អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Pita មានទំនុកចិត្តឈ្នះក្ដីក្ដាំរំលាយបក្ស
09, Jun 2024 , 7:39 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សអនាគតឆ្ពោះទៅមុខដែលឈ្នះការបោះឆ្នោតឆ្នាំមុន បង្ហាញទំនុកចិត្តឈ្នះលើសំណុំរឿងនៅតុលាការដែលអាចឈានដល់ការរំលាយបក្សជុំវិញគោលនយោបាយកែទម្រង់ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹង

 
តុលាការធម្មនុញ្ញថៃ កំពុងពិចារណាលើញត្តិរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលស្នើឱ្យបក្សមានសំឡេងច្រើនជាងគេក្នុងសភា។ នៅថ្ងៃទី៩ ខែមិថុនា លោក Pita បានបង្ហាញជំហរការពារប្រាំបួនចំណុចរបស់គណបក្ស ជាមួយក្ដីរំពឹងទទួលជោគជ័យ។
 
«ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងជាមួយនឹងការការពារប្រាំបួនចំណុចរបស់ខ្ញុំ។ វាផ្តោតលើយុត្តាធិការ និងនីតិវិធី។» លោក Pita ប្រាប់អ្នកព័ត៌មានបែបនេះ។
 
លោក Pita ក៏ព្រមានថា ការរំលាយបក្សរបស់លោកដែលជាគណបក្សធំជាងគេនៅសភា អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោក​ចាត់ទុកលទ្ធភាពណាមួយឈានដល់ការរំលាយបក្ស ​​ជា​ការ​វាយ​ប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យ។
 
«វាមិនមែនត្រឹមតែខ្ញុំផ្ទាល់ទេ។ វាមិនមែនគ្រាន់តែជាគណបក្សនោះទេ ប៉ុន្តែជាការនិយាយអំពីការពិភាក្សាលើលំហប្រជាធិបតេយ្យនៅថៃ។» លោក Pita បន្តបែបនេះ។
 
សូមបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតថៃបានស្នើឱ្យតុលាការធម្មនុញ្ញរំលាយបក្សអនាគតឆ្ពោះទៅមុខកាលពីខែខែមីនា ដោយយោងតាមសេចក្តីសម្រេចតុលាការធម្មនុញ្ញដែលថា ការសន្យារបស់គណបក្សក្នុងការធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
 
តុលាការនឹងបើកសវនាការលើសំណុំរឿងនេះនៅថ្ងៃទី១២ ប៉ុន្តែទំនងមិនផ្តល់សេចក្តីសម្រេចភ្លាមនោះទេ។ បើតាមលោក Pita មេធាវីរបស់គណបក្សនឹងប្រកែកថា តុលាការមិនមានយុត្តាធិការក្នុងការគ្រប់គ្រងសំណុំរឿងនេះ ហើយថា គណៈកម្មការរៀបចំការបោះឆ្នោតក៏មិនបានដាក់ញត្តិដោយស្របច្បាប់នោះដែរ។
 
ច្បាប់​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​​ថៃ ​ស្ថិត​ក្នុង​ចំណោម​ច្បាប់​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក ដោយ​បទ​ចោទ​នីមួយៗ​អាច​ជាប់​ពន្ធនាគារ​រយៈពេល១៥ឆ្នាំ។ ប៉ុន្តែ​អ្នក​រិះគន់​និយាយ​ថា ​ច្បាប់​នេះ​ត្រូវ​បាន​គេ​ប្រើ​ខុស​ដើម្បី​រារាំង​ការ​ជជែក​ដេញដោល​ផ្នែក​នយោបាយ​ស្រប​ច្បាប់៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com