ជាតិ
កម្ពុជា បន្តធ្លាក់ភ្លៀងពីតិចទៅច្រើនលាយឡំខ្យល់កន្រ្តាក់រយៈពេល៣ថ្ងៃ
08, Jun 2024 , 11:33 am        
រូបភាព
ភ្នំពេញ៖ កម្ពុជាបន្តរងឥទ្ធិពលសម្ពាធទាប ដែលកំពុងគ្របដណ្ដប់លើកម្ពុជា ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ។ ឥទ្ធិពលនេះ ធ្វើឱ្យបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី៨-១០ ខែមិថុនា។



យោងតាមក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់វាលទំនាបមាន ខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ខេត្តតាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១៥ ភាគរយ។ ដោយឡែក តំបន់វាលទំនាបនេះ នឹងមានខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ក្នុងល្បឿន២ម៉ោងក្នុងមួយវិនាទី។   
 
ជាមួយគ្នានេះ តំបន់ខ្ពង់រាប តំបន់ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី ២០ភាគរយ។ បណ្តាខេត្តនានា រួមមានខេត្តកំពង់ស្ពឺ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី អាចនឹងមានខ្យល់បក់មកពីទិសនិរតី និងទិសបូព៌ ក្នុងល្បឿនមធ្យម ២ម៉ោងក្នុងមួយវិនាទី។  
 
 ចំពោះតំបន់មត់សមុទ្រវិញ អាចមានភ្លៀង ធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១០ ភាគរយ ហើយរលកសមុទ្រ មានកម្ពស់មធ្យមទាបបំផុត០.៥ម៉ែត្រ និងកម្ពស់មធ្យមខ្ពស់បំផុត ១.៥ម៉ែត្រ៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com