អន្តរជាតិ
តើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានអំណាចបែបណា?
15, Jun 2024 , 4:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖ គី ស៊ីណា (Ky Syna)
ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ (UNSC) ជាអង្គភាពមួយដែលសំខាន់ក្នុងចំណោមអង្គភាពទាំងប្រាំមួយផ្សេងទៀត ដែលបង្កើតឡើងដោយរដ្ឋធម្មនុញ្ញរអង្គការសហប្រជាជាតិ។ ទំនួលខុសត្រូវធំបំផុតរបស់អង្គការសហប្រជាជាតិ គឺការការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ។

ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិមានសមាជិកចំនួន ១៥ប្រទេស ដែលក្នុងនោះមានសមាជិកអចិន្ត្រៃយ៍មានចំនួន ៥រដ្ឋ និងសមាជិកមិនអចិន្ត្រៃយ៌ ១០រដ្ឋ។ សមាជិករដ្ឋនីមួយៗ មានមួយសំឡេង ហើយសមាជិកទាំងអស់ត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ។
 
ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ អាចដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធដល់សន្តិភាពពិភពលោក ឬជម្លោះ។ ក្រុមប្រឹក្សាសន្តិសុខអាចកោះហៅភាគីជម្លោះមកដោះស្រាយបញ្ហា និងណែនាំ ដើម្បីដោះស្រាយជម្លោះ។ 
 
ក្នុងករណីខ្លះទៀត​ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិក៏អាចដាក់ទណ្ឌកម្ម ឬប្រើអំណាចកម្លាំងទ័ព ក្នុងការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ មានប្រធានដែលវិលជុំ និងផ្លាស់ប្ដូរជារៀងរាល់ខែ។
 
អាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ
 
ធម្មនុញ្ញអង្គការសហប្រជាជាតិ បានចែងពីអង្គភាពប្រាំមួយសំខាន់ៗ ក្នុងនោះរួមានក្រុមប្រឹក្សាសន្តិសុខផងដែរ។ ទំនួលខុសត្រូវដ៏សំខាន់ គឺការការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ នៅពេលដែលមានការគំរាមដល់សន្តិភាព។
 
តាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិមានគោលបំណងបួនសំខាន់ៗគឺ ការពារសន្តិភាព និងសន្តិសុខអន្តរជាតិ, ធ្វើឱ្យមានទំនាក់ទំនងស្និទ្ធស្នាលរវាងបណ្ដាប្រទេសនានា, សហការគ្នាដោះបញ្ហាអន្តរជាតិ និងធ្វើឱ្យមានភាពសុខដុមរមនានៃសកម្មភាពរបស់រដ្ឋ។ 
 
តួនាទី និងអំណាច
 
តាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ តួនាទី និងអំណាចរបស់ក្រុមប្រឹក្សាសន្តិសុខមានដូចជា ការពារសន្តិសុខ និងសន្តិភាពអន្តរជាតិយោងទៅតាមគោលការណ៌ និងគោលបំណងនៃអង្គការសហប្រជាជាតិ, ស៊ើបអង្កេត និងតាមដានពីជម្លោះទាំងឡាយ និងស្ថានភាពដែលធ្វើឱ្យកើតមានវិវាទអន្តរជាតិ, ណែនាំពីវិធីនៃការសម្របគ្នាក្នុងជម្លោះ ឬវិធីនៃការដោះស្រាយ និងបង្កើតផែនការសម្រាប់ប្រព័ន្ធច្បាប់ប្រើប្រាស់សព្វាវុធ។ 
 
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច, វិធានការយោធា, ការដំណើរការក្រុមប្រឹក្សាអាណាព្យាបាល និងចាត់តាំងចៅក្រមនៃតុលាការអន្តជាតិក៏ជាសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។
 
ថែរក្សាសន្តិភាព និងសន្តិសុខ
 
នៅពេលពាក្យបណ្ដឹងត្រូវបានដាក់ទាក់ទងនឹងការគំរាមគំហែងដល់សន្តិភាពពិភពលោក សកម្មភាពដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខ គឺណែនាំភាគីជម្លោះដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈ ការដាក់ចេញនូវគោលការណ៌រវាងភាគីទាំងសងខាង, ការសង្កេតការណ៌ និងធ្វើជាអាជ្ញាកណ្ដាល, ចាត់តាំងបេសកម្មជន ដើម្បីសម្រួលដល់ការដោះស្រាយជម្លោះ។ 
 
បើក្នុងករណីជម្លោះអាចអោយកើតមានរកាំរកូសខ្លាំង ការព្រួយបារម្ភចម្បងរបស់ក្រុមប្រឹក្សាសន្តិសុខនោះ គឺការបញ្ចប់ជម្លោះរវាងភាគីទាំងពីរអោយបានឆាប់បំផុតដោយ ដាក់ចេញនូវបទបញ្ជាបញ្ឈប់ការបាញ់គ្នាដើម្បីកាត់បន្ថយការរិករាលដាលនៃជម្លោះ, ចាត់បញ្ចូនកងកម្លាំង និងកម្លាំងការពារសន្តិសុខ ដើម្បីជួយកាត់បន្ថយភាពតានតឹង និងនីតិវិធីឈានដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។
 
ជាងនេះទៅទៀត ក្រុមប្រឹក្សាសន្តិសុខក៏អាចចាត់តាំងវិធានការមួយចំនួនទៀតដូចជាទណ្ឌកម្មសេដ្ឋកិច្ច ការដាក់កំហិតលើការជួញដូរសព្វាវុធ និងការបង្កកហិរញ្ញវត្ថុ។ ស្នាក់ការកណ្តាលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាននៅក្រុងញូវយ៉ក អាម៉េរិក៕

Tag:
 (ក្រុមប្រឹក្សាសន្តិសុខ
  UN)
© រក្សាសិទ្ធិដោយ thmeythmey.com