ជាតិ
អាជីវកម្ម១០កន្លែងនៅបាត់ដំបង ស្ម័គ្រចិត្តមិនលក់គ្រឿងស្រវឹង និងបារីឱ្យក្មេងអាយុក្រោម១៨ឆ្នាំ
02, Jun 2024 , 11:59 am        
រូបភាព
រូបភាពពី៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។
រូបភាពពី៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។
ម្ចាស់ហាងលក់ដូរ ចំនួន១០កន្លែង នៅក្នុងក្រុងបាត់ដំបង និងស្រុកបវេល បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការ មិនលក់គ្រឿងស្រវឹង និងបារីដល់សិស្សសាលា ឬក្មេងក្រោមអាយុ១៨ឆ្នាំ។ មិនត្រឹមតែចូលរួមក្នុងយុទ្ធនាការយុទ្ធនាការ« មិនលក់គ្រឿងស្រវឹង និងបារីដល់សិស្ស ឬក្មេងក្រោមអាយុ១៨ឆ្នាំ» នេះនោះទេ  ម្ចាស់ហាងលក់ដូរទាំង១០កន្លែង ក៏ទទួលលើកស្លាកសញ្ញា មិនលក់គ្រឿងស្រវឹង និងបារីដល់អ្នកដែលមានវ័យក្រោម១៨ឆ្នាំ នៅអាជីវកម្មដ្ឋានរបស់ខ្លួនដែរ។ យុទ្ធនាការនេះ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សហការជាមួយអង្គការគ្រិតភីសកម្ពុជា។

 
លោក ឃី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ម្ចាស់អាជីវកម្មដែលចូលរួមយុទ្ធនាការមិនលក់គ្រឿងស្រវឹង និងបារី ទាំង១០កន្លែងនោះ មាន៤កន្លែង នៅក្រុងបាត់ដំបងនិង ៦កន្លែងនៅ ស្រុកបវេល។
 
បើតាម ឃី សុងគី មន្ទីរអប់រំខេត្តបាត់ដំបង  បានអនុវត្តន៍យុទ្ធនាការ មិនលក់គ្រឿងស្រវឹង និងបារីដល់សិស្ស ឬក្មេងក្រោមអាយុ១៨នេះ  ប្រមាណ២ឆ្នាំមកហើយ ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្ស ជាពិសេសការបរិភាគគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ 


ម្ចាស់ហាងដែលទទួលបានស្លាកសញ្ញាមិនលក់គ្រឿងស្រវឹង និងបារី។ រូបភាពពី៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
 
ក្រៅពីផ្សព្វផ្សាយទៅដល់អាជីវករ កុំឱ្យលក់គ្រឿងស្រវឹង និងបារី ដល់សិស្ស និងមនុស្សវ័យក្រោម១៨ឆ្នាំ មន្ទីរអប់រំខេត្តបាត់ដំបង ដ៏ដាក់ចេញបំរាមលក់ដូរដូចគ្នានេះនៅតាមគ្រឹះស្ថានសិក្សានានាផងដែរ។  បើតាម បើតាម ឃី សុងគី គ្រឹះស្ថានដែលបាន និងកំពុងអនុវត្តន៍យុទ្ធនាការនេះ រួមមានវិទ្យាល័យក្ដុលដូនទាវ, អនុវិទ្យាល័យវត្តគរ, វិទ្យាល័យល្វា, អនុវិទ្យាល័យព្រៃខ្ពស់ និងអនុវិទ្យាល័យខ្នាចរមាស។ 
 
«បើក្មេងក្រោមអាយុ១៨ឆ្នាំ ប្រើប្រាស់គ្រឿងស្រវឹង ធ្វើឱ្យពួកគេគ្មានសមត្ថភាព ពិបាកគ្រប់គ្រងខ្លួនឯង និងផ្លាញអនាគតខ្លួនឯងទៀតផង»។ ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងរូបនេះ បញ្ជាក់ដូច្នេះ មុននឹងបន្តបញ្ចុះបញ្ចូលអាជីវករផ្សេងទៀត កុំឱ្យលក់គ្រឿងស្រវឹង និងបារី ឱ្យសិស្សសាលា និងក្មេងអាយុក្រោម១៨ឆ្នាំ។
 
សម្រាប់ លោក ឃី សុងគី ការមិនគ្រឿងស្រវឹង និងបារី ឱ្យសិស្សសាលា និងក្មេងអាយុក្រោម១៨ឆ្នាំ គឺជាការចូលរួមលើកកម្ពស់គុណភាពអប់រំ កាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់យុវជន និងលើកកម្ពស់សុខុមាលភាពទំពាំងស្នងឫស្សីកម្ពុជា៕
 

Tag:
 ខេត្តបាត់ដំបង
  មិនលក់ដូរស្រា
© រក្សាសិទ្ធិដោយ thmeythmey.com