កីឡាជាតិ
ជាតិ
លោក ខូវ ឆាយ៖ «ខ្ញុំមិនរើសអើង Dave Leducទេ ប៉ុន្តែខ្ញុំមិនចង់ធ្វើការជាមួយមនុស្សក្រអឺតក្រទមឡើយ»
10, Jun 2024 , 2:24 pm        
រូបភាព
សហព័ន្ធប្រដាល់គុនខ្មែរ ប្រកាសមិនឱ្យកីឡាករ Dave Leduc ឡើងប្រកួតលើសង្វៀនប្រដាល់គុនខ្មែរឡើយ​។ ការប្រកាសមិនឱ្យកីឡាករសញ្ជាតិកាណាដារូបនេះ ឡើងលើសង្វៀនគុនខ្មែរ ធ្វើឡើងក្រោយពីបុគ្គលរូបនេះ បានប្រកាសទាមទារតម្លៃខ្លួនប្រកួត១លានដុល្លារ បើសិនជារៀបចំការប្រកួតរវាងរូបគេ ជាមួយកីឡាករថៃ។



«តើបុគ្គលនេះចង់បានលុយ ឬចង់ផ្តួលកីឡាករមួយថៃ?»។ នេះជាការលើកឡើងរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ មិថុនា ដោយបានបន្ថែមថា គុនខ្មែរ អាចផ្ដួលគូរប្រកួតបាន ដោយមិនត្រូវការពឹងលើ Dave Leduc ឡើយ។
 
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានរៀបរាប់ទៀតថា៖«បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ»។ 
 
ដោយសារមិនសប្បាយចិត្ត ចំពោះពាក្យសម្តីរបស់ Dave Leduc នេះ លោក ខូវ ឆាយ បានប្រកាសលែងផ្ដល់ឱកាសឱ្យកីឡាករប្រដាល់ Lathwei របស់មីយ៉ាន់ម៉ា ឡើងលើសង្វៀនគុនខ្មែរទៀតហើយ។ «ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធគុនខ្មែរ ខ្ញុំមិនស្វាគមន៍បុគ្គលនេះឡើងសង្វៀនគុនខ្មែរដាច់ខាត។ បើចង់ឡើងសង្វៀនគុនខ្មែរម្តងទៀត អ្នកអាចរង់ចាំរហូតដល់ប្រធានសហព័ន្ធអាណត្តិថ្មីចុះ»។ នេះជាការប្រកាសរបស់លោក ខូវ ឆាយ។
 
នៅពេលសួរថា ចុះបើកម្មវិធីប្រដាល់ប៉ុស្តិ៍ទូរទស្សន៍កម្ពុជាណាមួយ ចង់ឱ្យ Dave Leduc ឡើងប្រកួតនោះបានទេ? ឆ្លើយតបនឹងសំនួរសារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទ លោក ខូវ ឆាយ បានបញ្ជាក់ថា ប៉ុស្តិ៍ទូរទស្សន៍នៅកម្ពុជា អាចមានសិទ្ធិអញ្ជើញ Dave Leduc ឡើងប្រកួត ប៉ុន្តែសហព័ន្ធ នឹងមិនបញ្ជូនចៅក្រម មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលចូលរួមកាត់សេចក្តីក្នុងការប្រកួត នៅប៉ុស្តិ៍ទូរទស្សន៍នោះឡើយ។  
 
ប្រធានសហព័ន្ធរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងមិនស្អប់គាត់ទេ ប៉ុន្តែយើងមិនដើរជាមួយគាត់ មិនធ្វើការជាមួយគាត់ ព្រោះមនុស្សមិនថ្លៃថ្នូរឱ្យយើងទៅធ្វើការជាមួយយ៉ាងម៉េច? ឱ្យយើងសេពគប់យ៉ាងម៉េច? យើងមិនយកអ្នកណាជាសត្រូវទេ ខ្ញុំមិនបានយក Dave Leduc ជាសត្រូវទេ…។ ប៉ុន្តែបើគាត់ចង់ឡើងប្រកួត អាចទៅរកស្ថាប័នផ្សេងបាន ប៉ុន្តែសហព័ន្ធយើង គឺខ្ញុំមិនស្វាគមន៍គាត់ទេ»។
 
