ជាតិ
អាជ្ញាធរអប្សរាគ្រោងដាំដើមត្នោតជាង២ពាន់ដើមទៀតនាឆ្នាំនេះ
15, Jun 2024 , 10:40 am        
រូបភាព
ដើមត្នោតដែលដាំនៅជើងទំនប់នៃសំណង់ទ្វារទឹកតាសោម
ដើមត្នោតដែលដាំនៅជើងទំនប់នៃសំណង់ទ្វារទឹកតាសោម
សៀមរាប៖ ដើម្បីអភិរក្សដើមត្នោតនៅតំបន់អង្គរ អាជ្ញាធរជាតិអប្សរាមានគម្រោងដាំរុក្ខជាតិ ជាអត្តញ្ញាណជាតិនេះជាង២ពាន់ដើមទៀតនៅឆ្នាំនេះ។

មន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ លោក ញ៉ែម រស្មី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាមានគម្រោងដាំដើមត្នោតបន្ថែម ២,៤០០ដើមទៀត នៅតំបន់អង្គរ ដើម្បីបង្កើនរុក្ខជាតិជាអត្តសញ្ញាណនេះកាន់តែច្រើននៅតំបន់បេតិកភណ្ឌ។ លោក រស្មី បន្ថែមថា ដើមត្នោតទាំងនោះ កំពុងបណ្ដុះនៅតាមស្ថានីយក្នុងតំបន់អង្គរ និងអាចយកទៅដាំបាន កំឡុងរដូវភ្លៀងឆាប់ៗនេះ។ 
 
តាមការបញ្ជាក់ពីលោក រស្មី  កន្លងទៅអាជ្ញាធរជាតិអប្សរាបានដាំដើមត្នោតនេះ៥ពាន់ដើមរួចហើយ ដែលដាំនៅតាមខ្នងទំនប់ មាត់បារាយណ៍ជាដើម។ ក្រៅពីដើម្បីអភិរក្ស ការដាំដើមត្នោតនេះ ក៏ក្នុងន័យដើម្បីទុកឱ្យពលរដ្ឋប្រមូលផល និងប្រើប្រាស់នាពេលអនាគតដែរ។ បច្ចុប្បន្ននេះ ដោយមិនមានការដាំឡើងវិញ អាជ្ញាធរជាតិអប្សរាបារម្ភថា ប្រសិនបើការប្រមូលផល និងការដកហូតដើមត្នោត​កាន់តែច្រើន នោះវាអាចនឹងប្រឈមនឹងការបាត់បង់នាពេលឆាប់រហ័ស ដ្បិតគេត្រូវការដាំដើមត្នោតច្រើនឆ្នាំទម្រាំអាចប្រមូលផលបាន។ 


ការបណ្ដុះ និងថែទាំកូនត្នោតនៅស្ថនីយក្រាំងក្រូច
 
ចំណុចនេះលោក រស្មី ពន្យល់ថា៖« ជាគំនិតថ្នាក់ដឹកនាំ ប្រជាជនអាចអាស្រ័យផលដើមត្នោតបាន ទឹក និងដើម ដើម្បីទ្រង់ទ្រង់ជាជីវភាពប្រចាំថ្ងៃ តែមិនអនុញ្ញាតឱ្យកាប់ទេ ព្រោះដើមវាត្រូវចំណាយពេលយូរ​ទម្រាំធំ។ ដើមត្នោតចំណាយពេលយូរលើស២០ឆ្នាំអី ទើបអាចទទួលផលបាន ព្រោះកន្លងមកដើមត្នោត១០ឆ្នាំ ដែលយើងបានដាំ គឺវាទើបលូតផុតពីដីបានកម្ពស់ល្មមទេ»។
 
ដើមត្នោតមានអត្ថប្រយោជន៍លើសលុប រាប់ចាប់ពីស្លឹក រហូតដល់ដើម។ ស្លឹកអាចយកធ្វើដំបូល ទឹកសម្រាប់ពិសារ និងធ្វើស្ករ រីឯដើមវិញ អាចច្នៃធ្វើសម្ភារប្រើប្រាស់ផ្សេងៗតាមតម្រូវការជាក់ស្ដែង។ 
 

