ជាតិ
សង្គមជាតិ
ករណីគ្រឿងញៀន៖ លោក មាស វីរិទ្ធ ជំរុញឱ្យបង្ការ ទប់ស្កាត់ និងអប់រំ ប្រសើរជាងការបង្ក្រាប
14, Jun 2024 , 6:59 pm        
រូបភាព
លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ (រូបកណ្ដាល)
លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ (រូបកណ្ដាល)
ភ្នំពេញ៖ លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា ការបង្ការ ទប់ស្កាត់ និងអប់រំ លើករណីគ្រឿងញៀន ជាជម្រើសល្អប្រសើរជាងការបង្ក្រាបឥតឈប់ឈរ។

 

អាជ្ញាធរបានដុតបំផ្លាញគ្រឿងញៀនជាង៤តោន និងសារធាតុញៀនជាង៣តោន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អាជ្ញាធរអះអាងថា គ្រឿងញៀនទាំងនេះ ត្រូវបានប្រមូលតាំងពីឆ្នាំ២០២២ ២០២៣ និងដើមឆ្នាំ២០២៤ ។ ក្នុងសំណុំរឿងចំនួន៥៤ករណីនេះ គឺមានសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។
 
គ្រឿងញៀនដែលបានដុតបំផ្លាញទាំងនេះ បើគិតជាតម្លៃជួញដូរលើទីផ្សារអន្តរជាតិវិញ មានតម្លៃប្រមាណ២២លានដុល្លារ ហើយបើគិតជាតម្លៃចែកចាយក្នុងស្រុកវិញ មានទំហំជាង៦៧លានដុល្លារ។ លោក មាស វីរិទ្ធ អះអាងបែបនេះ ។
 
លោកបន្ថែមថា៖ «គ្រឿងញៀនជាង៤តោននេះ បើសិនសមត្ថកិច្ចទាំងអស់មិនចាប់បានវិញ! អ្នករងគ្រោះនឹងមានរាប់លាននាក់។ ហើយបើសិនយក៦៧លានដុល្លារនេះ ទៅព្យាបាលវិញ គឺមិនអាចទូទាត់បានទេ ព្រោះការព្យាបាលមានតម្លៃខ្ពស់ជាងនេះឆ្ងាយណាស់!»។ 
 
នៅថ្ងៃទី២២ មិថុនានេះ ជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ។ កម្ពុជានឹងប្រារព្ធទិវានេះ ក្រោមប្រធានបទ៖ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។ លោក មាស វីរិទ្ធ បានសង្កត់ធ្ងន់ថា៖ «យើងវិនិយោគលើការបង្ការ ទប់ស្កាត់ អប់រំ ប្រសើរជាងការបង្ក្រាប ព្រោះបង្ក្រាបយើងត្រូវបង្ក្រាបជាប្រចាំ...»។ 
 
ជាមួយគ្នាដែរ លោកអំពាវនាវឱ្យមហាជនចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងអប់រំ ពីករណីគ្រឿញៀន ដើម្បីសង្គមកាន់តែល្អប្រសើរ។ 
 
សូមជម្រាបថា ៤ខែ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបាន៣១៤០ករណី និងឃាត់ខ្លួនជនសង្ស័យបាន៧៧០៨នាក់៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com