ជាតិ
កុមារា តិច ពុទ្ធារ័ត្ន វ័យត្រឹម១៣ឆ្នាំ ចង់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា
02, Jun 2024 , 4:59 pm        
រូបភាព
កុមារា តិច ពុទ្ធារ័ត្ន ម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ២០២៣
កុមារា តិច ពុទ្ធារ័ត្ន ម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ២០២៣
ភ្នំពេញ៖ កុមារា តិច ពុទ្ធារ័ត្ន គឺជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដកម្ពុជា ឆ្នាំ២០២៣។ កាលទៅប្រ ឡង កុមារា ពុទ្ធា រ័ត្ន ទើបតែចូលរៀនបច្ចេកវិទ្យាបង្កើតរ៉ូបូត ជាមួយ Genesis Academy បាន៣ខែតែប៉ុណ្ណោះ។ ទោះបីជារយៈពេលខ្លី តែ កុមារាអាយុ១៣ឆ្នាំរូបនេះ មានសមត្ថភាពខ្ពស់ អាចបង្កើតរ៉ូបូត «smart home» តែម្នាក់ឯងបានជោគជ័យ។ ផ្តើមចេញពី ជោគជ័យ កុមារា តិច ពុទ្ធារ័ត្ន នៅតែបន្តសិក្សា ពង្រឹងសមត្ថភាពបច្ចេកវិទ្យានេះបន្ថែមទៀត ដោយសង្ឃឹមថា ខ្លួនអាចចូលរួម ជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ពិសេសជំរុញវិស័យកសិកម្មឱ្យជឿនលឿន តាមរយៈការបង្កើតឧបករណ៍ស្វ័យប្រវត្តិ នានានៅពេលអនាគត។

 
កុមារា តិច ពុទ្ធារ័ត្ន មានចំណូលចិត្តខ្លាំងនឹងបច្ចេកវិទ្យា ហើយរូបគេ ក៏កំពុងយកចិត្តទុកដាក់សិក្សារៀនសូត្រ និងស្រាវជា្រវពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ។ បច្ចុប្បន្នកុមារាវ័យ១៣ឆ្នាំរូបនេះ មានសមត្ថភាពផលិតរ៉ូបូត និងសរសេរកម្មវិធីទូរសព្ទដៃជាដើម ហើយ ក៏បានចូល ប្រកួតរ៉ូបូត ហើយថែមទាំងទទួលបានជ័យលាភីផងដែរ។
 
កុមារាវ័យ១៣ឆ្នាំ ដែលស្រឡាញ់ និងចូលចិត្តផ្នែកបច្ចេកវិទ្យារូបនេះ បានលើកឡើងថា រ៉ូបូតដែលខ្លួនផលិត ក្រោយសិក្សាបានរយៈពេល៣ខែ ទទួលបានជ័យលាភីលេខ១ ក្នុងវិញ្ញាសា Future Innovators-Junior Category នៃកម្មវិធីប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ កាលពីឆ្នាំ២០២៣។ រ៉ូបូតដែលកុមាររូបនេះផលិតឡើង ឈ្មោះ «smart home» ដែលមានតួនាទីជំនួសការងារមួយចំនួនរបស់មនុស្ស អាចស្រោចទឹកដាំណាំ ឬជុំវិញផ្ទះបានដោយ ប្រើប្រាស់តែកម្មវិធីទូរសព្ទដៃប៉ុណ្ណោះ។ 
 
«ខ្ញុំស្រលាញ់ និងចូលចិត្តធ្វើរ៉ូបូតនេះ តាំងអាយុ៩ឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារតែខ្ញុំនៅក្មេងពេក ទើបប៉ារបស់ខ្ញុំមិនឱ្យចូលរៀន។ ខ្ញុំបានព្យាយាមធ្វើយ៉ាងណា ឱ្យប៉ាខ្ញុំទុកចិត្ត រហូតខ្ញុំបានចូលរៀនបង្កើតរ៉ូបូតជាមួយ Genesis Academy។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ រយៈពេល៣ខែ ព្រោះតែការស្រលាញ់ និងឆន្ទៈ បានធ្វើឱ្យខ្ញុំទទួលជោគជ័យ»។ 


