ជាតិ
គណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ រៀបចំការប្រកួតថតវីដេអូខ្លី ដើម្បីជំរុញសក្ដានុពលទេសចរណ៍កម្ពុជា
28, May 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ «មាតុភូមិខ្ញុំ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤» ជាប្រធានបទប្រកួតវីដេអូខ្លី ដែលគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំឡើងដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលឆ្នេរសមុទ្រ ព្រែកស្អាត និងអេកូទេសចរណ៍កម្ពុជាបន្ថែមទៀត។ កម្មវីធីប្រកួតប្រជែងថតវីដេអូនេះ អនុញ្ញាតឱ្យសាធារណជន ជាពិសេសយុវជនអាចចូលរួមបានដោយសេរី។



លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់ថា កម្មវីធីប្រកួតប្រជែងថតវីដេអូខ្លី ក្រោមប្រធានបទ «មាតុភូមិខ្ញុំ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤» នឹងអាចបណ្តុះគំនិតស្រឡាញ់ជាតិមាតុភូមិ ឆ្លុះបញ្ចាំងពីការថែរក្សា និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងព្រែក តាមរយៈសកម្មភាពទេសចរណ៍ និងផ្សព្វផ្សាយពីសក្តានុពលព្រែក និងឆ្នេរទាំង៤​ នៅកម្ពុជា។
 
ចំពោះលក្ខខណ្ឌចូលរួមប្រកួត ត្រូវបានបែងចែកជា២ដំណាក់កាល ដោយបេក្ខជនត្រូវផលិតវីដេអូខ្លីមិនលើសពី៣នាទី បង្ហាញពីទេសចរណ៍តំបន់ឆ្នេរសមុទ្រនានា និងព្រែក ហើយបង្ហោះលើគណនីហ្វេសប៊ុក និងតិកតុកផ្ទាល់ខ្លួន ភ្ជាប់ជាមួយ Hastage មួយចំនួនដូចជា #videocompetition #beachandstream #tourismcambodia #Coastalzone #beachesofCambodia #CambodiaBay ដើម្បីគណៈកម្មាការតាមដាន និងវាយតម្លៃក្នុងដំណាក់កាលទីមួយ។ 
 
បន្ទាប់មកវីដេអូល្អជាងគេក្នុងចំណោមបេក្ខជនប្រកួតទាំងអស់ នឹងត្រូវបានវាយតម្លៃដោយគណៈកម្មការកិត្តិយស ហើយបង្ហាញលើបណ្ដាញសង្គមរបស់កម្មវិធីប្រឡងប្រណាំង ដើម្បីទទួលមតិ និងការវាយតម្លៃបន្ថែម ក្នុងដំណាក់កាលទីពីរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបន្តថា ការប្រកួតប្រជែងវីដេអូខ្លីនេះ ជ្រើសរើសជ័យលាភីចំនួន៦ លើផ្នែក Cinematic ចំនួន៣ និងផ្នែកឌីជីថល ចំនួន៣។
 
វីដេអូល្អបំផុតចំនួន៣ លើផ្នែក Cinematic នឹងត្រូវជ្រើសរើសជាម្ចាស់ជ័យលាភី ដោយលេខ១ ទទួលបានវិញ្ញាបនបត្រ និងថវិកា៤លានរៀល, ជ័យលាភីលេខ២ ចំនួន២លានរៀល និងលេខ៣ ចំនួន១លានរៀល។ ចំណែកឯវីដេអូប្រភេទ Digital ល្អជាងគេបំផុតចំនួន៣ នឹងត្រូវជ្រើសរើសជាម្ចាស់ជ័យលាភី ដោយលេខ១ ទទួលបានវិញ្ញាបនបត្រ និងថវិកា២លានរៀល,លេខ២ ចំនួន​១លានរៀល និងលេខ៣ ចំនួន៥០ម៉ឺនរៀល។
 
លោក នី ផល្លី លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមប្រកួតឱ្យបានច្រើន ដើម្បីជំរុញដល់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងព្រែករបស់កម្ពុជាកាន់តែច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ 
 
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចូលរួមប្រកួតនេះអាចចុះឈ្មោះតាមរយៈ Google Form ដែលមានតំណភ្ជាប់ https://forms.gle/3MjDo4bnEF04ZRPv6 ៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com