ជាតិ
ការចំណាយលុយទិញសៀវភៅ ប្រសើរជាងចំណាយទិញសម្ភារៈមិនចាំបាច់
08, Jun 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ ពិព័រណ៍សៀវភៅលើ កប៉ាល់ នៅកំពង់ផែស្វយ័តភ្នំពេញ  និស្សិតសុទ្ធតែឱ្យតម្លៃចំពោះសៀវភៅ ដែលធ្វើឱ្យពួកគេយល់ដឹងកាន់តែច្រើនពីវិទ្យាសាស្រ្ត វប្បធម៌ និងចំណេះដឹងថ្មីៗ ជាពិសេសបំផុសគំនិតល្អ។ និស្សិត​ជាច្រើន​បាន​សម្រុក​ទៅ​ស្វែងរក​សៀវភៅ​ដែល​ខ្លួន​ពេញចិត្ត ដោយ​ពួកគេ​យល់ថា ការអាន​សៀវភៅ​ធ្វើឱ្យ​ខ្លួន​កើន​បញ្ញា​ ដូចជាការឱ្យចំណីខួរក្បាល ​។ និស្សិតទាំងនោះ ក៏បានលើកទឹកចិត្តដល់យុវជនឱ្យស្រឡាញ់ និងចូលចិត្តអានសៀវភៅផងដែរ។

 
លោក សុខ សុវណ្ណ ជានិស្សិតច្បាប់ បានលើកឡើងថា ទម្លាប់អានសៀវភៅច្រើនរាល់ថ្ងៃនឹង​ជួយ​បង្កើន​ចំណេះដឹង​នៅ​ជុំវិញខ្លួន ជាពិសេសក៏ជាមធ្យោបាយ​ដើម្បី​កាត់បន្ថយការតានតឹងអារម្មណ៍។ សុខ សុវណ្ណ ពិតជាសប្បាយចិត្តដែលមានការតាំងពិព័រណ៍សៀវភៅលើកប៉ាល់ MV Doulos Hope ដែលជាបណ្ណាគារបណ្តែតទឹកធំជាងគេ នៅកំពង់ផែស្វយ័តភ្នំពេញ។ ជាមួយគ្នានេះ សៀវភៅ ធ្វើឱ្យយើង​ទទួលបាន​ចំណេះដឹង​ច្រើន ជួយ​លើកស្ទួយ​ប្រាជ្ញា​ស្មារតី គិត​បាន​ស៊ីជម្រៅ និង​បង្កើន​ចំណេះដឹង​ ជាពិសេសធ្វើឱ្យពង្រឹងការសរសេរអក្សរមិនខុសដូចមុនបានថែមទៀត។
 
«ការអានសៀវភៅ គឺធ្វើឱ្យយើងបង្កើន​ថាមពល​ខួរក្បាល។ វា​នឹង​ជួយ​ថែរក្សា​ការចងចាំ​កាន់តែ​ល្អ និងការអានសៀវភៅ​តែងតែ​ជា​ឱកាស​ក្នុងការ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជានិច្ច​»។ នេះជាការអះអាងបន្ថែមរបស់លោក សុខ សុវណ្ណ។ 
 
បន្ថែមពីនេះ បុរសវ័យ២៣ឆ្នាំដែល​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​តូច​រូបនេះ  យល់ច្បាស់​ថា​ការយក​ប្រាក់​ទៅ​ទិញ​សៀវភៅ មាន​ប្រយោជន៍​ជាង​យកទៅ​ទិញ​របស់​មិនចាំបាច់​មួយចំនួន​។ ​និស្សិតច្បាប់រូបនេះ ថា​ការអាន​សៀវភៅ​គឺជា​ផ្នែក​មួយ​ចូលរួម​បង្កើត​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។ ​សុវណ្ណ ក៏​លើកទឹកចិត្ត​យុវជន​ឱ្យ​សួរ​ខ្លួនឯង ថា​ចូលចិត្ត​អាន​សៀវភៅ​ប្រភេទ​ណា មុននឹង​ទិញ​សៀវភៅ​មក​អាន ដើម្បី​បញ្ជៀ​សការ​ទុក​សៀវភៅ​ចោល​។ 
 
មិនខុសគ្នាពីលោក សុខ សុវណ្ណ ប៉ុន្មាននោះទេ កញ្ញា ពៅ សុខា ក៏យល់ថា សៀវភៅ មានសារៈសំខាន់ដែលធ្វើឱ្យកញ្ញា មានគំនិតថ្មី។ ដោយឡែក កញ្ញា សុខា ចូលចិត្តអានសៀវភៅប្រលោមលោក ​ដែលពីបង្ហាញ​ពី​គោលដៅ​ជីវិត ជួយ​ដល់​ស្មា​តី ពី​ភាពជោគជ័យ។ 
 
យ៉ាងណាមិញ កញ្ញា សុខា ចង់ឱ្យមានការតាំងពិព័រណ៍សៀវភៅច្រើន ដើម្បីបណ្ដុះគំនិតឱ្យនិស្សិត ឬក្មេងៗ ស្រឡាញ់ និងចូលចិត្តអានសៀវភៅ ជាជាងចំណាយពេលអត់ប្រយោជន៍។ កំពុងទិញសៀវភៅ និស្សិតវ័យ២៤ឆ្នាំរូបនេះ បានបញ្ជាក់ថា ដើម្បី​ជា​ជំនួយ​ដល់​ការជ្រើសរើស​សៀវភៅ​យកមក​អាន ឱ្យ​ទទួលបាន​ប្រយោជន៍ អ្នកអាន​ត្រូវ​មើល​ខ្លឹមសារ​គឺ​អត្ថន័យ និង​អត្ថរូប​គឺ​ឃ្លាឃ្លោង​សរសេរ​ខុស​ឬក៏​ត្រូវ។ 
 
ក្រៅពីនេះ កញ្ញា សុខា ណែនាំ​ដល់​យុវវ័យ​ដែល​ស្ថិតក្នុង​ដំណាក់កាល​អាន​សៀវភៅ​ដំបូង គួរ​ណាស់​តែ​ជ្រើសរើស​សៀវភៅ​ណា​ដែល​ស្ដើង​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ឬ​ត្រូវ​និង​ជំនាញ​សិក្សា​របស់ខ្លួន​។ តាមរយៈការតាំងពិព័រណ៍សៀវភៅលើកប៉ាល់នេះ កញ្ញា សុខា ទទួលបានអារម្មណ៍ប្លែកពីការតាំងពិព័រណ៍នានាដែលកញ្ញាធ្លាប់ទៅទស្សនា។ លើសពីនេះ កញ្ញា សុខា ពិតជាសប្បាយចិត្តដែលកប៉ាល់ MV Doulos Hope ជាបណ្ណាគារបណ្តែតទឹកធំជាងគេ មកតាំងពិព័រណ៍នៅរាជធានីភ្នំពេញ។ 
 
សូមជម្រាបថា ពិព័រណ៍សៀវភៅលើកប៉ាល់នេះ ត្រូវបានធ្វើឡើងពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានសៀវភៅរាប់ពាន់ក្បាល ចម្រុះភាសាទទួលមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសយុវជន។ ការតាំងពិព័រណ៍នេះ ជួយផ្សព្វផ្សាយពីកម្មវិធីអប់រំ វប្បធម៌ និងពិព័រណ៍សៀវភៅសម្រាប់សាលារៀន សហគមន៍ និងសាធារណជន ជាង១៥០ប្រទេស នៅទូទាំងពិភពលោក៕
 

Tag:
 ពិព័រណ៍សៀវភៅលើកប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com