មូលហេតុដែលនាំឱ្យលោក ខូវ ចេញចំណាត់ការធ្ងន់បែបនេះ ដោយសារកីឡាករ Dave Leduc បានបង្កអរិយភាព១ដង ជា២ដង ជាមួយសហព័ន្ធ និងអ្នករៀបចំកម្មវិធីប្រដាល់គុនខ្មែរ។ ត្រង់ចំណុចនេះ លោក ខូវ ឆាយ បានបកស្រាយរម្លឹកពីរឿងរ៉ាវប្រកួតមិត្តភាពរវាងកីឡាករ Deve Leduc ជាមួយកីឡាករ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ ។ លោក ខូវ ឆាយ បានរម្លឹកថា អំឡុងពេលព្រមព្រៀងគ្នា មកប្រកួតនៅលើទឹកដីកម្ពុជានេះ Dave Leduc មិនបានទាមទារឱ្យការប្រកួតនេះ ត្រូវរុំអំបោះឆៅនោះទេ ខណៈការប្រកួតគុនខ្មែរ គឺតម្រូវឱ្យពាក់ហ្គង់ដៃ។ ស្រាប់ពេលជិតដល់ម៉ោងប្រកួត Dave Leduc ស្នើសុំឱ្យរុំអំបោះឆៅ វាយ៩នាទីក្នុងមួយទឹកទៅវិញ ខណៈកីឡាករ ព្រំ សំណាង ធ្លាប់តែវាយពាក់ហ្គង់ដៃ តាមក្បួនគុនខ្មែរ ។
 
ដើម្បីកុំឱ្យប៉ះពាល់ ឬខូចកម្មវិធីនេះ អ្នកសម្របសម្រួលកម្មវិធីប្រដាល់នៃផលិតកម្មថោន បានពិភាក្សានិងយល់ព្រមតាមសំណើររបស់ Dave Leduc ក្នុងការប្រកួត ដោយរុំដៃអំបោះឆៅ។ នេះបើតាមលោក ខូវ ឆាយ ដោយបានបន្ថែមថា៖«ធម្មតាការប្រកួតអ្វីក៏ដោយ បើមកប្រកួតតាមកម្មវិធីគេ គឺត្រូវប្រកួតតាមគេហើយ មិនអាចមកទឹកដីកម្ពុជា មកប្រកួត Lathwei ឬ Mouy Thai ទេ បើមកកម្ពុជា គឺប្រកួតតាមក្បួនគុនខ្មែរហើយ»។ 
 
ជាការឆ្លើយតបប្រធានសហព័ន្ធគុនខ្មែរវិញ កីឡាករ Dave Leduc បានសរសេរលើហ្វេសប៊ុក ដោយមានការសម្របសម្រួលជាភាសាខ្មែរថា លោក ខូវ ឆាយ កំពុងតែនិយាយកុហក។ «ខ្ញុំ​មិន​ដែល​កែប្រែ​ច្បាប់​ប្រកួត​ជាមួយ​ ព្រំ សំណាង​ទេ។ អ្នកទាំងអស់គ្នាដឹងហើយថា ខ្ញុំមិនប្រកួតដោយពាក់ហ្គង់នោះទេ។ ខ្ញុំជាជើងឯក bareknuckle ។ ការ​ប្រកួត​ជាមួយ​អំបោះឆៅ​​ គឺជា​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​ខ្ញុំ ​ក្នុងការ​ប្រកួតនៅប្រទេស​កម្ពុជា។ Promoter ​បាន​សន្យា​ជាមួយ​ខ្ញុំ​ថា ការប្រកួតរបស់ខ្ញុំនឹង​នៅ​ជាមួយ​អំបោះឆៅ ហើយ​បន្ទាប់​មក​គាត់បាន​ព្យាយាមផ្លាស់​ប្តូរ​វា​មុន​ពេល​ប្រកួត។ គាត់ដឹងការពិតច្បាស់ណាស់។ អ្នក​រាល់​គ្នា​អាច​ពិនិត្យ​មើល​ការ​ប្រកាស​ប្រកួត​ជា​ផ្លូវ​ការ​របស់​ខ្ញុំ នៅលើបណ្តាញសង្គម​ដោយ​មាន​អ្នក​ចូល​មើល ១ លាន​ដង។ ខ្ញុំបានពន្យល់លម្អិតអំពីការប្រកួត»។ នេះជាការឆ្លើយតបរបស់ Dave Leduc។
 
