ជាតិ
វីដេអូ
ក្រសួង ស្ថាប័ន នឹង​ចាប់ផ្ដើម​វិភាគមុខងារ ដើម្បី​ជៀសវាងជាន់​ភារកិច្ចគ្នា
07, Jun 2024 , 5:09 pm        
រូបភាព
ភ្នំពេញ៖ ក្រសួង​ ស្ថាប័ន ចំនួន ៣២ នឹង​​ចាប់​ផ្ដើម​អនុវត្ត​ការ​វិភាគ​មុខងារ ក្រោយ​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ ស្ដីពី «​ការ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង​​ស្ថាប័ន និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យ​មន្រ្តី​រាជការ​ស៊ី​វិល​ក្រសួង​ ស្ថាប័ន» ដែល​រៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ។ ការ​វិភាគ​មុខងារនេះ នឹង​ជួយ​កាត់​បន្ថយ​ការអនុវត្ត​តួនាទីភារកិច្ច​ត្រួត​គ្នា រវាង​ក្រសួង​ និង​ស្ថាប័ននីមួយៗ ជាពិសេស​ជួយ​សន្សំ​ថវិកា​ជាតិ។



រដ្ឋាភិបាល បាន​ចាប់​ផ្ដើ​ម​កែទម្រង់រដ្ឋបាលសាធារណៈ ដោយ​ណែនាំដល់ក្រសួង ស្ថាប័នឱ្យពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់។ ការ​វិភាគ​មុខងារ ជា​វិធានការគន្លឹះ​មួយរបស់​រាជ​រដ្ឋាភិបាល​ នីតិកាល​ទី​៧ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ 
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖ 
 
 

ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល ស្ដីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន» កាលពី​ថ្ងៃទី​៥ មិថុនា លោក​ស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បាន​លើក​ឡើងថា រដ្ឋាភិបាលបាន​កំណត់ការ​វិភាគមុខងារ ត្រឹម​ឆមាស​ទី១ ឆ្នាំ២០២៤នេះ។ 
 
បើតាម​រដ្ឋលេខាធិការក្រសួង​មុខងារសាធារណៈ​រូបនេះ ការ​វិភាគ​មុខងារនេះ ត្រូវ​​​ធ្វើ​ដោយ​ក្រសួង​ ស្ថាប័ន​នីមួយៗផ្ទាល់​។ ជុំ​វិញ​ដំណើរ​ការ​នៃ​ការ​វិភាគ​មុខងារនេះ នឹង​មាន​ការ​ចូលរួមជួយ​​ពី​​ក្រុម​ការ​ងារ​បច្ចេក​​ទេស​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការ​ងារ នៃ​អនុ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ របស់​ក្រសួង​មុខងារ​សាធារណៈ​ផងដែរ​។


ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នមានគោលបំណងលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនេះ ដើម្បី​ធានាបានថាមុខងាររបស់ក្រសួង ស្ថាប័នត្រូវបានអនុវត្តដោយត្រឹមត្រូវ និងសមស្របគាំទ្រដល់ការសម្រេចគោលបំណងនៃបេសកកម្មរបស់ក្រសួង ស្ថាប័ន។ លើសពីនេះ ពិនិត្យឡើងវិញតួនាទីនិងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងដែនកំណត់នៃសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័នផងដែរ។
 
លោកស្រី ឈី វិជ្ជរ៉ា ពន្យល់ និង​លើក​ឧទាហរណ៍​ដូច្នេះ៖«ក្រសួង ​ក ជា​ន់ភារកិច្ច​ជាមួយ​ក្រសួង​ ខ មិន​អាច​ដោះ​ស្រាយ​បាន ដូច្នេះ​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​មួយ​ចំនួន​ទៀត ហៅ​ភាគី​ទាំ​ង​អស់​មក​ជជែក​គ្នា តើ​អាច​ដោះស្រាយ​បាន​ ឬ​អត់​។ បើ​ក្រសួង​ ក និងខ ឯក​ភាព​គ្នាផ្ទេរមុខងារ វា​ជា​រឿង​ស្រួលទេ តែផ្ទុយមកវិញ​ ប្រសិន​បើ​មិ​ន​មាន​ការ​ឯក​ភាព​ យើង​អាច​ស្នើសុំការ​ណែ​នាំ​តម្រង់​ទិស​​​ពី​សម្ដេច​ធិបតី»។ 
 
សូម​បញ្ជាក់ថា ភាពចាំបាច់នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលក្រសួង ស្ថាប័ន កំពុងជួបប្រទះ។ បច្ចុប្បន្ននេះ ក្រសួង​ ស្ថាប័នមួយ​ចំនួន មាន​ភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន។ នេះ​បើតាម​សេចក្ដី​ណែនាំ​ស្ដីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៤៕ 
 





Tag:
 ក្រសួង​មុខងារ​សាធារណៈ
  វិភាគមុខងារ​
© រក្សាសិទ្ធិដោយ thmeythmey.com