ជាតិ
វីដេអូ
សង្គមជាតិ
ស្ដេចស៊ីក្លូ វ័យ៧៤ឆ្នាំ លោក ទួន ឡេង ប្រើពេលជាង៤ទសវត្សរ៍ លើរបរចំណាស់មួយនេះ
15, Jun 2024 , 5:20 pm        
រូបភាព
ភ្នំពេញ៖ តុបតែងខ្លួនជាតួអង្គស្ដេចសម័យបុរាណ ក្នុងឈុតក្បិនពណ៌មាស មានគ្រឿងអលង្ការលម្អកាយសព្វគ្រប់ ទាំងសូរង-ក ស្នាប់ដើមដៃ ខ្សែក្រវាត់ រួមទាំងមកុដមាសផង នេះជាលើកដំបូងក្នុងឆាកជីវិតរបស់លោក ទួន ឡេង អ្នកធាក់ស៊ីក្លូជាង៤ទសវត្សរ៍ នៅរាជធានីភ្នំពេញ។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

លោក ទួន ឡេង ប្រកបរបរធាក់ស៊ីក្លូជាង៤០ឆ្នាំហើយ នៅម្ដុំផ្សារកណ្ដាល និងវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ វ័យ៧៥ឆ្នាំ លោក ឡេង ទើបតែមានឱកាសតុបតែងខ្លួនបុរាណប្រពៃណីខ្មែរលើកទី១ ក្នុងគម្រោងស្ដេចស៊ីក្លូ (Cyclo King Project) របស់ក្រុមអ្នកថតរូបបែបច្នៃប្រឌិត។ លោក ទួន ឡេង យល់ថានេះជាសំណាងរបស់លោក ដែលបានគ្រងឈុតបុរាណជាតួអង្គស្ដេចខ្មែរ ដ្បិតលោកមិនធ្លាប់ស្រមៃថាអាចស្លៀកពាក់បែបនេះពីមុនឡើយ។
  
រូបភាពពី Cambodia Streetwise
 
បុរសចំណាស់វ័យ៧៥ឆ្នាំរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដោយអារម្មណ៍រំភើប ទឹកមុខសប្បាយរីករាយពេលរម្លឹកដល់គ្រា ដែលលោកមានឱកាសគ្រងឈុតបុរាណកាលពីសប្ដាហ៍កន្លងទៅយ៉ាងដូច្នេះថា៖«ខ្ញុំសប្បាយចិត្តបានស្លៀកពាក់អ៊ីចឹង។ ខ្ញុំមើលឃើញខ្លួនស្អាត ព្រោះមិនដែលបានស្លៀកអ៊ីចឹងផង យើងធាក់តែស៊ីក្លូ។ គេតែងឱ្យស្លៀកក្បិន គេពាក់ដៃពាក់អីឱ្យ អ៊ីចឹងឃើញខ្លួនឯងស្អាតតែម្ដង»។ 
  


យ៉ាងណាលោក ទួន ឡេង គ្មានបំណង ឬក្ដីស្រមៃថាចង់ស្លៀកពាក់ឈុតបុរាណថតរូបអ្វីដូច្នោះឡើយ ប៉ុន្តែវាអាចសំណាងរបស់លោក ដែលត្រូវបានក្រុមអ្នកថតរូបច្នៃប្រឌិតជ្រើសរើសឱ្យតុបតែងខ្លួនថតរូបជាមួយភរិយាមានវ័យ៧៦ឆ្នាំ។ មែនទែនទៅ គម្រោងស្ដេចស៊ីក្លូ (Cyclo King Project) បានជ្រើសរើសអ្នកធាក់ស៊ីក្លូចំណាស់២នាក់ និងភរិយា មានលោក ទួន ឡេង និងចំណាស់ធាក់ស៊ីក្លូម្នាក់ទៀត ដែលមានវ័យ៩៤ឆ្នាំឯណោះ៕





Tag:
 ទួន ឡេង
 ស្ដេចស៊ីក្លូ
© រក្សាសិទ្ធិដោយ thmeythmey.com