ទង្វើរមួយទៀតដែលធ្វើឱ្យលោក ខូវ ឆាយ មិនសប្បាយចិត្តនោះ គឺ Dave Leduc បានយកគុនខ្មែរ ដើម្បីធ្វើឈ្នាន់ក្នុងការផ្សព្វផ្សាយកីឡាប្រដាល់ Lathwei របស់មីយ៉ាន់ម៉ា តាមរយៈវីដេអូក្តី និងសកម្មភាពខាងក្រៅក្តី ពោលគឺមិនបានចូលរួមលើកកម្ពស់គុនខ្មែរឡើយ ក្រៅពីការនិយាយបង្អាប់គុនខ្មែរ។ «ខ្ញុំក៏មានសុភវិនិច្ឆ័យច្បាស់លាស់ ក្នុងនាមជាថ្នាក់ដឹកនាំ ខ្ញុំក៏មើលស្គាល់បុគ្គលនេះច្បាស់ដែរ ថាបុគ្គលនេះ មានចេតនាយ៉ាងម៉េច? បើសិនជាគាត់ត្រឹមត្រូវ មិនមែនប្រទេស២-៣ បិទគាត់(ប្រកួត)ទេ ហើយគាត់ទៅរស់នៅទីណា ធ្វើបែបនេះដូចគ្នា។ ដំបូងឡើយ ធម្មតាគេយកចិត្តយើងសិន គេធ្វើល្អជាមួយយើង ហើយគេយកយើងជាឈ្នាន់ ហើយសរសើរថា គុនខ្មែរយើងល្អណាស់។ តែមានចំណុចណាគាត់ផ្សព្វផ្សាយគុនខ្មែរ​ គាត់យកកម្មវិធីគុនខ្មែរ ផ្សព្វផ្សាយ Lathwei ។ គាត់ផ្សព្វផ្សាយ Lathwei មិនខុសទេ ប៉ុន្តែគាត់មិនត្រូវយកកម្មវិធីរបស់គេ ដែលចំណាយលុយរាប់លានដុល្លារ អញ្ជើញស្ដេចប្រដាល់(Manny Pacquiao ) មកកម្មវិធីគេ តែគាត់បែរជាឆ្លៀតកេងចំណេញផ្សព្វផ្សាយកីឡារបស់គាត់ ក្នុងកម្មវិធីរបស់គេ»។ នេះបើតាមលោក ខូវ ឆាយ ធ្លាប់បានហាម Dave Leduc មិនឱ្យធ្វើសញ្ញាប្រដាល់ Lethwei ក្នុងកម្មវិធីប្រដាល់គុនខ្មែរ ដែលមានវត្តមានអតីតកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao ចូលរួម កាលពីសប្ដាហ៍មុន។
 
Dave Leduc បានបង្ហាញនិមិត្តសញ្ញា Lethwei បង្ហាញទៅកាន់លោក Manny Pacquiao ពិតមែន។ កីឡាករប្រដាល់ Lathwei របស់មីយ៉ាន់ម៉ា ដែលកំពុងរស់នៅលើទឹកដីកម្ពុជានេះ បានសរសរលើហ្វេសប៊ុកថា៖ ខ្ញុំបានបង្ហាញ Manny Pacquiao នៅនិមិត្តសញ្ញាក្បាច់គុណ Lethwei ប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ា នៅពេលដែលខ្ញុំបានជួបគាត់កាលពីសប្តាហ៍មុននៅក្នុងកម្មវិធីប្រដាល់គុនខ្មែរ។ ចំណែក​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​និយាយ​ថា មិន​អាចធ្វើបែបនឹងបានទេ ហើយ​មិន​អនុញ្ញាតឱ្យខ្ញុំឡើង​ប្រកួតលើសង្វៀន​គុន​ខ្មែរទៀតឡើយ។ ខ្ញុំ​បានធ្វើ​និមិត្តសញ្ញា Lethwei ជាមួយ​អ្នក​រាល់​គ្នា​ដែល​ខ្ញុំបាន​ជួប វា​ជា​រូបភាពតំណាងក្បាច់គុណរបស់ខ្ញុំ តើ​វា​ប្រឆាំង​នឹង​ច្បាប់​គុន​ខ្មែរ ​ក្នុង​ការ​ចែករំលែក​វប្បធម៌​ក្បាច់គុណប្រដាល់​របស់​ខ្ញុំ​ឬ?
 
