ជាតិ
វីដេអូ
ទឹកចិត្តគ្រូ! លោក តាំ ទី ឆ្លៀតពេលកាត់សក់ឱ្យសិស្សក្រីក្រ ដើម្បីជួយសម្រួលជីវភាពសិស្ស
13, Jun 2024 , 4:39 pm        
រូបភាព
សៀមរាប៖ លោក តាំ ទី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាប្រាសាទគោល ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។ គ្រូបង្រៀនជនបទមួយរូបនេះ បានឆ្លៀតពេលពីការបង្រៀន មកកាត់សក់ឱ្យសិស្ស ដើម្បីជួយសម្រួលជីវភាពសិស្ស និងពង្រឹកវិន័យសាលាផងដែរ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖

 
ជាគ្រូផ្នែកវិន័យ លោក តាំ ទី តែងតែពិនិត្យសណ្ដាប់ធ្នាក់សិស្ស និងវិន័យរបស់សិស្សជារៀងរាល់ថ្ងៃ។ បើតាមគ្រូបង្រៀនរូបនេះ សិស្សនៅក្នុងសាលាប្រាសាទគោល ភាគច្រើនជាសិស្សក្រីក្រ និងរស់នៅជាមួយយាយតា ព្រោះឪពុកម្ដាយទៅធ្វើការចំណាកស្រុក ដែលធ្វើឱ្យសិស្សខ្លះគ្មានលទ្ធភាពកាត់សក់។ 
 
មិនមែនជាអ្នកជំនាញកាត់សក់ក៏ពិតមែន ប៉ុន្តែគ្រូបង្រៀនវ័យ៣៥រូបនេះ បានខិតខំកាត់សក់ដល់សិស្សឱ្យស្អាតបាតមិនចាញ់កាត់នៅហាងឡើយ។ លោក តាំ ទី  និយាយពេលកំពុងកាត់សក់ឱ្យសិស្សដូច្នេះ៖ «គ្រួសារខ្លះគ្មានលទ្ធភាពកាត់សក់ ខ្លះឪពុកម្ដាយទៅថៃអត់មាន​លុយទៅកាត់សក់ព្រោះនៅជាមួយយាយតា។ ពេលពួកគាត់អត់កាត់សក់ ខ្ញុំក៏នឹកឃើញថា​ បើយើងកាត់សក់ឱ្យគាត់មិនស្អាត គាត់ខ្មាស់គេ គាត់មិនចង់មករៀន ។ ដូច្នេះខ្ញុំក៏សុំលោកនាយកទិញកន្រ្តៃមួយ ដើម្បីកាត់សក់ឱ្យសិស្ស»។ 
 
លោក តាំ ទី បានលះបង់ទាំងកម្លាំងកាយ ចិត្ត ក្នុងការបង្រៀនអប់រំដល់សិស្ស ដើម្បីដើរក្នុងគន្លងផ្លូវល្អ។ លោក តាំ ទី ចាត់ទុកគ្រូបង្រៀនប្រៀបដូចជាឪពុកម្ដាយទីពីររបស់សិស្ស ដែលតែងតែមានចិត្តសន្ដោសប្រណីដល់កូនគ្រប់គ្នា។ «ខ្ញុំចង់ឃើញស្ដង់ដាសក់តែមួយសម្រាប់សិស្សប្រុស ហើយសិស្សស្រីចងសក់ស្អាតៗ យើងសប្បាយចិត្តដូចឪពុកម្ដាយឃើញកូនចេះរៀបចំខ្លួន ដោយមិនចង់បានលុយពីពួកគាត់ទេ សំខាន់ចង់ឱ្យគាត់មានទម្លាប់ល្អនៅក្នុងសហគមន៍របស់គាត់»។ នេះជាការលើកឡើងរបស់លោក តាំ ទី ដែលគ្រូបង្រៀនរូបនេះ រំពឹងថា ការអប់រំរបស់លោក នឹងក្លាយជាគំរូល្អដល់សិស្សទៅថ្ងៃអនាគត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com