ជាតិ
រយៈពេល៥ខែ ភ្នំឱរ៉ាល់ បានទាក់ទាញចិត្តទេសចរជិត២ពាន់នាក់
02, Jun 2024 , 9:39 pm        
រូបភាព
ភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា មានសម្រស់ទេសភាពដ៏ស្រស់ត្រកាល និងបានទាក់ទាញចិត្តទេសចរឱ្យឡើងភ្នំច្រើនជាងមុន។ រយៈពេល៥ខែ នៃឆ្នាំ២០២៤ ភ្នំឱរ៉ាល់ មានភ្ញៀវទេសចរជាតិ និងបរទេស បានទៅធ្វើដំណើរកម្សាន្តផ្សងព្រេងចំនួន ១ ៩៣២នាក់ កើនឡើងប្រមាណ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។



ភ្នំឱរ៉ាល់ មានកន្លែងស្អាតៗសម្រាប់ទស្សនា និងសម្រសទឹកធ្លាក់ខ្ពស់ៗ ដែលមិនសូវមានភ្ញៀវទេសចរទៅដល់។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធនៅលើភ្នំឱរ៉ាល់ ត្រូវបានអភិវឌ្ឍន៍ជាច្រើនដែលមាន បន្ទប់ទឹក រោងដាំបាយ កន្លែងសម្រាប់ចងអង្រឹង និងជាច្រើនទៀតផងដែរ។ ជាមួយគ្នានេះ លោក ឈឺន ឈីម មគ្គុទ្ទេសក៍នៅភ្នំឱរ៉ាល់ បានលើកឡើងថា កំណើនទេសចរទៅកម្សាន្តនៅតំបន់ភ្នំឱរ៉ាល់ បានធ្វើឱ្យសហគមន៍របស់លោកមានការអភិវឌ្ឍន៍ជាងមុន។

ការដើរកម្សាន្តបែបផ្សងព្រេង ជាដំណើរកម្សាន្តដ៏ពេញនិយម ប៉ុន្តែជាធម្មតាការឡើងភ្នំផ្សងព្រេងមិនថាក្នុងរដូវប្រាំង ឬរដូវវស្សាសុទ្ធតែមានឧបសគ្គ។ ឧបសគ្គប្លែក និងខុសគ្នា ដោយសាររដូវវស្សាមានភ្លៀង ដែលនាំឱ្យមានឧបសគ្គច្រើនជាងរដូវប្រាំង។ លោក ឈឺន ឈីម បន្តថា ៖ «ទេសចរដែលមកកម្សាន្តភ្នំឱរ៉ាល់ នារដូវវស្សា គួរត្រៀមសម្ភារសម្រាប់ឆ្លងកាត់អូរស្ទឹង និងសហគមន៍នាំផ្លូវឱ្យបានត្រឹមត្រូវ ដែលមានបទពិសោធន៍ដើរភ្នំ និងត្រៀមសំម្ភារដើរភ្នំឱ្យបានត្រឹមត្រូវមុនទៅកម្សាន្ត ដើម្បីធានាសុវត្ថិភាពខ្លួនឯង»។


ទេសភាពពេលព្រឹក ជើងភ្នំឱរ៉ាល់

យ៉ាងណាមិញ នារដូវវស្សានេះ លោក ឈីម ក៏បារម្ភពីការធ្លាក់ចុះចំនួនភ្លៀវទេសចរទៅកម្សាន្តនៅភ្នំឱរ៉ាល់ ដោយសារតែជាធម្មតាមានភ្លៀងធ្លាក់ អាចរអិលធ្វើឱ្យទេសចរពិបាកឡើង។ លើសពីនេះ សហគមន៍របស់លោក កំពុងខិតខំ អភិវឌ្ឍតំបន់ទេសចរណ៍ភ្នំឱរ៉ាល់ឱ្យកាន់តែស្រស់ស្អាត និងមានសេវាកម្មច្រើនជាងនេះ។

ភ្នំឱរ៉ាល់ បានក្លាយជាគោលដៅទេសចរណ៍មួយ ក្នុងចំណោមគោលដៅទេសចរណ៍បែបឡើងភ្នំផ្សងព្រេង ដទៃទៀតនៅកម្ពុជា។ ដើម្បីរក្សាសោភ័ណភាពស្រស់ស្អាត និងខៀវស្រងាត់ នៅភ្នំឱរ៉ាល់ លោក ឈឺន ឈីម សំណូមពរដល់ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តលេងទាំងអស់ ចូលរួមថែក្សាបរិស្ថាន អនាម័យទាំងអស់គ្នា៕
 

Tag:
 ទេសចរណ៍
  ភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com