ជាតិ
ដំណឹងល្អ! ប្រទះឃើញកូនផ្សោតក្បាលត្រឡោកកើតថ្មីមួយក្បាលនៅសហគមន៍នេសាទព្រែកត្នោត
01, Jun 2024 , 9:39 pm        
រូបភាព
រូបភាពពី៖ អង្គការអភិរក្សសមុទ្រកម្ពុជា
រូបភាពពី៖ អង្គការអភិរក្សសមុទ្រកម្ពុជា
អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញកូនផ្សោតក្បាលត្រឡោកកើតថ្មីមួយក្បាលកាលពីថ្ងៃទី៣១ ខែឧសភា ក្នុងភូមិសាស្ត្រសហគមន៍នេសាទព្រែកត្នោត ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។  អ្នកអភិរក្ស កំពុងតាមដានកូនផ្សោតក្បាលត្រឡោក ដែលត្រូវបានប្រទះឃើញហែលលេងក្នុងចំណោមហ្វូងសត្វផ្សោតឃ្លៀចនេះ។


 
តាមការបញ្ជាក់របស់ អង្គការអភិរក្សសមុទ្រកម្ពុជា កូនផ្សោតមួយក្បាលដែលប្រទះឃើញ វាអាចជាករណីនៃការចិញ្ចឹមកូនជំនួស និងការមើលថែរក្សាមិនមែនជាមេរបស់វា។ ករណី នេះ វាអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ  ឬពូជខុសគ្នា ទោះបីវាកម្រក៏ដោយ។ 
 
«កូនផ្សោតក្បាលត្រឡោក ដែលកំពុងហែលជាមួយសត្វផ្សោតឃ្លៀចនេះ  វាក៏អាចជាអាកប្បកិរិយាបែបហិង្សាទាក់ទងនឹងការបន្ដពូជផងដែរ»។ នេះជាការសន្និដ្ឋានរបស់អង្គការអភិរក្សសមុទ្រកម្ពុជា ដែលបានបន្តថាករណីនេះ ត្រូវបានចងក្រងជាឯកសារជាច្រើនដងរវាងប្រភេទសត្វទាំងពីរនេះ ដែលពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឃ្លៀចឈ្មោល ព្យាយាមបំបែកមេ និងកូនចេញពីគ្នា។ 
 
ទោះយ៉ាងណា អង្គការអភិរក្សសមុទ្រកម្ពុជា នឹងបន្តតាមដានសកម្មភាពរបស់កូនផ្សោតនេះ មុននឹងធ្វើសេចក្តីសនិដ្ឋានជាក់លាក់ ខណៈដែលអ្នកអភិរក្ស ជឿថាកូនផ្សោតនេះ នៅត្រូវបានមេរបស់វាជាអ្នកបំបៅ។  
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ រស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)៕ 

Tag:
 កូនផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com