ជាតិ
ឱ្យ​កូនមើលទូរសព្ទ ដើម្បីលួង និង​កុំឱ្យរំខានការងារខ្លួន ជាជម្រើសត្រឹមត្រូវដែរទេ?
04, Jun 2024 , 8:29 am        
រូបភាព
ភ្នំពេញ៖ ដោយសារតែជាប់រវល់ការងារ​ និងការរកស៊ីនោះ ម្ដាយឪពុក​​ និងអាណាព្យាបាល បានបណ្ដោយឱ្យកូន ដែលមានវ័យក្រោម៥ឆ្នាំ មើលទូរសព្ទ ដើម្បីបញ្ចៀសការរំខានដល់កិច្ចការងារពួកគេ។ មធ្យោបាយឱ្យក្មេងមើលទូរសព្ទ ដើម្បីបន្លប់អារម្មណ៍នេះ វាជម្រើសមួយដ៏ល្អ។ ប៉ុន្តែមធ្យោបាយបែបនេះ វាកំពុងបង្កផលប៉ះពាល់ទៅដល់ការអភិវឌ្ឍខួរក្បាល និងភ្នែករបស់កុមារ។ 

 
អ្នកស្រី ពេជ្រ ចាន់លីដា តែងតែឱ្យកូនមើលទូរសព្ទកម្សាន្តលេង ដើម្បីកុំឱ្យពួកគេរពឹស ឬរំខានការងាររបស់អ្នកស្រី។ អ្នកស្រី លីដា បានកត់សម្គាល់ថា នៅពេលកូនអ្នកស្រី មើលទូរសព្ទនោះ ពួកគេតែងតែអង្គុយនៅស្ងៀម ដែលផ្ដល់ភាពងាយស្រួលដល់អ្នកស្រី បំពេញការងារ។ ដ្បិតវាជាមធ្យោបាយមួយដ៏ល្អក្តី ប៉ុន្តែអ្នករស់នៅភ្នំពេញរូបនេះ ក៏បារម្ភពីបញ្ហាសុខភាពភ្នែក និងខួរក្បាលកូនដែរ។ 
 
«នៅពេលកូនរបស់ខ្ញុំមើលទូរសព្ទ គាត់មិនសូវចាប់អារម្មណ៍ខ្ញុំហៅគាត់នោះទេ។ ខ្ញុំបារម្ភពីទំនាក់ទំនងជុំវិញខ្លួនរបស់គាត់  និងធ្វើឱ្យស្រវាំងភ្នែក រោយភ្នែក ម្ញូប ឈឺក្បាលរបស់គាត់»។ នេះជាការបន្ថែមរបស់ អ្នកស្រី ពេជ្រ ចាន់លីដា។ 
 
ជាធម្មតា ស្រី្តវ័យ៣៨ឆ្នាំរូបនេះ ផ្ដល់ពេលវេលាឱ្យកូនស្រីតូច២នាក់របស់ខ្លួន មើលឧបករណ៍អេឡិចត្រូនិកនេះ ចន្លោះពី៣០នាទី ទៅ១ម៉ោង ក្នុងមួយថ្ងៃ។ អ្នកស្រី ពេជ្រ ចាន់លីដា បានអះអាងថា ការបែងចែក និងកំណត់ពេលវេលាបែបនេះ ដោយសារខ្លួនបារម្ភខ្លាចកូនប្រើប្រាស់ទូរសព្ទខុសទិសដៅ និងមានហានិភ័យផ្សេងៗ ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ 
 
មិនខុសពីអ្នកស្រី ពេជ្រ ចាន់លីដា ប៉ុន្មាននោះទេ អ្នកស្រី គុយ វាន្នី  ក៏និយមឱ្យកូនមើលទូរសព្ទផងដែរ។ អ្នកស្រី គុយ វាន្នី ឱ្យកូនប្រើប្រាស់ទូរសព្ទសម្រាប់កម្សាន្ត តែនៅពេលល្ងាចប៉ុណ្ណោះ។ អ្នកស្រី វាន្នី ឱ្យកូនមើលទូរសព្ទ ២០នាទីក្នុងមួយថ្ងៃ។ អ្នកស្រី គុយ វាន្នី បានលើកឡើងថា បើមិនបានកំណត់ពេលវេលាត្រឹមត្រូវ អប់រំ និងពន្យល់ ពីផលអាក្រក់នៃការប្រើប្រាស់ទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិតដល់កូនទេ វានឹងនាំឱ្យកូនមានបញ្ហាប្រឈមនាអនាគត។ 
 
ស្រ្តីវ័យ៣៤ឆ្នាំរូបនេះ បន្តថា៖ ​«ខ្ញុំបារម្ភខ្លាំង ពីផលប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល ភ្នែក​ខ្សោយ ឆាប់ខឹងមួរម៉ៅ និងឈឺក្បាល ដោយសារកូន​មើល​ទូរស័ព្ទ ទៅ​ជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជំនួស​​មក​​វិញ​​នូវ​​ភាព​​ឯកោ»។ 



ទូរ​សព្ទ​ឆ្លាត​វៃ ឬ​ហៅថា Smart Phone គឺជា​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ពេញនិយម​សម្រាប់​បំពេញតម្រូវការ​របស់​មនុស្ស នាពេល​បច្ចុប្បន្ន​។ ដោយសារតែ​លក្ខណៈពិសេស និង​ផ្តល់​ភាពងាយស្រួល​ដល់អ្នកប្រើប្រាស់ ជាពិសេសយុវជន​បាន​ចំណាយពេល​ប្រើប្រាស់​ទូរស័ព្ទ​ឆា្លត​វៃ​ជាច្រើន​ម៉ោង ក្នុង​មួយថ្ងៃៗ។ ជាមួយគ្នានេះ កុមារមួយចំនួនធំ ក៏ត្រូវបានឪពុកម្ដាយ បណ្ដោយឱ្យប្រើប្រាស់ទូរសព្ទ​ឆា្លតវៃនេះ ​ដើម្បីទស្សនាវីដេអូកុមារ បន្លប់អារម្មណ៍ និងការរំខានដល់ការងារពួកគេ។
 
