កីឡាជាតិ
ជាតិ
ធឿន ធារ៉ា ស្ថិតក្នុងចំណោមអ្នកប្រដាល់១៦រូប ក្នុងការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី
07, Jun 2024 , 8:59 am        
រូបភាព
កីឡាករ ធឿន ធារ៉ា រូបពី Wurk Kun Khmer
កីឡាករ ធឿន ធារ៉ា រូបពី Wurk Kun Khmer
ធឿន ធារ៉ា កីឡាករប្រដាល់គុនខ្មែរ នឹងត្រូវឡើងសង្វៀន MMA ក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ (2nd Asian AMMA Championship) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះ ជាលើកដំបូងសម្រាប់ កីឡាករប្រដាល់គុនខ្មែររហស្សនាម អ្នកលេងពូថៅពិឃាត ក្នុងសង្វៀនយុទ្ធគុនចម្រុះ។



ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ កម្ពុជា បានត្រៀមអត្ដព​លិក ១៦នាក់ ក្នុងនោះកីឡាការិនី ៥នាក់។ ក្នុងចំណោមកីឡាករ ១១នាក់ កីឡាករ ធឿន ធារ៉ា ត្រូវសហព័ន្ធកីឡាយុទ្ធគុនចម្រុះ ជ្រើសរើសឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។
 
លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បញ្ជាក់ថា ថ្នាក់ដឹកនាំ បានចម្រាញ់យកអត្ដពលិកលំដាប់ប្រទេស ដើម្បីឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រោះពេលទទួលបានជ័យលាភី នឹងប​ង្ហាញពីសក្ដានុពល នៃក្បាច់គុនក្នុងប្រទេសកម្ពុជា។
 
«ថ្នាក់ដឹកនាំ ចង់ឲ្យតំណាងគុនខ្មែរប្រកួត ព្រោះកម្មវិធីនេះ ជាការប្រកួតពហុវិញ្ញាសា។ ប្រទេសក្នុងតំបន់អាស៊ី ត្រូវជួបជុំគ្នា ប្រកួតលើកីឡាយុទ្ធគុនចម្រុះ។ ដូច្នេះ យើងចង់បង្ហាញពីសក្ដានុពលរបស់ក្បាច់គុនរបស់យើងដែរ។»។ លោក ជឹម ធារ៉ា បាននិយាយដូច្នេះ។
 
យោងទៅលើការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា វត្តមានរបស់ ធឿន ធារ៉ា ក៏បានទទួលគាំទ្រ និងអនុញ្ញាតយល់ព្រមពីលោក អេ ភូថង ដែលជាគ្រូបង្វឹកដែរ។
 
ដោយឡែក ឈឿង ល្វៃ និង សំ សុវណ្ណកេសា នឹងត្រូវអវត្តមានចំពោះព្រឹត្តិការណ៍នេះ ដោយហេតុផលផ្ទាល់ខ្លួន។ ចំពោះហេតុផលនោះ សាមីខ្លួន សុំមិនបញ្ចេញទេ។
 
សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, ធឿន ធារ៉ា, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Tag:
 ធឿន ធារ៉ា
  ប្រដាល់
  យុទ្ធគុនចម្រុះ
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com