Dave Leduc បន្ថែមថា ការមិនអនុញ្ញាតឱ្យចែករំលែកនិមិត្តសញ្ញា Myanmar Lethwei ជាមួយអ្នកដទៃ គឺជាការរើសអើង និងប្រកាន់ពូជសាសន៍ហើយ។ «ខូវ ឆាយ តើអ្នកដឹងទេថា ប្រទេសកម្ពុជាជាប្រទេសដែរបើកចំហរសម្រាប់ពិភពលោក ហើយអ្នកទេសចរជាច្រើនអាចមកកម្សាន្តនៅប្រទេសនេះ? ជនជាតិជាច្រើន ខ្មៅ ស ឡាតាំង អាស៊ី មូស្លីម ពុទ្ធសាសនិក។សូមអរព្រះគុណព្រះជាម្ចាស់ មានតែអ្នកមើលការខុសត្រូវគុនខ្មែរប៉ុណ្ណោះ ព្រោះតែគំនិតបែបនេះ ប្រសិនបើអ្នកជានាយករដ្ឋមន្ត្រី នឹងមិនអនុញ្ញាតឲ្យជាតិសាសន៍ដទៃចូលមកចែករំលែកវប្បធម៌របស់ខ្លួននៅកម្ពុជាឡើយ។ មាន​អ្វី​បន្ទាប់? អ្នក​នឹង​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​មីយ៉ាន់ម៉ា​របស់​ខ្ញុំ (Longyi)?»។ នេះជាការឆ្លើបតបរបស់ Dave Leduc ទៅកាន់លោក ខូវ ឆាយ។
 
តែយ៉ាងណាលោក ខូវ ឆាយ បានបញ្ជាក់ថា លោក មិនបានរើសអើង Dave Leduc ទេ ប៉ុន្តែលោកគ្រាន់តែមិនសហការការងារប្រកួតប្រដាល់ជាមួយកីឡាករប្រដាល់សញ្ជាតិកាណាដារូបនេះប៉ុណ្ណោះ។ លោក ខូវ ឆាយ បន្ថែមដូច្នេះ៖«ខ្ញុំហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ខ្ញុំទទួលខុសត្រូវចំពោះសំដីរបស់ខ្ញុំគ្រប់ម៉ាត់។ ខ្ញុំមិនដែលរើសអើងជាតិសាសន៍ណាមួយឡើយ ខ្ញុំមានមិត្តភ័ក្តគ្រប់ជាតិសាសន៍ សាសន៍ណាក៏មានល្អមានអាក្រក់ដែរ។ ខ្ញុំមិនដែលយកអ្នកណាជាសត្រូវឡើយ គ្រាន់តែខ្ញុំប្រកាន់គោលការណ៍មិនសេពគប់ជាមួយមនុស្សក្រឡិចក្រឡុច ក្រអើតក្រទមឡើយ។ ដរាបណាអ្នកឯងនៅតែក្រអើតក្រទម យកគុនខ្មែរជាឈ្នាន់ដើម្បីប្រយោជន៍អ្នកឯង ខ្ញុំគ្មានថ្ងៃធ្វើការជាមួយអ្នកឯងឡើយ។ អ្នកឯងមានសិទ្ធិរស់នៅប្រទេសកម្ពុជា ខ្ញុំក្នុងនាមពលរដ្ឋកម្ពុជាសូមស្វាគមន៍ អ្នកវិនិយោគនៅកម្ពុជា ខ្ញុំត្រេកអរ តែបើចង់ឡើងវ៉ៃនៅកម្ពុជា ខ្ញុំអត់សហការជាមួយទេ ដោយសារខ្ញុំគ្មានទំនុកចិត្ត»។

ប្រធានសហព័ន្ធគុនខ្មែររូបនេះ ប្រកាសមិនឱ្យអ្នកណាម្នាក់ មើលងាយគុនខ្មែរឡើយ។ «ក្នុងនាមជាពលរដ្ឋកម្ពុជា អ្នកណាស្រលាញ់កម្ពុជាជាមិត្តខ្ញុំ អ្នកណាបំផ្លាញកម្ពុជាខ្ញុំមិនលើកលែងទេ។ ក្នុងនាមប្រធានសហព័ន្ធគុនខ្មែរ អ្នកណាលើកតម្កើងគុនខ្មែរជាមិត្តរបស់ខ្ញុំ អ្នកណាបំផ្លាញគុនខ្មែរ ខ្ញុំមិនឱបដៃឈមើលទេ»។ នេះបើតាមលោក ខូវ ឆាយ។
 
Dave Leduc ក៏បានធ្វើសន្និសិទកាសែតឆ្លើយតបទៅកាន់លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១០ មិថុនានេះ។
 

Tag:
 ខូវ ឆាយ
  Dave Leduc
© រក្សាសិទ្ធិដោយ thmeythmey.com