អន្តរជាតិ
មនុស្សជំនិតប្រធានាធិបតីវៀតណាម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ
07, Jun 2024 , 5:39 pm        
រូបភាព
លោក Luong Tam Quang រដ្ឋមន្រ្តីសន្តិសុខជាតិវៀតណាម។ រូបភាព Vn Express
លោក Luong Tam Quang រដ្ឋមន្រ្តីសន្តិសុខជាតិវៀតណាម។ រូបភាព Vn Express
បន្ទាប់ពីលោក តូ ឡិម ត្រូវបានតែងតាំងជាប្រធានាធិបតី រដ្ឋសភាវៀតណាម នៅថ្ងៃទី៦ ខែមិថុនា បានឯកភាពតែងតាំងលោក Luong Tam Quang អនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈ និងជាមនុស្សជំនិតប្រធានាធិបតី ជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ។ ការតែងតាំងលោក Luong Tam Quang ជាមេប៉ូលិសវៀតណាម នឹងជួយពង្រឹងអំណាចរបស់លោក តូ ឡិម បន្ថែមទៀត ក្នុងការឆ្ពោះទៅរកការកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។



ជាមនុស្សជំនិត លោក តូ ឡិម ដែលទើបក្លាយជាប្រធានាធិបតី កាលពីពេលថ្មីៗនេះ លោក Luong Tam Quang បានកាន់តួនាទីជាអនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈ ចាប់តាំងពីឆ្នាំ២០១៩។ 
 
ក្រោយកៅអីរដ្ឋមន្រ្តីសន្តិសុខសាធារណៈ ដែលជាតួនាទីដ៏សំខាន់មួយនៅវៀតណាមនៅទំនេរ ដ្បិតលោកតូ ឡិម ត្រូវកាន់តំណែងជាប្រមុខរដ្ឋ សភាវៀតណាម នៅថ្ងៃទី៦ ខែមិថុនា បានអនុម័តសេចក្តីសម្រេចមួយ តែងតាំង លោក Luong Tam Quang បន្ត។ 
 
ការតែងតាំងបុរសមានវ័យ ៥៩ឆ្នាំ និងកាន់សញ្ញាបត្រស៊ើបអង្កេតព្រហ្មទណ្ឌរូបនេះ នឹងជួយពង្រឹងអំណាច លោក តូ ឡិម បន្ថែមទៀត ហើយជាការត្រួសត្រាយផ្លូវសម្រាប់ប្រមុខរដ្ឋរូបនេះទៅរកកៅអីអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅឆ្នាំ២០២៦។ 
 
ជាការពិត ក្រសួងសន្តិសុខជាតិវៀតណាម គឺមានអំណាច ដោយក្រសួងមួយនេះ ទទួលបន្ទុកលើការគ្រប់គ្រងសន្តិសុខសាធារណៈ ដូចជា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, ការអនុវត្តច្បាប់, ការគ្រប់គ្រងចំណាកស្រុក និងធានាសុវត្ថិភាពប្រជាជនប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការគំរាមកំហែងផ្នែកខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
ទន្ទឹមនេះ ក្រសួងមួយនេះ គ្រប់គ្រងកម្លាំងប៉ូលិស, កម្លាំងចារកិច្ចសន្តិសុខ រួមទាំងសកម្មភាពផ្សេងទៀត ពាក់ព័ន្ធសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com