កីឡាជាតិ
ជាតិ
ជាម្ចាស់ផ្ទះ​យុទ្ធគុនចម្រុះជើងឯកអាស៊ី កម្ពុជា​អាចបង្ហាញសក្តានុពលក្បាច់គុនខ្លួនទៅកាន់អន្តរជាតិ
14, Jun 2024 , 7:59 am        
រូបភាព
សន្និសីទសារព័ត៌មានយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២
សន្និសីទសារព័ត៌មានយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថាគោលបំណងកម្ពុជា ក្នុងការធ្វើម្ចាស់ផ្ទះយុទ្ធចម្រុះជើងឯកអាស៊ី លើកទី២ គឺដើម្បីធ្វើសមាហរណកម្មកីឡាករ-កីឡាការិនីកម្ពុជា ទៅឆាកអន្ដរជាតិ និងដើម្បីឲ្យអត្ដពលិកទាំងនោះ មានបទពិសោធន៍ប្រកួតកម្រិតអន្ដរជាតិខ្ពស់ៗ។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ ក្នុងសន្និសីទសារព័ត៌ស្ដីពី«ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២» នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។



កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់ពីគោលបំណង នៃការធ្វើម្ចាស់ផ្ទះថា គោលបំណងទី១ ជួយដល់កីឡាករ-កីឡាការិនីប្រដាល់ មានឱកាសចូលរួមប្រកួតកម្រិតខ្ពស់របស់យុទ្ធគុនចម្រុះ ព្រោះអាស៊ីជាប្រភពក្បាច់គុន បើធៀបទៅទ្វីប និងតំបន់ផ្សេង។ អគ្គលេខាធិការរូបនេះ ពន្យល់បន្ថែមថា មានប្រទេសជាច្រើន មានក្បាច់គុនដើម ចិន ជប៉ុន កូរ៉េ និង អ៊ីរ៉ង ជាដើម។ ដោយឡែក កម្ពុជា ក៏ជាប្រទេសមានក្បាច់គុនបុរាណជារបស់ខ្លួន ដែរ។ 
 
ចំណែកគោលបំណងទី២ លោក វ៉ាត់ ចំរើន ប្រាប់ថា គឺដើម្បីធ្វើសមាហរណកម្ម ឲ្យកីឡាករ-កីឡាការិនីកម្ពុជា ស្គាល់ក្រិតក្រម នៃការប្រកួត បទបញ្ជារ និងវិន័យច្បាស់លាស់ នៃចលនាកីឡាអន្ដរជាតិ។ «យើង ធ្វើសមាហរណកម្ម ឲ្យកីឡាករ-កីឡាការិនីរបស់យើង ស្គាល់ថាអ្វីទៅជាការប្រកួត ដែលមានក្រិតក្រម និងវន័យច្បាស់លាស់ ក្នុងចលនាកីឡាអន្ដរជាតិ មិនមែនប្រកួតដើម្បីតែប្រជែងគ្នា យកលាភសក្ការៈទេ ប៉ុន្ដែប្រកួតគ្នាយកកេរ្ដិ៍ឈ្មោះ កិត្តិយសជាតិមួយ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។
 
សហព័ន្ធយុទ្ធគុនចម្រុះអាស៊ី មានគោលបំណងដាក់បញ្ចូលកីឡាយុទ្ធគុនចម្រុះ ចូលក្នុងការប្រកួតអាស៊ីហ្គេម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងអូឡាំពិកហ្គេម ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។ 
 
លោក វ៉ាត់ ចំរើន បន្ថែមថា ការធ្វើសមាហរណកម្មកីឡាករ-កីឡាករិនីយុទ្ធគុនចម្រុះ យុទ្ធគុនខ្មែរ ទៅលើឆាកអន្ដរជាតិ គឺដើម្បីឲ្យពួកគេមានឱកាសប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិធំ ប្រចាំទ្វី និងប្រចាំពិភពលោក។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រៀមកីឡាករ-កីឡាការិនី១៦រូប ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, អេ វីរៈខាំឈិតភូថង, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Tag:
 យុទ្ធគុនចម្រុះ
  MMA
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com