កីឡាជាតិ
ជាតិ
កុមារកម្ពុជា ជាកម្លាំងចិត្តលោក​ ទីវ តារារិទ្ធិ ជិះកង់ទៅទ្វីបអឺរ៉ុប លើចម្ងាយផ្លូវជាង២ម៉ឺនគីឡូម៉ែត្រ
04, Jun 2024 , 4:39 pm        
រូបភាព
រូបផុស្ទើ ពីលោក ទីវ តារ៉ារិទ្ធិ
រូបផុស្ទើ ពីលោក ទីវ តារ៉ារិទ្ធិ
លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌ នឹងជិះកង់ទៅទ្វីបអឺរ៉ុប  ដោយគ្រោងឆ្លងកាត់ ២៥ប្រទេស លើចម្ងាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ។ អ្នកផ្សងព្រេងរូបនេះ រំពឹងថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំ ហើយក៏រំពឹងថារៃបានថវិកាលើស ២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ដំណើរផ្សងព្រេងសប្បុរសធម៌នេះ នឹងចាប់ពីផ្ដើមពីព្រឹកថ្ងៃទី៦ ខែមិថុនា នៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។



លោក ទីវ តារារិទ្ធិ នឹងមានបេសកកម្មផ្សេងព្រេងថ្មី ទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់ពីជោគជ័យម្ដងរួចហើយ កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ដោយបានជិះកង់ជុំវិញតំបន់អាស៊ាន។ អ្នកជិះកង់រៃអង្គាសសប្បុរសធម៌រូបនេះ បានជិះឆ្លងកាត់ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ។ ឆ្លងកាត់៦ប្រទេសនេះ លោក តារារិទ្ធិ រៃអង្គាសបានប្រាក់ ៥៦ ២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ 
 
អ្នកជិះកង់វ័យ ៣៥ឆ្នាំរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការជិះកង់ និងការផ្សងព្រេង គឺចំណង់ចំណូលចិត្តខ្លួន។ ដូច្នេះហើយ ការធ្វើដំណើរផ្លូវឆ្ងាយ មិនបានធ្វើឲ្យរូបលោក មានចិត្តចង់បោះបង់ឡើយ។ ម្យ៉ាងវិញទៀត លោក តារារិទ្ធិ បន្ថែមថា ការផ្សងព្រេង ដើម្បីកុមារកម្ពុជា តែងដក់ជាប់ក្នុងចិត្ត និងជាកម្លាំងចិត្តដល់រូបលោកឲ្យបន្ដបេសកកម្មនេះ។
 
«ខ្ញុំ បានរកឃើញអ្វីដែលខ្ញុំស្រឡាញ់ គឺការធ្វើដំណើរ។ ខ្ញុំតែងតែមានបំណងប្រាថ្នា និងក្ដីស្រម៉ៃចង់ធ្វើដំណើរទៅឆ្ងាយ។ ខ្ញុំ តែងតែស្រម៉ៃថា ធ្វើរឿងទាំងអស់នេះហើយ ចូលរួមចំណែកទៅជួយសង្គមជាតិយើងតាមរយៈការរៃអង្គាសប្រាក់ឧបត្ថម្ភកុមារកម្ពុជា។ ខ្ញុំ ធ្លាប់គិតចង់បោះបង់ ប៉ុន្ដែមិនមែនបោះបង់គោលដៅទេ គឺគ្រាន់តែសម្រាក ហើយថ្ងៃស្អែកឡើង ខ្ញុំបន្ដបេសកកម្មនេះ ដដែល ព្រោះខ្ញុំតែទន្ទេញថា ការងារនេះ ដើម្បីកុមារកម្ពុជា។ ពាក្យថា«ដើម្បីកុមារកម្ពុជា» គឺធំណាស់សម្រាប់ខ្ញុំ។ ខ្ញុំ មិនអាចសុំចុះចាញ់បានទេ។ ខ្ញុំអាចចាញ់បានថ្ងៃនេះ ប៉ុន្ដែថ្ងៃស្អែកខ្ញុំត្រូវបន្តការងារនេះទៀត។»។ លោក ទីវ តារារិទ្ធិ បាននិយាយដូច្នេះ។
 
ដំណើរផ្សងព្រេងផ្លូវឆ្ងាយ លែងជាការព្រួយបារម្ភទៀតហើយ ព្រោះលោក តារារិទ្ធិ មានបទពិសោធន៍ធ្វើដំណើរ ឆ្លងកាត់ឧបសគ្គជាច្រើន អស់រយៈពេល ៦-៧ឆ្នាំ។ ក្នុងបទពិសោធន៍ផ្សងព្រេងនោះ បុរសវ័យ ៣៥ឆ្នាំរូបនេះ ធ្លាប់វង្វេងក្នុងព្រៃជ្រៅអស់រយៈពេល ៤-៥ថ្ងៃ ផងដែរ។