រ៉ូបូតsmart home
 
ការសម្រេចចូលរៀនដំបូង គ្រួសាររបស់ តិច ពុទ្ធារ័ត្ន ហាក់មិនសូវទុកចិត្តនឹងខ្លួននោះទេ ដោយសារតែ ពុទ្ធារ័ត្ន នៅក្មេងពេក។ ប៉ុន្តែហេតុតែស្រឡាញ់ធ្វើឱ្យកុមារារូបនេះ ព្យាយាម បកស្រាយជាច្រើនហេតុផល រហូតគ្រួសារពេញចិត្ត និងជួយថវិកាទិញសម្ភារធ្វើរ៉ូបូត ឱ្យ ទៀតផង។ ដោយឡែកការសិក្សាជាមួយ Genesis Academy បានខិតខំស្រាវជ្រាវជាច្រើន តាមរយៈ ការសសេរកូដក្នុងកុំព្យូទ័រ សម្រាប់ផលិតរ៉ូបូត «smart home»   និងរ៉ូបូតផ្សេងទៀត។
 
សម្រាប់ តិច ពុទ្ធារ័ត្ន ការផលិតរ៉ូបូតពិតជាស្មុគស្មាញមែន ប៉ុន្តែរូបគេ ពុទ្ធារ័ត្ន នៅតែមិននឿយណាយ ក្នុងការស្រាវជ្រាវ និងដំឡើងរ៉ូបូតនោះទេ ព្រោះតែក្តីស្រឡាញ់។ ម្យ៉ាងទៀត កុមារារូបនេះ  យល់ថាបច្ចេកវិទ្យា ពិតជាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដូចជាការអភិវឌ្ឍឧបករណ៍ ម៉ាស៊ីនស្វ័យប្រវត្តិ ជួយក្នុងការងារប្រចាំថ្ងៃ ក៏ដូចជាក្នុងឧស្សាហកម្មផ្សេងៗជាដើម។ 
 
លើសពីនេះ ពុទ្ធារ័ត្ន ក៏បញ្ជាក់ដែរថា ការងារនេះ ក៏ផ្តល់ឱកាសឱ្យខ្លួន បានប្រកួតប្រជែងសមត្ថភាពបច្ចេកវិទ្យានេះ ជាមួយសិស្សសាលាផ្សេងទៀតដែរ ដែលពុំសូវមានកុមារក្មេងៗចូលរួមក្នុងវិស័យនេះច្រើននៅឡើយ។ «អំឡុងពេលខ្ញុំចូលមកក្នុងវិស័យបច្ចេកវិទ្យា ឃើញថាអត់សូវមានក្មេងតូចៗ ក្រោម១០ឆ្នាំនោះទេ។ សូម្បីប៉ារបស់ខ្ញុំ ក៏គិតថាខ្ញុំក្មេងមិនអាចធ្វើបាននោះដែរ។ ប៉ុន្តែខ្ញុំចង់បង្ហាញឱ្យ គាត់ឃើញថា ខ្ញុំអាចធ្វើបាន និងផ្តល់ជាសមិទ្ធផលឱ្យគាត់ឃើញ។»។ នេះជាការបញ្ជាក់ របស់ កុមារា តិច ពុទ្ធារ័ត្ន។ 
 
ដោយឆ្លងកាត់បទពិសោធន៍សិក្សាជិត១ឆ្នាំ បូករួមទាំងការប្រឹងប្រែង និងហ៊ានសម្រេចចិត្ត ជ្រើសយកជំនាញ Arduino course តាមក្តីស្រលាញ់របស់ខ្លួន ពុទ្ធារ័ត្ន បានតាំងចិត្តប្រឹង ប្រែងបន្តទៀត ក្នុងការសិក្សាស្រាវជ្រាវទាក់ទងនឹងបច្ចេកវិទ្យានេះ។ កុមារា ពុទ្ធារ័ត្ន អះអាងថា រូបគេនឹងបន្តបង្កើតរ៉ូបូតផ្សេងៗទៀត ដែលមានមុខងារទាក់ទងទៅនឹងកសិកម្ម ព្រោះចង់ចូលរួមជំរុញឱ្យវិស័យកសិកម្មនៅកម្ពុជា មានភាពជឿនលឿន និងងាយស្រួលជាងមុន ឈានទៅរកបច្ចេកវិទ្យាទំនើបជំនួស កម្លាំងមនុស្ស។
 
កុមារាវ័យ១៣ឆ្នាំរូបនេះ ក៏សង្ឃឹមដែរថា រូបគេនឹងក្លាយជាឧទារហ៍មួយ ជំរុញ ក៏ដូចជាលើកទឹកចិត្ត ក្មេងៗដទៃទៀត ឱ្យបន្តប្រឹងប្រែង និងហ៊ានសម្រេចចិត្តជ្រើសយកជំនាញដែលខ្លួន ស្រលាញ់៕ 
 

រ៉ូបូតsmart home

 

Tag:
 រ៉ូបូត
  កសិកម្ម
  តិច ពុទ្ធារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com