កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ Yudai រកបានគ្រាប់ដំបូងឱ្យគោព្រៃ ក្នុងជ័យជម្នះ ២-០ លើម៉ុងហ្គោលី
08, Jun 2024 , 10:51 am        
រូបភាព
Yudai Ogawa រកបានគ្រាប់បាល់ដំបូងឱ្យក្រុមជម្រើសជាតិកម្ពុជា​ ក្នុងជ័យជម្នះ ២-០ លើម៉ុងហ្គោលី នាជំនួបមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៧ ខែមិថុនា។ ក្រោយឈ្នះនៅទឹកដីខ្លួនភា្លមៗ គោព្រៃបានចេញដំណើរទៅប្រទេសម៉ុងហ្គោលីវិញ សម្រាប់ជំនួបមិត្តភាព នៅថ្ងៃទី១១ ខែមិថុនា។



ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ១៥០០០នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក Yudai Ogawa ខ្សែបម្រើឆ្នើ​មក្រុមភ្នំពេញក្រោន​ ដែលទើបចូលសញ្ជាតិកម្ពុជានៅឆ្នាំ២០២៣ អាចរកគ្រាប់បាល់ដំបូងឱ្យក្រុមកម្ពុជាហើយ ក្នុងការបង្ហាញខ្លួនលើកទី៦របស់ខ្លួន។ គ្រាប់បាល់របស់ Ogawa កើតឡើងនៅនាទី២២ ដោយការប្រើក្បាលតែតបញ្ចូលទី តាមរយៈការបញ្ជូនយ៉ាងល្អពី ថេឡរ នីកូឡាស់ ឌឿង។
 
គ្រាប់ទី២របស់គោព្រៃកម្ពុជា សម្រេចបានដោយ សារ ទី សមាជិកក្រុមវិសាខា ដោយប្រើបច្ចេកទេសទាត់ឆ្កិះបាល់បញ្ចូលទីដ៏អស្ចារ្យ នៅនាទី៣០ តាមរយៈការបញ្ជូនបាល់របស់ ថេឡរ នីកូឡាស់ ឌឿង ដដែល។ ជំនួបមិត្តភាពនេះម្ចាស់ផ្ទះកម្ពុជា មានឱកាសរកគ្រាប់បាល់ច្រើនលើក ខណៈក្រុមភ្ញៀវម៉ុងហ្គោលី មានតិចតួចប៉ុណ្ណោះ។



ថេឡរ នីកូឡាស់ ឌឿង ក៏មានឱកាសរកគ្រាប់បាល់ទី២ ឱ្យក្រុមលោក Felix Dalmax ក្នុងការបង្ហាញខ្លួនទី១១ប្រកួតរបស់គេផងដែរ ប៉ុន្តែបែជាខកខានទៅវិញ បន្ទាប់ពីកីឡាករខ្មែរ-អាម៉េរិករូបនេះ ស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូល។ ចប់ការប្រកួត កម្ពុជា ឈ្នះ ម៉ុងហ្គោលី ២-០។
 
ក្រោយជំនួបនេះភ្លាម គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ត្រូវដឹកនាំកូនក្រុមធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី នៅយប់ថ្ងៃទី៧ ខែមិថុនា​ ដើម្បីតតាំងជាមួយក្រុម ម៉ុងហ្គោលីដដែលនេះ នៅថ្ងៃទី១១ ខែមិថុនា។
 
សមាសភាពកីឡាករក្រុមគោព្រៃកម្ពុជាទាំង២៦នាក់ ដែលធ្វើដំណើរទៅម៉ុងហ្គោលីមាន៖
 
អ្នកចាំទី៖  ហ៊ុល គឹមហ៊ុយ អ៊ុំ វិចិត្រ និង វីរៈ ដារ៉ា
ខ្សែការពារ៖  សារ៉េត គ្រីយ៉ា ប៊ិន ចន្ថាធារី ស៊ិន សុផាណាត់ តាំង ប៊ុនឆៃ ណុប ដេវីត ជា ច័ន្ទដារ៉ា ហួត វ៉ាន់ណេត យ៉ើ ម៉ូស្លីម ឆុំ ភីសា និង ផាច សុជាវីឡា
ខ្សែបម្រើ៖  វ៉ាន់ តៃឡាម៉ី អ៊ន ចាន់ប៉ូលីន យូឌៃ អូកាវ៉ា ថេឡរ នីកូឡាស់ ឌឿង​ គឹម សុខយុទ្ធ គង់ លីហ៊ួរ
ខ្សែប្រយុទ្ធ៖  ម៉ាត់ នូរុណ សៀង ចន្ធា ចន្ថា ចន្ទាកា សារ ទី លឹម​ ពិសុទ្ធ ញាណ សុស៊ីដាន និង ផាន សុផេន៕
 

Tag:
 មិត្តភាពអន្តរជាតិ
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com