កីឡាជាតិ
ជាតិ
សំបុត្រទស្សនាការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ តម្លៃ ២ម៉ឺនរៀល និង ៦ម៉ឺនរៀល
05, Jun 2024 , 5:44 pm        
រូបភាព
ការទស្សនាប្រកួតយុទ្ធគុនចម្រុះ ត្រូវបានដាក់ល់សំបុត្រ រូបពី គណៈកម្មាធិការជាតិអូឡាំពិក
ការទស្សនាប្រកួតយុទ្ធគុនចម្រុះ ត្រូវបានដាក់ល់សំបុត្រ រូបពី គណៈកម្មាធិការជាតិអូឡាំពិក
សំបុត្រទស្សនាការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានតម្លៃ២ម៉ឺនរៀលសម្រាប់កៅអីធម្មតា និង៦ម៉ឺនរៀលសម្រាប់កៅអីពិសេស (VIP)។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ការដាក់លក់សំបុត្រទស្សនានេះ មិនមែនរកផលចំណេញទេ ប៉ុន្ដែជាគោលការណ៍កំណត់ដោយសមាគមយុទ្ធគុនចម្រុះអាស៊ី។



កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលជាព្រឹត្តិការណ៍ MMA ប្រចាំទ្វីបដ៏ធំ ដោយមានជាង ២០ប្រទេសចូលរួម ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា។ ព្រឹត្តិការណ៍នេះ ត្រូវបានសមាគមយុទ្ធគុនចម្រុះអាស៊ី ដាក់ឲ្យលក់សំបុត្រចូលទស្សនា។ សំបុត្រសម្រាប់កៅអី VIP ក្នុងថ្ងៃទី១ នៃពិធីបើក ត្រូវនឹងថ្ងៃទី១១ ខែកក្កដា មានតម្លៃ៦ម៉ឺនរៀល ចំណែកថ្ងៃទី២ និងថ្ងៃទី៣ តម្លៃ៤ម៉ឺនរៀល។ ចំពោះកៅអីធម្មតា តម្លៃ ២ម៉ឺនរៀល។
 
យោងលើការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការលក់សំបុត្រនេះ គឺមិនមែនទាញយកប្រយោជន៍ ឬស្វែងរកផលចំណេញពីការរៀបចំការប្រកួតឡើយ ប៉ុន្ដែជាគោលការណ៍សមាគមយុទ្ធគុនចម្រុះអាស៊ី ដើម្បីឱ្យអ្នកទស្សនាមានកន្លែងអង្គុយត្រឹមត្រូវ។
 
លោក វ៉ាត់ ចំរើន បាននិយាយថា៖«ការដាក់លក់សំបុត្រមិនផ្ដោតលើប្រាក់ចំណេញនោះទេ ពោលគឺដើម្បីតែបង្គ្រប់លើការរៀបចំប៉ុណ្ណោះ។ ជាក់ស្ដែង សំបុត្រវីអាយភីមានតម្លៃ៦ម៉ឺនរៀល និងធម្មតាតម្លៃ២ម៉ឺនរៀល។ នេះជាគោលការណ៍សមាគមយុទ្ធគុនចម្រុះអាស៊ី ដើម្បីឱ្យអ្នកទស្សនាមានកន្លែងអង្គុយត្រឹមត្រូវ។»។
 
ការដាក់លក់សំបុត្រ នឹងត្រូវចាប់ពីផ្ដើមពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ ដោយឡែកការប្រកួត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤៕
 

Tag:
 MMA
  យុទ្ធគុនចម្រុះជើងឯកអាស៊ី
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com