទេះលក់នំក្រោមកម្ដៅថ្ងៃ អ្នកស្រី យ៉ង់ ប្រឹងរកចំណូលដើម្បីគ្រួសារ
25, May 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ខឹម យ៉ង់ បាន​ចាប់​មុខរបរ​ធ្វើ​នំគូឆាយ​លក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ជាង១០ឆ្នាំមកហើយ​។ មាន​វ័យ​៤១​ឆ្នាំ ​អ្នកស្រី ខឹម យ៉ង់ អាចរុញរទះលក់នំគូឆាយបាន និង​រកប្រាក់​ចំណូលបានប្រមាណ ២០ម៉ឺនរៀលក្នុង​មួយថ្ងៃ​។ ជាធម្មតា អ្នកលក់នំគូឆាយរូបនេះ រុញរទេះដោយថ្មើរជើងចេញពីផ្ទះនៅបឹងត្របែក  មកឈប់លក់នំគូឆាយម្ដុំផ្សារទួលទំពូង។



 

នំគូឆាយ ចម្អិនភ្លាមៗក្ដៅៗ ធ្វើឱ្យអ្នកដំណើរគ្រប់វ័យទាំងចាស់ក្មេងចូលចិត្តទទួលទាន។ ប៉ុន្តែមេឃក្ដៅ ធ្វើឱ្យអ្នកលក់នំគូឆាយរូបនេះ លក់មិនសូវជាលក់ដាច់ព្រោះគ្មានភ្ញៀវធ្វើដំណើរ។ មេឃក្ដៅខ្លាំង ប៉ុន្តែអ្នកស្រី ខឹម យ៉ង់ មិនខ្លាចក្ដៅនោះទេ។ អ្នកស្រីរុញរទះដើរលក់នំគូឆាយ ចន្លោះម៉ោង២ ដល់ម៉ោង៥ល្ងាច។ ក្នុងមួយថ្ងៃអ្នកស្រី លក់នំគូឆាយអស់ប្រមាណ១៥០នំ ដោយក្នុងមួយនំមានតម្លៃ ១៥០០រៀល។  
 
អ្នកស្រី ខឹម យ៉ង់ លើកឡើងថា៖ «នំគូឆាយ ១នំ មានតម្លៃ ១៥០០រៀល ។ ចំណូលបានមកពីការលក់មិនទៀងឡើយ បើថ្ងៃណាលក់អស់១៥០នំ អាចបានជាង២០ម៉ឺនរៀល ហើយទូទាត់ថ្លៃគ្រឿងផ្សំធ្វើនំ អាចចំណេញបានតែ ៣ ទៅ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ របរនេះហត់ណាស់់ តែមិនដឹងទៅធ្វើអ្វីក្រៅពីលក់នំ ចេះតែបន្តរុញរទះលក់ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព»។
 
ជាមួយគ្នានេះ ស្រ្ដីវ័យ៤១ឆ្នាំរូបនេះ លក់តាមចិញ្ចើមផ្លូវមែន តែរសជាតិនំគូឆាយរបស់អ្នកស្រីឆ្ងាញ់។ ដោយឡែក របរលក់នំគូឆាយមិនងាយស្រួលនោះទេ អ្នកស្រី ខឹម យ៉ង់ ត្រូវក្រោកពីម៉ោង៤ព្រឹក ដើម្បីរៀបចំធ្វើគ្រឿងនំគូឆាយ។  ជាពិសេសរបរនេះ ត្រូវនៅមុខភ្លើងកំពុងឆេះខ្លាំង និងពេលខ្លះខ្លាញ់ខ្ទាតមកលើមុខអ្នកស្រីទៀតផង។  
 
បន្ថែមពីនេះ ទោះបីជាអ្នកស្រី មានវ័យចំណាស់មែន តែអ្នកស្រីលក់ដូររបរតិចតួចនេះ ដើម្បីរកចំណូលជួយកូនៗ និងផ្គត់ផ្គង់ជីវភាពរបស់អ្នកស្រី។ អ្នកស្រី ខឹង យ៉ង់ សប្បាយចិត្តដែលខ្លួននៅមានកម្លាំងរុញរទះលក់នំគូឆាយ គ្រាន់ចិញ្ចឹមជីវីត៕
 

Tag:
 អ្នកលក់នំគូឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com