ជាតិ
សេដ្ឋកិច្ច
កម្ពុជា ខ្ចីប្រាក់ពីបរទេសថយចុះ៧១ភាគរយ ក្នុងត្រីមាសទី១
14, Jun 2024 , 8:19 pm        
រូបភាព
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
នៅត្រីមាសទី១ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍនានា ក្នុងទំហំ១៤០,១៤លានដុល្លារអាម៉េរិក។ ទំហំកម្ចីនេះ គឺថយចុះទៅដល់៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទើបចេញផ្សាយនាថ្ងៃទី១២មិថុនា។

 
ទំហំកម្ចីដែលកម្ពុជាកិច្ចព្រមព្រៀងលើនេះ មានសមមូលនឹង១០៥,២៥លានអេសដេអ៊ែរ ដែលស្មើនឹងប្រមាណ៦ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ)ក្នុងឆ្នាំ២០២៤។ បើតាមស្ថិតិពីក្រសួងសេដ្ឋកិច្ច ទំហំកម្ចីទាំង១៤០,១៤លានដុល្លារនេះ គឺជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី។ 
 
« ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤០ភាគរយ។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។ ក្រសួងសេដ្ឋកិច្ចបានអះអាងបែបនេះនៅក្នុងព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលកម្ចីទាំងនោះនឹងយកអភិវឌ្ឍនវិស័យសំខាន់នានា។ ក្នុងនោះ ទំហំកម្ចីប្រមាណ៥២ភាគរយ រដ្ឋាភិបាលនឹងយកអភិវឌ្ឍវិស័យវិស័យដឹកជញ្ជូន។ 
 
ជាមួយនឹងទំហំកម្ចីថ្មីនេះ​ រដ្ឋាភិបាលក៏បានទូទាត់សងបំណុលក្នុងនិងក្រៅប្រទេស បានចំនួន១៨១,៥៥លានដុល្លារ ផងដែរ។  ក្នុងនោះ រដ្ឋសងបំណុលក្រៅប្រទេសអស់១៨១លានដុល្លារ ខណៈការសងបំណុលក្នុងស្រុកអស់៥៥ម៉ឺនដុល្លារ។ ទំហំទឹកប្រាក់ដែលរដ្ឋាភិបាលទូទាត់សង នៅក្នុងត្រីមាសទី១នេះ មានកំណើន០,៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ 
 
ត្រឹមដំណាច់ត្រីមាសទី១​ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប១១,០៩ប៊ីលានដុល្លារ ក្នុងនោះ បំណុលក្រៅប្រទេសមានដល់១១ប៊ីលានដុល្លារ ស្មើនឹង៩៩,១២ភាគរយនៃបំណុលសរុប។​ បើតាមក្រសួងសេដ្ឋកិច្ច ក្នុងចំណោមបំណុលក្រៅប្រទេស​នេះ គឺមានប្រមាណ៦៤ភាគរយ ជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី ហើយ​ប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេនោះ គឺប្រទេសចិន។ បន្ទាប់មក គឺជប៉ុន កូរ៉េខាងត្បូង និងប្រទេសបារាំង៕

Tag:
 ហិរញ្ញវត្ថុ
  បំណុលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com