អន្តរជាតិ
លោកពូទីនដាក់លក្ខខណ្ឌអ៊ុយក្រែនដកទ័ពចេញពីតំបន់ភាគខាងកើត បើចង់បានសន្តិភាព
15, Jun 2024 , 11:20 am        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែមិថុនា បានប្រាប់អ៊ុយក្រែនឱ្យដកទ័ពចេញពីតំបន់ភាគខាងកើត និងខាងត្បូង ដែលបានផ្តាច់ខ្លួននៅពេលកន្លងមក រួមទាំងលុបចោលសំណើចូលអង្គការណាតូ ប្រសិនបើចង់បានសន្តិភាព។ យ៉ាងណាមិញ ការដាក់លក្ខខណ្ឌបែបនេះ ត្រូវបានមេដឹកនាំអ៊ុយក្រែនរិះគន់យ៉ាងខ្លាំង។

ស្របពេលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ កំពុងជួបប្រជុំគ្នានៅអ៊ីតាលី ដើម្បីដាក់សម្ពាធលើរុស្ស៊ី និងមុនពេលកិច្ចប្រជុំកំពូលសន្តិភាពចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា លោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី​ បានដាក់លក្ខខណ្ឌមួយចំនួន ដើម្បីអាចឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាព និងបញ្ចប់សង្រ្គាម។ 
 
«ទ័ពអ៊ុយក្រែន ត្រូវតែដកចេញឱ្យអស់ពីតំបន់ Donetsk, Lugansk, តំបន់ Kherson និងតំបន់ Zaporizhzhia»។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់បែបនេះ ទៅកាន់មន្រ្តីទូតរុស្ស៊ី ក្នុងថ្ងៃទី១៤ ខែមិថុនា។ តំបន់ទាំង៤ នេះ បានប្រកាសផ្តាច់ខ្លួននៅក្នុងឆ្នាំ២០២២ ក្រោយប្រតិបត្តិការយោធារុស្ស៊ី។ យ៉ាងណាមិញ ទ័ពអ៊ុយក្រែន នៅតែគ្រប់គ្រងមួយភាគធំនៅតំបន់ Kherson, និងតំបន់Zaporizhzhia។ 
 
ខណៈសង្រ្គាមបន្តអូសបន្លាយចាប់តាំងពីឆ្នាំ២០២២ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី បានដាក់លក្ខខណ្ឌផ្សេងទៀតសម្រាប់អ៊ុយក្រែនដូចជា ឱ្យលុបចោលសំណើសុំចូលជាសមាជិកអង្គការណាតូ, លុបបំបាត់អាវុធ និងកម្លាំងប្រដាប់អាវុធ។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ី ដែលកាន់អំណាចជាច្រើនទសវត្សរ៍មកនេះថា បើអ៊ុយក្រែនអាចធ្វើបាន កិច្ចចរចា នឹងចាប់ផ្តើម។ 
 
យ៉ាងណាមិញ សំណើរបស់រុស្ស៊ីខាងលើ គឺផ្ទុយស្រឡះទាំងស្រុង បើធៀបជាមួយសំណើសន្តិភាពអ៊ុយក្រែន ដែលទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីដែនដីរបស់ខ្លួនឱ្យអស់។ 
 
ពីក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានផ្តល់កិច្ចសម្ភាសនជាមួយទូរទស្សន៍អ៊ីតាលី Sky TG24 TV ថា សំណើរបស់លោកពូទីន គឺមានលក្ខណៈខ្លាំងជ្រុលពេក ហើយមានតែលោកហ៊ីត្លែរប៉ុណ្ណោះ ដែលធ្វើវាបាន។ 
 
ចំណែកក្រសួងការបរទេសអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលការទាមទាររបស់រុស្ស៊ី ហើយថែមទាំងចាត់ទុករុស្ស៊ីចង់បានដែនដីរបស់ខ្លួន និងការបំផ្លាញលើប្រជាជនអ៊ុយក្រែន។ ដោយឡែកប្រមុខការពារជាតិអាម៉េរិក បានចាត់ទុកជាថ្មីនូវការគ្រប់គ្រង់របស់រុស្ស៊ីលើអ៊ុយក្រែនជារឿងខុសច្បាប់៕

Tag:
 (រុស្ស៊ី
  អ៊ុយក្រែន)
© រក្សាសិទ្ធិដោយ thmeythmey.com