ជាតិ
លោក ហ៊ុន ម៉ានី៖ការ​វិភាគមុខងារ នឹង​ជួយ​សន្សំថវិកាជាតិ
05, Jun 2024 , 2:31 pm        
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ការ​វិភាគមុខងារ មាន​សារៈសំខាន់នៅ​ក្នុង​​ការ​កំណែ​ទម្រង់​មុខងារសាធារណៈ។ សម្រាប់​លោក ហ៊ុន ម៉ានីការ​វិភាគមុខងារ​ នឹង​ចូលរួម​ជួយ​សន្សំសំចៃថវិកាជាតិតាម​រយៈ​កាត់បន្ថយ​តួនាទី​ត្រួត​គ្នា​។


 
ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាលនីតិកាលទី៧បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺ ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាព ខ្ពស់ ខ្លាំង វៃឆ្លាត និងទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈស្អាតស្អំ ដើម្បី បម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។
 
សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាង​ក្រោម​ដូចតទៅ៖ 
 
 

ដើម្បី​ឱ្យ​គោល​ដៅនេះ​ទទួល​បាន​នូវ​ភាព​ជោគជ័យ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធាន ការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះរួមមានការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន។ ជាមួយ​គ្នានេះគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈបានណែនាំដល់ក្រសួង ស្ថាប័នឱ្យពិ​និត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ខ្លួនដើម្បីធានាការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់។

រូបភាពពីក្រសួងមុខងារសាធារណៈ

ទាក់​ទង​នឹង​ចំណុច​នេះ លោក ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ ក៏​បាន​លើក​ឡើង ​​ពី​សារៈសំខាន់​នៃ​ការ​វិភាគមុខងារ​ផងដែរ។
 
នៅក្នុង​​វគ្គបណ្ដុះបណ្ដាល ស្តីពីការ ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង-ស្ថាប័ន នៅ​​ថ្ងៃទី​៤ មិថុនា​ លោក ហ៊ុន ម៉ានីមាន​ប្រសាសន៍ថា ការវិភាគមុខងារ នឹងចូលរួមជួយសន្សំសំចៃថវិកាជាតិតាម​រយៈ​ការ​កាត់​បន្ថយ​តួនាទី​ត្រួត​គ្នា​។
  
រូបភាពពីក្រសួងមុខងារសាធារណៈ

«សូមឱ្យគិតគូរទៅលើលក្ខណៈ ធានានិរន្តរភាពនៃរដ្ឋរបស់យើង ក្នុងរដ្ឋបាលសាធារណៈយូរអង្វែរ។ អ្វីដែលយើងធ្វើនៅក្នុងថ្ងៃនេះ ប្រាកដណាស់ស្របទៅតាមចក្ខុវិស័យរបស់ សម្តេចធិបតី។ តែការរៀបចំផ្ទះយើងស្អាត រឹងមាំ មានភាពធន់នេះ យើងធ្វើទុកឱ្យក្មេងៗ ជំនាន់ក្រោយ»។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ 
 
សូម​បញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានគោលបំណងលើកកម្ពស់ដំណើរការនៃក្រសួងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧៕​

Tag:
 ហ៊ុន ម៉ានី
  មុខងារ
  ថវិកា​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com