កីឡាជាតិ
ជាតិ
ដើម្បីគុនខ្មែរ លោក ខូវ ឆាយ និង Dave Leduc យល់ព្រមថយម្នាក់មួយជំហាន
11, Jun 2024 , 5:29 pm        
រូបភាព
 (រាប់ពីឆ្វេង) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
(រាប់ពីឆ្វេង) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោក Dave Leduc អ្នកប្រដាល់ Lethwei បានថយម្នាក់មួយជំហាន់ ហើយព្រមព្រៀងគ្នាសហការផ្សព្វផ្សាយគុនខ្មែរ។ ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា Dave Leduc ព្រមកែប្រែចំណុចខ្វះខាត ដើម្បីផ្សព្វផ្សាយគុនខ្មែរ ឲ្យត្រូវតាមវប្បធម៌របស់កម្ពុជា និងឲ្យត្រូវតាមអ្វី ដែលអ្នកគាំទ្រកម្ពុជាចង់បាន។



បន្ទាប់ពីមានការបង្ហោះសារឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម និងបណ្ដាញផ្សព្វផ្សាយរយៈពេល២ថ្ងៃ រវាងនិងប្រធានសហព័ន្ធគុនខ្មែរ និង លោក Dave Leduc ភាគីទាំងសងខាង បានព្រមព្រៀងសហការគ្នា ដោយថយម្នាក់មួយជំហាន ដើម្បីផលប្រយោជន៍គុនខ្មែរ។
 
កិច្ចចរចានេះ មានការសម្របសម្រួលពី លោក ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងលោក ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ ជាលទ្ធផល ភាគីសងខាងបានយល់គ្នា និងព្រមព្រៀងសហការគ្នា ផ្សព្វផ្សាយគុនខ្មែរ។
 
លោក ខូវ ឆាយ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា Dave Leduc មានចេតនាល្អ ក្នុងការផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែមានចំណុចខ្លះ គឺធ្វើមិនត្រូវតាមវប្បធម៌ខ្មែរ និងមិនត្រូវតាមអ្វី ដែលអ្នកគាំទ្រកម្ពុជា ចង់បាន។ ក្នុងកិច្ចចរចាដដែលនេះ Dave សន្យាសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ឲ្យកាន់តែជិតស្និត និងអនុវត្តតាមលក្ខខន្ដិកៈរបស់សហព័ន្ធ ក្នុងការផ្សព្វផ្សាយ ដើម្បីឲ្យសមស្របទៅតាមវប្បធម៌ និងទឹកចិត្តអ្នកគាំទ្រកម្ពុជា។
 
«ជាលទ្ធផល យើង បានយល់គ្នាច្រើន។ លោក Dave Leduc គាត់ស្វែងយល់ច្រើនពីអ្វី ដែលជាទង្វើរបស់គាត់កន្លងមក។ គាត់មានចេតនា ផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំណុចខ្លះគាត់ធ្វើទៅមិនត្រូវតាមវប្បធម៌ខ្មែរយើង និងតាមអ្វី ដែលប្រជាពលរដ្ឋខ្មែរ និងសហព័ន្ធគុនខ្មែរចង់បាន។ យើង បានណែនាំទៅគាត់ច្រើន ហើយគាត់ព្រមទទួលយក។ គាត់ សន្យានឹងសហការជាមួយសហព័ន្ធឲ្យបានជិតស្និត ដើម្បីចូលរួមលើកដំកើនគុនខ្មែរ ឲ្យដល់ឆាកអន្ដរជាតិ ទៅតាមលក្ខខន្ដិកៈរបស់សហព័ន្ធយើង និងសមស្របទៅតាមវប្បធម៌ខ្មែរ និងអ្វី ដែលមហាជនយើង ចង់បាន។ គាត់នឹងកែប្រែនៅចំណុចខ្វះខាតរបស់គាត់កន្លងមក។»។ លោក ខូវ ឆាយ បានបញ្ជាក់ដូច្នេះ។
 
ដោយឡែក កិច្ចព្រមព្រៀងនេះ មិនមានការចុះ MOU ទេ ប៉ុន្ដែជាកិច្ចព្រមព្រៀង ដែលត្រូវគោរពតាមគោលការណ៍សហព័ន្ធប្រដាល់គុនខ្មែរ និងស្របទៅតាមវប្បធម៌របស់កម្ពុជាប៉ុណ្ណោះ។
ចំពោះសកម្មភាពផ្សព្វផ្សាយគុនខ្មែរពីមុន របស់ Dave Leduc ត្រូវបានប្រធានសហព័ន្ធប្រដាល់គុនខ្មែរ យល់ថា មានចំណុចខ្វះខាត គឺប្រាសចាក់ពីវប្បធម៌ខ្មែរ ដែលមិនចូលចិត្តមនុស្សអួតក្អេងក្អាង។ ជាក់ស្ដែង អ្នកប្រដាល់មីយ៉ាន់ម៉ារូបនេះ ធ្លាប់បានលើកខ្លួនជាស្ដេចប្រដាល់គុនខ្មែរ និងនិយាយអួតថាខ្លួនខ្លាំងជាងកីឡាករផ្សេងៗ។ បើទោះ ពេលខ្លះបានផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តអ្នកគាំទ្រប្រដាល់គុនខ្មែរ។
 
លោក ខូវ ឆាយ បាននិយាយថា៖«កាលពីមុនមក មានចំណុចមួយចំនួន ដែលគាត់លើកឡើងមក មិនត្រូវអ្វី ដែលប្រជាពលរដ្ឋយើងចង់បាន ដូចជាយើង បានឃើញ នូវមតិរិះគន់ និងមិនគាំទ្រគាត់ទេ។ ភាពអំនួតរបស់គាត់ ហើយគាត់ថា នេះ គឺជាស្ដាយរបស់គាត់ទេ ក្នុងនាមជាកីឡាករ។ ចំពោះវប្បធម៌យើង គឺមិនចូលចិត្តឡើយអ្នកមានអំនួតនិយាយមើលងាយគូប្រកួត។ អ៊ីចឹង យើងគ្រាន់តែចង់ឲ្យគាត់កែសម្រួល ថាគាត់មិនត្រូវធ្វើបែបនេះទេ ប្រសិនជាគាត់រស់នៅកម្ពុជា និងចង់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ គាត់ត្រូវតែផ្លាស់ប្ដូរឥរិយាបទ ដូចជាការគោរពគ្នាជាដើម ដែលជាវប្បធម៌របស់ខ្មែរយើង។»។
 
គួរបញ្ជាក់ផងដែរថា វិវាទពាក្យសម្ដីតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីទាំងពីរ គឺកើតឡើង បន្ទាប់ពីលោក ខូវ ឆាយ បានហាមដាច់ខាតចំពោះ Dave Leduc ក្នុងការមកព័ន្ធជាមួយសកម្មភាពផ្សេងៗ នៃវិស័យកីឡាប្រដាល់គុនខ្មែរ។ នៅថ្ងៃទី១០ ខែមិថុនា កីឡាករ Lethwei រូបនេះ បានធ្វើសន្និសីទតបវិញ។ ការចរចា និងកិច្ចព្រមព្រៀង ត្រូវបានធ្វើនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយភាគីសងខាង យល់ស្រប និងសហការគ្នា ព្រោះតែប្រយោជន៍គុនខ្មែរ៕
 

Tag:
 Dave Leduc
  ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com