កីឡាជាតិ
ជាតិ
ក្រុមបាល់ទះ U-20 កម្ពុជា ត្រូវប្រជែងវៀតណាម ដណ្តើមកៅអីព្រឹត្តិការណ៍ AVC 2024
06, Jun 2024 , 7:59 am        
រូបភាព
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ នឹងត្រូវតទល់ក្រុម U-20 វៀតណាម នៅថ្ងៃទី២៥ ខែមិថុនា ដើម្បីដណ្តើមកៅអីវគ្គចែកពូល ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះអាស៊ី កម្រិតយុវជនអាយុក្រោម ២០ឆ្នាំ (Asian Man’s U20 Volleyball Championship) ឆ្នាំ ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។



កាលពីខែមីនា សហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) បានរៀបចំកម្មវិធីចាប់ពូល ការប្រកួតពានរង្វាន់កីឡាបាល់ទះអាស៊ី កម្រិតយុវជនអាយុក្រោម​ ២០ឆ្នាំ លើកទី២២ ដែលមានក្រុមមួយចំនួនត្រូវឆ្លងកាត់ការប្រកួតប្រជែងវគ្គជម្រុះដើម្បីដណ្តើមកៅអីទៅកាន់ពូលនីមួយៗ ខណៈក្រុមមួយចំនួនធំ ទទួលបានកៅអីស្វ័យប្រវត្តិ។ 
 
ដំបូងឡើយ ក្រុមចំនួន ២១ បានចុះឈ្មោះចូលរួមការប្រកួតប្រជែង ហើយ AVC ជ្រើសរើសយកត្រឹមតែ ១៦ក្រុម ប៉ុណ្ណោះសម្រាប់ការប្រកួត ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
 
​បច្ចុប្បន្នក្រុមដែលមានកៅអីវគ្គចែកពូលស្រាប់ រួមមាន ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, ឆាយនីតៃប៉ិ, កាតា, ឥណ្ឌា, បង់ក្លាដែស, ជប៉ុន, គុយវ៉ែត, កូរ៉េខាងត្បូង និងថៃ។ ក្រុមចំនួន ៨ មកពី ៤តំបន់ជុំវិញទ្វីបអាស៊ី ផ្សេងទៀត នៅមិនទាន់ទទួលបានសំបុត្រឆ្លងទៅកាន់វគ្គចែកពូលនៅឡើយ ដោយតម្រូវឱ្យមានការប្រកួតជម្រុះ។ 
  


ជាក់ស្តែង តំបន់អាស៊ីអាគ្នេយ៍ U-20 កម្ពុជា ត្រូវប្រកួតជាមួយ U-20 វៀតណាម ដើម្បីស្វែងរកកៅអីនៅក្នុងពូល D ដែលមានក្រុម ថៃ និងកូរ៉េខាងត្បូង រង់ចាំជាស្រេច។ នៅក្នុងពូល D ក៏នៅមានការប្រកួតផ្សេងមួយទៀត ដណ្តើមកៅអីដូចគ្នារវាងក្រុម កាហ្សាក់ស្ថាន ប្រជែងទល់នឹងក្រុម អ៊ូសបេគីស្ថាន (ក្រុមមកពីអាស៊ីកណ្តាល)។ 
 
ការប្រកួតជម្រុះធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះ ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣ រហូតដល់ទី ៣០ ខែមិថុនា។ 
 
បច្ចុប្បន្នក្រុមបាល់ទះអាយុក្រោម ២០ឆ្នាំ របស់កម្ពុជា កំពុងតែប្រមូលផ្តុំការហ្វឹតហាត់យ៉ាងស្វិតស្វាញ ត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះនៅប្រទេសឥណ្ឌូណេស៊ី។ ក្រុមកីឡាករអាយុក្រោម ២០ឆ្នាំ ទាំងនោះបានចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមបាល់ទះជម្រើសជាតិកម្ពុជាផ្ទាល់តែម្តង ដែលកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Sea. V League ដូចគ្នា។
 
ក្រុមកីឡាករទាំងនោះ ក៏ទទួលបានការចែករំលែកបទពិសោធន៍ពីសំណាក់កីឡាករបាល់ទះ សញ្ជាតិបារាំងចំនួន ៣រូបរួមមាន Francois Rebeyrol, Thomas Gill និង​ Prierre Toledo ដែលមកចូលរួមលេងឱ្យសមាគមក្លិបបាល់ទះ វិសាខា រយៈពេលខ្លី៕
 

Tag:
 បាល់ទះ
  កម្ពុជា
  Asian U20 Volleyball Championship
© រក្សាសិទ្ធិដោយ thmeythmey.com