កុមារមើល​ទូ​ស័​រ​ព្ទច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ ប្រាកដជា​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​រាងកាយ ជាពិសេស​គឺ​ភ្នែក​។ ចំពោះ​កុមារ ការប្រើ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​នេះ ពុំបាន​ត្រឹមត្រូវ នឹង​បង្ក​ទៅ​ជា​ម្ញូ​ប​ភ្នែក​ ជាពិសេសធ្វើ​ឱ្យ​ភ្នែក​ស្ងួត​​, ក្តៅ​​ក្រហាយ​ភ្នែក​, ហៀរ​ទឹកភ្នែក និង​ឆាប់​រោយ​ភ្នែក​ជាដើម​។  នេះបើតាម លោក​បណ្ឌិត អ៊ី លីម៉ា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអស៊ីអស៊ី។
 
លោកវេជ្ជបណ្ឌិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​កុមារមើល​ទូរស័ព្ទ​កាន់តែ​ច្រើន ​ផល​ប៉ះពាល់​កាន់តែច្រើន តាមរយៈ​ពន្លឺ​សិប្បនិម្មិត ប្រសិនបើប្រើ​​វា​ពុំបាន​ត្រឹមត្រូវ​​។​ នៅពេលកុមារ​ប្រឹង​​សម្លឹងមើល​ទូរស័ព្ទ​ដោយនៅ​ជិត និង​ប្រើ​រយៈពេល​ច្រើន​ម៉ោង​ជាប់​គ្នា នោះ​នឹងធ្វើ​ឱ្យ​ភ្នែក​ហត់នឿយ ព្រមទាំង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទៀត​»។
 
បើតាមលោកបណ្ឌិត អ៊ី លីម៉ា នៅពេលកុមារមើលទូរសព្ទច្រើនពេក ក៏បណ្តាលឱ្យកុមារពិបាកនិយាយស្ដីជាមួយមនុស្សជុំវិញខ្លួន ជាពិសេសមិនមានទំនាក់ទំនងជាមួយអ្នកដទៃ និងអាចកើតជំងឺបាក់ទឹកចិត្តទៀតផង។ លោកបណ្ឌិត អ៊ី លីម៉ា បន្តថា៖«អាណាព្យាបាលមិនគួរឱ្យកូនមើលទូរសព្ទ ដើម្បីខ្លួនអាចធ្វើការងារបានស្រួលនោះទេ។ អាណាព្យាបាល គួរតែឱ្យកូនៗលេងកម្សាន្តផ្សេង ជៀសវៀងមើលទូរសព្ទ»។
 
ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ភ្នែក តាមរយៈ​ការមើល​ទូរស័ព្ទ​ឆ្លាត​វៃ លោក ​បណ្ឌិត អ៊ី លីម៉ា បានផ្តល់​យោបល់​ថា ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​នូវ​អ្វីដែល​មិនចាំបាច់​ និងជៀសវាង​ការមើល​ជិត​ពេក ជាពិសេសត្រូវ​សម្រាក​ភ្នែក​ឱ្យ​បាន​១០ ​ទៅ​១៥​នាទី​ម្តង ដោយ​សម្លឹង​មើលទៅ​ឆ្ងាយ​។
 
ដ្បិតការប្រើប្រាស់ប្រព័ន្ធទូរសព្ទ ឬអ៊ីធឺណិតច្រើន មានផលប៉ះពាល់ដល់កុមារក្តី។ ប៉ុន្តែវាក៏មានចំណុចវិជ្ជមាន ក្នុងការប្រើប្រាស់ត្រឹមត្រូវ។ ជាការប្រើប្រាស់ឱ្យបានត្រឹមត្រូវនោះ អ្នកស្រី ពេជ្រ ចាន់លីដា បានឱ្យកូនស្រីតូច២នាក់របស់ខ្លួន មើលមេរៀន និងភាសាខ្មែរតាមទូរសព្ទ។ បើតាមអ្នកស្រី លីដា ទូរសព្ទក៏មានគុណសម្បត្តិ ជួយកូនៗរបស់អ្នកស្រី ឱ្យចេះភាសាបរទេស តាមរយៈស្ដាប់សំឡេងដែរ បើទោះវាអាចបង្កបញ្ហាប្រឈមក្តី។ 
 
យ៉ាងណាមិញ  អ្នកស្រី គុយ វាន្នី ក៏យល់ថា ការ​លេង​ទូស័ព្ទ​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ បើសិន​ជាឱ្យកូន​​ប្រើប្រាស់​ត្រឹម​ត្រូវ, កំណត់​ពេល​ច្បាស់​លាស់ និងចាំ​ជួយ​ពន្យល់​ប្រាប់កូនៗ គឺ​អាចជួយ​ឱ្យពួកគេ​ឆ្លាត​វៃ​ទៀត​ផង។ ក្រៅពីនេះ ក្នុងនាមជាអាណាព្យាបាល គួរតែកាត់បន្ថយរយៈពេលកូនលេងទូរស័ព្ទម្ដងបន្ដិចៗ ហើយត្រូវកំណត់កាលវិភាគឱ្យពួកគេប្រើប្រាស់ឱ្យបានត្រឹមត្រូវ៕

Tag:
 កុមារមើលទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com