កីឡាជាតិ
ជាតិ
កម្ពុជា ធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFC U17 Asian Cup ក្នុងពូល B
13, Jun 2024 , 3:04 pm        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ AFC U17 Asian Cup 2025 ដោយស្ថិក្នុងពូល B ជាមួយអាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលីពីន និងម៉ាកាវ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។



ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៧ឆ្នាំ តំណាង៤៣ប្រទេសនៅតំបន់អាស៊ី បានចាប់ឆ្នោតរើសពូល AFC Asian Cup ឆ្នាំ២០២៥ នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៣ ខែមិថុនា។ ក្រោយចាប់ឆ្នោតដែលមាន ១០ពូល ពី A ដល់ J កម្ពុជា ស្ថិតក្នុងពូល B ដែលមាន៥ក្រុម ដូចពូល A និងពូល C ស្របពេល៧ពូលទៀតមាន៤ក្រុម ក្នុងមួយពូល។
 
កម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFC Asian Cup ក្នុងពូល B ត្រូវទទួល អាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលីពីន និងម៉ាកាវ។ ពូល A ហ្សកដានីធ្វើម្ចស់ផ្ទះ ជាមួយអ៊ីរ៉ង់ ស៊ីរី ហុងកុង និងកូរ៉េខាងជើង។ ពូល C ចិនធ្វើម្ចាស់ផ្ទះ ដោយត្រូវជួប កូរ៉េខាងត្បូង បារ៉ែន ប៊ូតង់ និងម៉ាល់ឌេវ។
 
ពូល D ថៃ ធ្វើម្ចាស់ផ្ទះ ដោយទទួលឥណ្ឌា ព្រុយណេ និងតួកមេនីស្ថាន។ ពូល E ឆាយន្នីសតៃប៉ិ ធ្វើម្ចាស់ផ្ទះ ជាមួយ អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ និងប៉ាឡេស្ទីន។ ពូល F កាតាធ្វើម្ចាស់ផ្ទះ ត្រូវទទួលជប៉ុន ម៉ុងហ្គោលី និងនេប៉ាល់។ ពូល G កូវ៉ែតធ្វើម្ចាស់ផ្ទះ ដោយទទួលអូស្ត្រាលី ឥណ្ឌូណេស៊ី និងកោះម៉ារីអាណា។ ពូល H ឡាវ ធ្វើម្ចាស់ផ្ទះ ជាមួយម៉ាឡេស៊ី អេមីរ៉ាតអារ៉ាប់រួម និងលីបង់។ ពូល I វៀតណាមធ្វើម្ចាស់ផ្ទះ ជាមួយ យ៉េមែន កៀហ្ស៊ីស៊ីស្ថាន និងមីយ៉ាន់ម៉ា និងពូល J សិង្ហបុរី ធ្វើម្ចាស់ផ្ទះ ជាមួយអូម៉ង់ តាហ្ស៊ីគីស្ថាន និងកោះហ្គាំ។
 
ក្នុងវគ្គសន្សំពិន្ទុនេះ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង១០ និងក្រុមលេខពីរល្អចំនួន៥ នឹងទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFC U17 Asian Cup ដែលអារ៉ាប៊ីសាអូឌីតធ្វើម្ចាស់ផ្ទះ នៅឆ្នាំ ២០២៥៕

Tag:
 AFC U17 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com