ជាតិ
ក្រសួងពាណិជ្ជកម្ម ដាក់ទោសមន្រ្តី ក.ប.ប ៥នាក់​ ដែលទារប្រាក់ពីអាជីវករនៅផ្សាររមាស ខេត្តកំពង់ឆ្នាំង
08, Jun 2024 , 5:49 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ទណ្ឌកម្មមន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំងចំនួន៥នាក់ ដែលបានយកលុយពីអាជីវករពេលចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨មិថុនា។​



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា មន្រ្តី ក.ប.ប. ទាំង៥នាក់ បានចុះពិនិត្យទីតាំងលក់គ្រឿងសម្អាងចំនួន៣កន្លែង និងបានយកលុយពីម្ចាស់ហាង។ 
 
ចំពោះលុយដែលមន្រ្តី ក.ប.ប. បានទារពីម្ចាស់ហាងនោះចំនួន១លាន២០ម៉ឺនរៀល ប៉ុន្តែម្ចាស់ហាងបានឱ្យតែ៧០ម៉ឺនរៀលតែប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្ម បានទោសដល់មន្រ្តីទាំង៥នាក់ និងបានយកលុយឱ្យម្ចាស់ហាងលក់គ្រឿងសម្អាងវិញ។
 
ជាមួយគ្នានេះ មន្រ្តី ក.ប.ប. មានតួនាទីបំពេញកាតព្វកិច្ចតាមច្បាប់ ដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ។  ដូច្នេះ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាថា «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ដោយមិនឱ្យមន្រ្តីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ឆ្លៀតឱកាសកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ និងប្រជាពលរដ្ឋជាអ្នកទទួលសេវាក្នុងវិស័យពាណិជ្ជកម្មឡើយ។
 
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ពាណិជ្ជករ អាជីវករទាំងអស់ បន្តប្រកបអាជីវកម្មរបស់ខ្លួនធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ក្រៅពីនេះ ប្រសិនបើមានមន្រ្តី ឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន អាជីវករអាចដាក់ពាក្យបណ្តឹងមកកាន់ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦៕ 

Tag:
 យកលុយពីម្ចាស់ទំនិញ
  មន្ត្រីក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com