អន្តរជាតិ
លោក ម៉ាក្រុង រំលាយសភា ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប
10, Jun 2024 , 3:29 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសរំលាយរដ្ឋសភា ភ្លាមៗបន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុបបង្ហាញថា បក្សរបស់លោកចាញ់បក្សស្ដាំនិយមជ្រុល។ មេដឹកនាំបារាំង ទំនងចង់ឆ្លៀតឱកាសនេះដើម្បីបង្កើនប្រជាប្រិយភាពឡើងវិញ ប៉ុន្តែល្បែងនយោបាយនេះ ទំនងជះផលមិនល្អវិញដែរ បើលទ្ធផលមិនស្របតាមការរំពឹងនោះ។

 
ជាមួយលទ្ធផលមិនសមប្រកបក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាពអឺរ៉ុប លោក អេម៉ានុយអែល ម៉ាក្រុង ក៏សម្រេចចិត្តរំលាយរដ្ឋសភាចោល។ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាបារាំង នឹងធ្វើជា២ដំណាក់កាលនៅថ្ងៃទី៣០ ខែមិថុនា និងទី៧ ខែកក្កដា។
 
បើតាមលទ្ធផលដំបូងដែលគណនាតាមការរាប់សន្លឹកឆ្នោត បក្សស្ដាំនិយមជ្រុល National Rally របស់លោកស្រី ម៉ារីន ឡឺ ប៉ែន អាចទទួលបានសំឡេងជាង៣២ភាគរយ ឯបក្ស Renaissance របស់លោក ម៉ាក្រុង ទទួលបានជុំវិញ១៥ភាគរយ។ បារាំង នឹងជ្រើសរើសសមាជិកចំនួន៨១នាក់ សម្រាប់កៅអីសភាអឺរ៉ុបដែលមាន៧២០។
 
លោក ម៉ាក្រុង ចាត់ទុកការរំលាយសភា ជាការសម្រេចចិត្តម៉ត់ចត់ ដោយលោកបានដឹងឮសាររបស់ប្រជាជនរួចហើយ ហើយលោកនឹងឆ្លើយតបវិញ។
 
បច្ចុប្បន្ន បក្ស Renaissance មានសំឡេង១៣៣ក្នុងរដ្ឋសភាបារាំងដែលមានសមាជិកសរុប៥៧៧ ក្រោយការបោះឆ្នោតឆ្នាំ២០២២។ ទោះជាសំឡេងភាគច្រើន បក្សកាន់អំណាច ត្រូវចរចាជាមួយបក្សផ្សេងទៀតដើម្បីអនុម័តគោលនយោបាយ និងច្បាប់ណាមួយសម្រាប់លោក ម៉ាក្រុង ។
 
លោកប្រធានាធិបតីបារាំង ទំនងជាយកឱកាសបោះឆ្នោតសភាអឺរ៉ុបដើម្បីបង្កើនការគាំទ្រក្នុងស្រុកឡើងវិញ។ ប៉ុន្តែលោកក៏ប្រឈមមុខជ័យជម្នះរបស់ក្រុមស្ដាំនិយមជ្រុលនៃលោកស្រី ឡឺ ប៉ែន ដែរ។ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសភា លោក ម៉ាក្រុង ត្រូវធ្វើការជាមួយនាយករដ្ឋមន្រ្តីដែលមាននិន្នការខុសគ្នាមិនខាន។
 
លោកស្រី ឡឺ ប៉ែន ស្វាគមន៍ការបោះឆ្នោតមុនអាណត្តិនេះ។ 
 
«យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រើ​អំណាច​ប្រសិន​បើ​ប្រជាជន​បារាំង​ទុក​ចិត្ត​លើ​យើង​ក្នុង​ការ​បោះឆ្នោត​នីតិប្បញ្ញត្តិ​នាពេល​អនាគត។ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បង្វែរ​ប្រទេស ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​បារាំង ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បញ្ចប់​អន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំ...។» លោកស្រី ឡឺ ប៉ែន បញ្ជាក់បែបនេះ។
 
ជុំវិញលទ្ធផលបោះឆ្នោតសភាអឺរ៉ុប ក្រុមបក្សកណ្ដាលនិយម សេរីនិយម និងសង្គមនិយម រំពឹងកាន់កាប់សំឡេងភាគច្រើនដដែល ទោះជាក្រុមស្ដាំនិយមកើនសំឡេងដោយមានការគាំទ្រនៅបារាំង និងអាល្លឺម៉ង់ក្ដី។ គណបក្សប្រជាជនអឺរ៉ុប ដែលប្រកាន់ជំហរកណ្ដាល-ស្ដាំ នឹងមានសមាជិកសភា១៨៩នាក់ ដែលជាក្រុមធំជាងគេក្នុងសភាអឺរ៉ុប តាមពីក្រោយដោយបក្សសង្គមនិយម និងប្រជាធិបតេយ្យដែលមាន១៣៥នាក់៕ 
 

Tag:
 បារាំង
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com