ផែនទីជិះកង់របស់ លោក ទីវ តារារិទ្ធិ រូបពី លោក តារារិទ្ធិ

តារារិទ្ធិ គឺជាមនុស្សមានសំណាង ដោយមានកាយសម្បទារឹងមាំ និងមានសុខភាពល្អ។ ក្នុងបេសកកម្មរៃអង្គាសកាលពីឆ្នាំ២០២៣ រូបលោក គ្រាន់តែធ្លាប់គ្រុន និងឈឺបន្ដិចបន្តួចប៉ុណ្ណោះ។ បញ្ហាតិចតួចនោះ មិនបានបង្អាក់ដំណើររបស់លោកឡើយ ព្រោះតារារិទ្ធិ បានត្រៀមថ្នាំ និងសម្ភារៈសង្គ្រោះបឋម តាមជាប់កង់របស់លោក។ «នេះ គឺជាសំណាងរបស់ខ្ញុំ ដែលកើតមកមានកាយសម្បទាល្អបែបនេះ។ ខ្ញុំអាចឈឺដែរ ប៉ុន្ដែគឺឈឺតិចតួចណាស់។ តាមបទពិសោធន៍កន្លងទៅឈឺ ដូចជាគ្រុន ត្រឹម១ថ្ងៃអី គឺអស់ហើយ។ នៅលើកង់របស់ខ្ញុំ គឺមានថ្នាំសម្រាប់សង្គ្រោះបឋម។»។ លោក តារារិទ្ធិ បាននិយាយប្រាប់ដូច្នេះ។
 
បទពិសោធន៍ផ្សងព្រេងពីមុន លោក តារារិទ្ធិ ជួនកាលដេកនៅទីវាល ដែលត្រូវបានគេទុកចោល ឬវាលស្រែ ជាមួយតង់ដែលខ្លួន បានដាក់តាម។ អំឡុងពេលជិះកង់ លោក តារារិទ្ធិ ឆ្លៀតពេលកាត់តវីដេអូ និងផលិតមាតិការមួយចំនួន នូវអ្វីដែលខ្លួន បានជួបប្រទះ ដើម្បីឲ្យអ្នកតាមដានដឹង និងបានបរិច្ចាគមកលើដំណើរសប្បុរសធម៌នេះ។ 
 
ចំពោះដំណើរទៅកាន់ទ្វីបអឺរ៉ុប អ្នកផ្សងព្រេងរូបនេះ មិនអាចទៅបានគ្រប់ប្រទេសទេ ដោយគ្រាន់តែសង្ឃឹមថាអាចទៅបាន ២៥ប្រទេសប៉ុណ្ណោះ ដោយសារតែកត្ដានយោបាយស្ថានភាពប្រទេស និងកត្តាអាកាសធាតុ មិនអំណោយផល ជាដើម។ ក្នុងដំណើរនេះ លោក តារារិទ្ធិ គិតជាមធ្យម មានចម្ងាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ ហើយរំពឹងថានឹងអាចរៃបានថវិកាលើស ២៥ម៉ឺនដុល្លារ។
 
លោក ទីវតារារិទ្ធិ បាននិយាយដូច្នេះ៖«ខ្ញុំ ចង់ទៅឲ្យគ្រប់ប្រទេសនៅទ្វីបអឺរ៉ុប ប៉ុន្ដែស្ថានភាពប្រទេសខ្លះ និងអាកាសធាតុប្រទេសខ្លះ មិនអំណោយផល។ ពេញមួយឆ្នាំ ឬខ្ញុំអាចធ្វើមុនមួយឆ្នាំ។ ខ្ញុំចង់ចំណាយពេលពេញមួយឆ្នាំ លើចម្ងាយផ្លូវយ៉ាងហោចណាស់ ជាង២ម៉ឺនគីឡូម៉ែត្រ។ យើង ដាក់គោលដៅថា យើងចង់បាន២៥ម៉ឺនដុល្លារ ប៉ុន្ដែខ្ញុំជឿថា សាធារណៈជនចូលរួមជាមួយយើង នឹងលើសអ្វីដែលយើងចង់បាន។»៕

Tag:
 ទីវ តារារិទ្ធិ
  សប្បុរសធម៌
  ជិះកង់
© រក្សាសិទ្ធិដោយ thmeythmey.com