កីឡាជាតិ
ជាតិ
ផ្អែកលើពហុជំនាញកីឡាប្រយុទ្ធ ចាន់រិទ្ធិគុន រំពឹងដណ្ដើមមេដាយមាស MMA ជើងឯកអាស៊ី នៅកម្ពុជា
08, Jun 2024 , 9:59 am        
រូបភាព
កីឡាករ Thiago ហាត់ជឺជិតស៊ូ កាលពីអំឡុងឆ្នាំ២០១២-២០១៦ រូបពី Thiago
កីឡាករ Thiago ហាត់ជឺជិតស៊ូ កាលពីអំឡុងឆ្នាំ២០១២-២០១៦ រូបពី Thiago
លោក Thiago Teixeira ដែលមានឈ្មោះកម្ពុជា សែន ចាន់រិទ្ធិគុន នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ កីឡាករសញ្ជាតិកម្ពុជា-ប្រេស៊ីលរូបនេះ ជឿជាក់ថា នឹងដណ្ដើមបានមេដាយមាស ដោយសារតែខ្លួនមានពហុជំនាញ លើកីឡាប្រយុទ្ធច្រើន ដូចជាគុនខ្មែរ ជឺជិតស៊ូ និងយុទ្ធគុនចម្រុះ។



សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រកួតប្រជែងជិត ២០ប្រទេស។
 
លោក Thiago Teixeira ដែលមានឈ្មោះកម្ពុជា សែន ចាន់រិទ្ធិគុន ក៏នឹងមានវត្តមានសម្រាប់ការប្រកួតនេះដែរ។ នេះជាលើកដំបូងសម្រាប់ Thiago ក្រោយទទួលបានសញ្ជាតិខ្មែរ ហើយប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី និងជាតំណាងឲ្យកម្ពុជា។ 
 
កីឡាកររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា រូបលោកមានជំនឿចិត្តក្នុងការដណ្ដើមយកមេដាយមាស។ ប៉ុន្ដែការជឿជាក់នេះ មិនមែនមានន័យថា ចាន់រិទ្ធិគុន មើលស្រាលដៃគូប្រកួតឡើយ។ ចាន់រិទ្ធិគុន ពន្យល់ថា អ្វីដែលធ្វើឲ្យរូបលោក មានជំនឿចិត្តបែបនេះ គឺការចេះនូវពហុជំនាញ នៃកីឡាប្រយុទ្ធ។ 
 
ជាក់ស្ដែង កីឡាសញ្ជាតិខ្មែរ-ប្រេស៊ីលរូបនេះ ធ្លាប់ហាត់ជឺជិតស៊ូ និង យុទ្ធគុនចម្រុះ កាលពីឆ្នាំ២០១២-២០១៦ ហើយក៏ធ្លាប់ហាត់ប្រដាល់ខ្លះ ជាមួយប្រទេសក្នុងតំបន់អាស៊ាន ផងដែ។

នៅដើមឆ្នាំ២០២៣ កីឡាកររូបនេះ បានចាប់ផ្ដើមហាត់ប្រដាល់គុនខ្មែរ។ ការហាត់ប្រដាល់គុនខ្មែរនេះ គឺបន្ទាប់ពីរូបគេ បានវាយចាញ់ ធឿន ធារ៉ា ក្នុងប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC។
 
សែន ចាន់រិទ្ធិគុន បាននិយាយដូច្នេះថា៖«ខ្ញុំ ធ្លាប់ហាត់យុទ្ធគុនចម្រុះ និងជឺជិតស៊ូ អស់រយៈពេល៤ឆ្នាំ គឺពីឆ្នាំ២០១២-២០១៦។ ខ្ញុំ មានជំនឿចិត្តណាស់ ក្នុងការដណ្ដើមមេដាយមាស។ បេះដូងខ្ញុំ ប្រាប់ថាខ្ញុំមានជំនឿចិត្ត ១០០ភាគរយ។ ខ្ញុំជឿជាក់ទៅលើខ្លួនឯង។»។
 
ក្រោយទទួលបានសញ្ជាតិខ្មែរ នៅចុងឆ្នាំ២០២៣ កីឡាករប្រដាល់រូបនេះ មិនទាន់បានផលិតករក្នុងស្រុក ណាបានរៀបចំឲ្យមានការប្រកួតឡើយ។ ដោយឡែក ការខកខានឡើងសង្វៀននេះ មិនមែនជាការព្រួយបារម្ភរបស់ ចាន់រិទ្ធិគុន ក្នុងការត្រៀមសម្រាប់ប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឡើយ ព្រោះកីឡាកររូបនេះ តែងហ្វឹកហាត់ជាប្រចាំ៕

Tag:
 Thiago Teixeira
  យុទ្ធគុនចម្រុះ
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com