កីឡាជាតិ
ជាតិ
សហព័ន្ធបាល់ទះកម្ពុជា និងកីឡាករ នឹងបន្តធ្វើសប្បុរសធម៌ជាប់ជានិច្ច
11, Jun 2024 , 6:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) រួមជាមួយនឹងក្រុមកីឡាកររបស់សមាគមក្លិបបាល់ទះ វិសាខា ដែលទើបតែឈ្នះពានរង្វាន់ Win+ Streak Volleyball Invitational ឆ្នាំ ២០២៤ បាននាំយកថវិកាសប្បរសធម៌ចំនួន ៩៩៩៩ដុល្លារ បរិច្ចាគទៅកាន់មន្ទីរពេទ្យគុន្ធបុប្ផា នៅថ្ងៃទី១០ ខែមិថុនា។



លោក អាំង សិរីពិសិដ្ឋ ជាអគ្គលេខាធិការ VFC បានបញ្ជាក់ថា ថវិកាដែលផ្តល់ជូនទៅកាន់មន្ទីរពេទ្យគុន្ធបុប្ផា ទទួលបានពីសប្បុរសជននានា ដោយក្នុងនោះរួមមានថវិការបស់លោក ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងប្រាក់ទទួលបានមកពីស្នងការនគរបាលរាជធានី និងខេត្តទាំង ២៥។ ថវិកាមួយចំនួនបន្ថែមទៀត ទទួលបាន ពីគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបាល់ទះ និងក្រុមកីឡាករក្លិបបាល់ទះ​ វិសាខា តាមរយៈការឈ្នះពានរង្វាន់ WSVI នៅតៃវ៉ាន់។ 
 
អគ្គលេខាធិការបាល់ទះ បានលើកឡើងថា​ សហព័ន្ធបាល់ទះកម្ពុជា រួមទាំងក្រុមកីឡាករទាំងអស់នាពេល បច្ចុប្បន្ន និងពេលអនាគត នឹងនៅតែបន្តផ្សាភ្ជាប់ខ្លួនទៅនឹងកត្តាសប្បុរសធម៌។​ 
  


លោក សិរីពិសិដ្ឋ បាននិយាយប្រាប់ក្រុមអ្នកកាសែតក្នុងកិច្ចសម្ភាសដូច្នេះថា៖«​មិនមែនចាំតែជោគជ័យ បានធ្វើការបរិច្ចាកទេ ហើយក៏មិនមែនចាំតែក្លាយខ្លួនធ្វើជាសេដ្ឋ ទើបបរិច្ចាកដែរ។  អ៊ីចឹងទឹកចិត្តសប្បុរសធម៌តិចក្តីច្រើនក្តី គឺចេញពីបេះដូងពិតប្រាកដ ហើយខ្ញុំជឿជាក់ថាសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមអត្តពលិកទាំងអស់ ទាំងបច្ចុប្បន្ន និងអនាគត នៅតែមានបេះដូងផ្សារភ្ជាប់ទៅនឹងកត្តាសប្បុរសធម៌ជាប់ជានិច្ច។ មិនមែនទាល់តែមានជ័យជម្នះទើបយើងបរិច្ចាក ហើយពេលចាញ់មិនធ្វើ មិនមែននោះទេ យើងសង្ឃឹមថាសហព័ន្ធបាល់ទះ នឹងបន្តនិរន្តរ៍ភាពសប្បុរសធម៌នេះនៅឆ្នាំជាបន្តបន្ទាប់។»។
 
ស្ថិតក្នុងកម្មវិធីប្រគល់ថវិកាសប្បុរសធម៌របស់សហព័ន្ធបាល់ទះកម្ពុជា ទៅកាន់មន្ទីពេទ្យគុន្ធបុប្ផានោះទៀតសោត ត្រូវបានគេមើលឃើញថាក្រុមកីឡាករបាល់ទាត់វិសាខា ទាំងអស់បានចូលរួមដោយផ្ទាល់ ក្នុងនោះក៏រួមមានវត្តមានរបស់ក្រុមគ្រូបង្វឹកនៃជម្រើសជាតិបាល់ទះកម្ពុជាថែមទាំងផង។ ក្លិបបាល់ទះ​ វិសាខា ទើបដែលឈ្នះពានរង្វាន់ WSVI ឆ្នាំ ២០២៤ នៅប្រទេសតៃវ៉ាន់ ដោយបំបាក់ក្រុមម្ចាស់ផ្ទះ Win Streak ដែល វឿន វាសនា ប្រកបអាជីព លទ្ធផល ៣-១។ 
  


ដោយឡែកទាក់ទងទៅនឹងការត្រៀមខ្លួនរបស់ក្រុមបាល់ទះកម្ពុជា អាយុក្រោម ២០ឆ្នាំ វិញ លោក សិរីពិសិដ្ឋ បានអះអាងដូច្នេះថា ក្រុមនឹងធ្វើដំណើរទៅកាន់ប្រទេសថៃ នាពេលខាងមុខ ដើម្បីទៅហ្វឹកហាត់ដកស្រង់បច្ចេកទេសជាមួយក្លិបនានា នៅទីនោះ។ ការទៅហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជម្រុះដណ្តើមកៅអី ពានរង្វាន់ AVC (Asian Man’ U20 Volleyball Championship) ឆ្នាំ ២០២៤ ទល់នឹងក្រុមអាយុក្រោម ២០ឆ្នាំ វៀតណាម។ 
 
បច្ចុប្បន្នក្រុមដែលមានកៅអីវគ្គចែកពូលស្រាប់ក្នុងពាន AVC 2024 រួមមាន៖ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, ឆាយនីតៃប៉ិ, កាតា, ឥណ្ឌា, បង់ក្លាដែស, ជប៉ុន, គុយវ៉ែត, កូរ៉េខាងត្បូង និងថៃ។ ក្រុមចំនួន ៨ មកពី ៤តំបន់ជុំវិញទ្វីបអាស៊ី ផ្សេងទៀត នៅមិនទាន់ទទួលបានសំបុត្រឆ្លងទៅកាន់វគ្គចែកពូល ដោយតម្រូវឱ្យមានការប្រកួតជម្រុះ។ 
 
តំបន់អាស៊ីអាគ្នេយ៍ U-20 កម្ពុជា ត្រូវប្រកួតជាមួយ U-20 វៀតណាម ស្វែងរកកៅអីនៅក្នុងពូល D ដែលមានក្រុម ថៃ និងកូរ៉េខាងត្បូង រង់ចាំជាស្រេច។ នៅក្នុងពូល D ក៏នៅមានការប្រកួតផ្សេងមួយទៀត ដណ្តើមកៅអីដូចគ្នារវាងក្រុម កាហ្សាក់ស្ថាន ប្រជែងទល់នឹងក្រុម អ៊ូសបេគីស្ថាន (ក្រុមមកពីអាស៊ីកណ្តាល)។ ការប្រកួតជម្រុះធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះ ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣ រហូតដល់ទី ៣០ ខែមិថុនា៕





Tag:
 បាល់ទះ
  អាំង​ សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com