កីឡាជាតិ
ជាតិ
Dave Leduc ៖ ខ្ញុំជ្រើសរើសកម្ពុជា ជាដែនដីនៃក្បាច់គុនដើម និងដើម្បីធ្វើជំនួញ
11, Jun 2024 , 3:08 pm        
រូបភាព
លោក Dave Leduc អ្នកប្រដាល់ Lethwei បានបញ្ជាក់ពីមូលហេតុ នៃការជ្រើសរើសមករស់នៅកម្ពុជា ដោយសារកម្ពុជា ជាម្ចាស់ក្បាច់គុនដើម និងដើម្បីធ្វើជំនួញផ្ទាល់ខ្លួន។ កីឡាករប្រដាល់ Lethwei ដែលចូលនិវត្តន៍រូបនេះ បាននិយាយដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងហាងកាហ្វេរបស់ខ្លួន។



លោក Dave Leduc បានចូលនិវត្តន៍ពីអាជីពអ្នកប្រដាល់ បន្ទាប់ពីប្រកួតស្មើជាមួយ ព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍សេនាគុនខ្មែរ។ លោក Leduc មករស់នៅកម្ពុជា រយៈពេលជិត៣ខែហើយ ដោយបានបើកអាជីវកម្មឯកជនមួយ ជាហាងកាហ្វេ និងក្លិបកីឡាអេឡិចត្រូនិច នៅសង្កាត់បឹងត្របែង ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ អាជីវកម្មនោះ មិនទាន់ដំណើរការជាផ្លូវការនៅឡើយទេ ព្រោះទីតាំងអាជីវកម្មនេះ កំពុងស្ថិតក្នុងការសាងសង់។
 
បុរសវ័យ ៣២ឆ្នាំរូបនេះ មានជម្រើសច្រើនក្នុងការទៅរស់នៅប្រទសផ្សេងទៀត ប៉ុន្ដែរូបលោក បានសម្រេចចិត្តមករស់នៅកម្ពុជា និងធ្វើជំនួញនៅទីនេះ។ លោក Dave Leduc បញ្ជាក់ថា ការជ្រើសរើសរស់នៅកម្ពុជា ព្រោះមានវប្បធម៌ក្បាច់គុន និងទំនាក់ទំនងរវាងវប្បធម៌ ប្រហាក់ប្រហែលគ្នាជាមួយមីយ៉ាន់ម៉ា។ ម្យ៉ាងវិញទៀត កីឡាករចូលនិវត្តន៍រូបនេះ បានសម្រេចចិត្តបើកជំនួញនៅកម្ពុជា ហើយក៏ចង់ផ្សព្វផ្សាយគុនខ្មែរ និង Lethwei ទៅកាន់អន្ដរជាតិ ផងដែរ។
 
បុរសសញ្ជាតិកាណាដា-មីយ៉ាន់ម៉ា រូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ រើសប្រទេសរស់នៅយ៉ាងប្រុងប្រយ័ត្ន ព្រោះខ្ញុំមានគ្រួសារ។ ខ្ញុំ អាចទៅរស់នៅកន្លែងផ្សេងៗ ដូចជា ម៉ាឡេស៊ី បាលី សិង្ហបុរី ឌូបៃ ប៉ុន្ដែខ្ញុំរើសយកកម្ពុជា ព្រោះតែវប្បធម៌នៃក្បាច់គុន។ នៅប្រទេសផ្សេងៗ គេមិនមានក្បាច់គុនដើមដូចជាកម្ពុជាទេ។ កម្ពុជា និងមីយ៉ាន់ម៉ា មានក្បាច់គុន ដែលប្រទេសផ្សេងទៀតមិនមាន។»។
 
Dave Leduc បញ្ជាក់បន្ថែមថា ការមករស់នៅកម្ពុជា គឺរូបលោក ចង់ផ្សព្វផ្សាយគុនខ្មែរ និងចង់ជោគជ័យ ក្នុងការធ្វើជំនួញរបស់ខ្លួន។ អ្នកជំនួយវ័យ ៣២ឆ្នាំរូបនេះ និយាយថា ប្រសិនជាជំនួញជោគជ័យ រូបគេអាចមានសមត្ថភាពរួមចំណែកជួយផ្ដល់ការងារដល់នយោជិតមួយចំនួនតូច។
 
«មិនមែនត្រឹមតែចង់ជោគជ័យ លើជំនួញរបស់ខ្លួនទេ ប៉ុន្ដែ ក៏ចង់ជួយផ្សព្វផ្សាយគុនខ្មែរ ផងដែរ។ នៅពេលខ្ញុំ កាន់តែជោគជ័យ ខ្ញុំ កាន់តែអាចជួយអ្នក។ ជំនួញរបស់ខ្ញុំ មាននយោជិត ៦-៧នាក់។ ខ្ញុំចង់ជោគជ័យជំនួញនៅកម្ពុជា។ ពេលខ្ញុំជោគជ័យជំនួញ ខ្ញុំ អាចជួលនយោជិតមកធ្វើការជាច្រើន ហើយខ្ញុំគិតថា នេះគឺជាតបស្នងទៅកាន់កម្ពុជាវិញ។»។ លោក Dave Leduc បាននិយាយដូច្នេះ៕

Tag:
 Dave Leduc
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com