កូនត្នោតដែលបណ្ដុះនៅស្ថានីយក្រាំងក្រូច
 
មែនទែនទៅ ការបណ្ដុះដើមត្នោតមិនមែនរឿងងាយស្រួលប៉ុន្មានទេ។ លោក រស្មី ពន្យល់ថា ដំបូងគេត្រូវរើសគ្រាប់ត្នោតមករក្សាទុកនៅស្ថានីយ បន្ទាប់មកគេត្រូវបំបែកគ្រាប់វាមួយៗ​ដើម្បីងាយស្រួលបណ្ដុះ ហើយការបណ្ដុះទៀតសោតត្រូវផ្អាប់ទុកទម្រាំវាចេញជាពន្លកបន្តិត​ទើបរៀបដាក់វាក្នុងថង់បណ្ដុះ។ លុះកូនត្នោតធំបន្ដិច គេត្រូវដូរថង់ថ្មីរៀងធំបន្ដិច ការណ៍នេះដើម្បីឱ្យត្នោតលូតលាស់ល្អ ហើយត្រូវថែវាឱ្យដិតដល់ទម្រាំដល់អាយុ​អាចយកទៅដាំបាន។ លោក រស្មី បន្ថែមថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាមានស្ថានីយ​បណ្ដុះរុក្ខជាតិចម្រុះសរុប១០ទីតាំង ក្នុងនោះដើមត្នោតមានបណ្ដុះនៅស្ថានីយក្រាំងក្រូច ស្ថានីយព្រះខ័ន និងស្ថានីយអូរខ្លូត។ 
 
ក្រៅពីដើមត្នោត កន្លងមកអាជ្ញាធរជាតិអប្សរាក៏បានដាំរុក្ខជាតិមួយចំនួនទៀត ដែលជាប្រភេទជិតផុតពូជ ក្នុងនោះរួមមាន សុក្រំ នាងនួន បេង ធ្នង់ជាដើម ពិសេសរុក្ខជាតិព្រៃដែលសឹងជិតផុតពូជស្ទើរទាំងអស់ ដោយសារ​សកម្មភាពកាប់ទន្រ្ទានព្រៃ។  រុក្ខជាតិទាំងនោះត្រូវបានដាក់ស្លាកឈ្មោះដើម្បីឱ្យពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានស្គាល់ពេលមកកម្សាន្តតំបន់អង្គរ។ មន្រ្តីអាជ្ញាធរជាតិអប្សរា លោក ញ៉ែម រស្មី ដាក់ក្ដីរំពឹងថា ទៅអនាគតប្រសិនសាធារណជនចង់ស្គាល់រុក្ខជាតិដែលជិតបាត់បង់ ឬមានតិច នោះពួកគេអាចមកមើលនៅតំបន់អង្គរបាន។ 


ដើមត្នោតដែលដាំនៅជើងទំនប់សំណង់ទ្វារទឹកតាសោម

ទន្ទឹមនឹងនេះដែរ មន្រ្តីអាជ្ញាធរជាតិអប្សរា ក៏ចង់ឱ្យពលរដ្ឋចូលរួមថែរក្សានៅតំបន់អង្គរ ដែលបានដាំរួច ហើយចូលរួមដាំដើមឈើឡើងវិញ​ឱ្យបានច្រើន។ ចំពោះការចូលរួមដាំ ប្រជាពលរដ្ឋអាចមកស្នើសុំ​កូនឈើនានា​នៅតំបន់អង្គរយកទៅដាំនៅតាម​ដីឯកជនពួកគេបាន ហើយការស្នើសុំនោះគឺដោយឥតគិតថ្លៃ។ ការងារនេះដើម្បីបង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាក្តីកង្វល់ដ៏ធំសម្រាប់ពិភពលោកសព្វថ្ងៃនេះ ដែលកម្ដៅថ្ងៃមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

Tag:
 (ដើមត្នោត)
© រក្សាសិទ្ធិដោយ thmeythmey.com