ជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបញ្ឈប់យកទូកកែច្នៃ ទៅចម្លងអ្នកដំណើរ
13, Jun 2024 , 8:59 pm        
រូបភាព
ទូកចម្លងសិស្សនាពេលកន្លងមក។ រូបពី ក្រសួងសាធារណការ និងដឹកជញ្ជូន
ទូកចម្លងសិស្សនាពេលកន្លងមក។ រូបពី ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញវិធានការឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ពង្រឹងការរក្សាសុវត្ថិភាពនាវា ឬទូកចម្លងដឹកអ្នកដំណើរ ពិសេសក្នុងរដូវវស្សា ដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល ហើយតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀងខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំង។ នេះបើតាមសារាចរណែនាំរបស់ក្រសួងចេញថ្ងៃទី១២មិថុនា។

 
ដើម្បីរក្សាសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមផ្លូវទឹក ក្រសួងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ និងម្ចាស់នាវាឬទូកដឹកជញ្ជូនគ្រប់ប្រភេទ ត្រូវធានាថានាវាឬទូកចម្លងរបស់ខ្លួន បានឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ ហើយផ្ដោតយកចិត្តទុកដាក់ពិនិត្យលើចំណុចចាំបាច់មួយចំនួនដូចជា សំបកទូក គ្រឿងម៉ាស៊ីន ប្រព័ន្ធចង្កូត ដំបូលទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម។
 
ជាមួយគ្នាដែរ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវាឬទូកចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវាឬទូកចម្លង»។ លោក ប៉េង ពោធិ៍នា ក៏ណែនាំឱ្យម្ចាស់ទូកទាំងអស់ ត្រូវរៀបចំកន្លែងអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់អ្នកដំណើរគ្រប់រូបផងដែរ។ 
 
ទន្ទឹមនឹងនេះ ម្ចាស់ទូក ត្រូវឱ្យអ្នកដំណើរពាក់អាវពោងឱ្យបានគ្រប់គ្នាមុនពេលចេញដំណើរ។ ចំណែក អ្នកបើកបរទូក ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពផ្លូវទឹករំហូរទឹក ហើយបើអាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ទឹកហូរខ្លាំង ឬខ្យល់កន្ត្រាក់ខ្លាំង ត្រូវផ្អាកការធ្វើដំណើរសិន៕ 
 

Tag:
 ទូកកែច្នៃ
© រក្សាសិទ្ធិដោយ thmeythmey.com