ជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ ជំនាញវិជ្ជាជីវៈ ជាមុមសំខាន់សម្រាប់អនាគតយុវជន មកពីគ្រួសារក្រីក្រ
15, Jun 2024 , 2:00 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងកម្មករនិយោជិត នឹងមានជំនាញមួយពិតប្រាកដសម្រាប់អនាគត។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ 

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់គុណភាព គុណតម្លៃ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ជាមុមសំខាន់មួយ នៃយុទ្ធសាស្រ្តបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជារបៀបវារៈក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់។
 
«ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្ដានុពល»។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ។ 
 
យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យទូទាំងប្រទេសប្រមាណ ១,៥ លាននាក់ នឹងមានជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិត១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ។ កម្មវិធីនេះ ត្រូវបានរដ្ឋាភិបាលអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ 
 
រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យអាណាព្យាបាល អនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែច្រើន។ ការរៀនជំនាញវិជ្ជាជីវៈ ជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់សម្រាប់អនាគត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com