កីឡាជាតិ
ជាតិ
គ្រូម៉ុងហ្គោលី ថា កម្ពុជា មានកម្រិតខ្លាំងជាងខ្លួន
07, Jun 2024 , 2:39 pm        
រូបភាព
សន្និសីទ្ធសារព័ត៌មានមុនប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ុងហ្គោលី នាថ្ងៃទី៧ មិថុនា ២០២៤។ រូបពី Cambodian Premier League
សន្និសីទ្ធសារព័ត៌មានមុនប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ុងហ្គោលី នាថ្ងៃទី៧ មិថុនា ២០២៤។ រូបពី Cambodian Premier League
ក្នុងសន្និសីទមុនប្រកួតមិត្តភាពអន្ដរជាតិរវាង កម្ពុជា និង ម៉ុងហ្គោលី នាថ្ងៃទី៦ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក Ichiro Otsuka គ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ុងហ្គោលី បាននិយាយ កម្ពុជា គឺជាក្រុម ដែលមានប្រព័ន្ធប្រយុទ្ធវាយបកលឿន និងជាក្រុមដែលមានកម្រិតលេងខ្លាំងជាងក្រុមរបស់លោក។ ចំណែក លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកការប្រកួតជាមួយមិត្តភាពនេះ ជាជំនួបដ៏តានតឹង ដោយសារម៉ុងហ្គោលី មានសមាសភាពកីឡាករចូលរួមពីក្លិបនៅតំបន់អឺរ៉ុប។



កម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត លោក Ichiro Otsuka បានសរសើរពីទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា និងចាត់ទុកក្រុមកម្ពុជា ជាក្រុមដែលមានកម្រិតខ្លាំងជាង ម៉ុងហ្គោលី ជាពិសេសទម្រង់វាយបកលឿនៗ។
 
គ្រូបង្វឹកម៉ុងហ្គោលីរូបនេះ បាននិយាយថា៖«ខ្ញុំ បានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ជាច្រើនប្រកួត ជាពិសេសការប្រកួតរបស់កម្ពុជា ក្នុង FIFA Serie នាពេលថ្មីៗនេះ។

ក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមប្រកួតមិត្តភាព ជាមួយម៉ុងហ្គោលី រូបពីហសព័ន្ធកីឡាបាល់ទាត់កម្ពុជា

បើទោះជាក្រុមកម្ពុជាចាញ់មែន ប៉ុន្ដែកម្ពុជា មានវាយបកយ៉ាងរហ័ស។ កីឡាករកម្ពុជា វាយបកលឿន។ ក្រុមជម្រើសជាតិកម្ពុជា មានបទពិសោធន៍ប្រកួតច្រើន។ ខ្ញុំ បានបង្ហាញវីដេអូអំពីការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទៅកាន់កីឡាកររបស់ខ្លួន។ ខ្ញុំ គិតថាកម្ពុជា មានកម្រិតខ្លាំងជាងក្រុមយើង។ ដូច្នេះហើយការប្រកួតថ្ងៃស្អែក គឺជាការប្រកួតយ៉ាងល្អ។»។ 
 
ចំណែកលោក Felix G. Dalmas គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជា មិនមើលស្រាលគូប្រកួតឡើយ បើទោះជាម៉ុងហ្គោលី យល់ថាកម្ពុជា មានកម្រិតខ្ពស់ជាងក៏ដោយ។ ម្យ៉ាងវិញទៀត លោក Felix ក៏បានដឹងពីសមាសភាពរបស់កីឡាករម៉ុងហ្គោលីខ្លះ កំពុងបម្រើអាជីពនៅក្លិបក្នុងតំបន់អឺរ៉ុប ដូច្នេះហើយកីឡាករក្រុមភ្ញៀវ អាចមានកម្រិតខ្ពស់ជាងកម្ពុជា។
 
«នេះ គឺជាការប្រកួតដ៏តានតឹង ជាមួយម៉ុងហ្គោលី ព្រោះពួកគេមានកាយសម្បទាធំ ហើយមានកីឡាករលេងនៅតំបន់អឺរ៉ុប។ ខ្ញុំ យល់ថានេះ ក៏ជាការលំបាករប់សក្រុមកម្ពុជាយើង ក្នុងជំនួបនេះដែរ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
ដោយឡែក កម្ពុជា ធ្លាប់ប្រកួតមិត្តភាពជាមួយម៉ុងហ្គោលី ម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ដោយលទ្ធផលស្មើ ១-១។ ក្រុមទាំង២ ត្រូវជួបគ្នាក្នុងជំនួបមិត្តភាពម្ដងទៀត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០ ល្ងាច៕

Tag:
 បាល់ទាត់
  ម៉ុងហ្គោលី
  Ichiro Otsuka
  Felix G.Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com