RFI
អន្តរជាតិ
រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ
03, Jul 2024 , 8:29 am        
រូបភាព
រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ AP - Fernando Vergara
រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ AP - Fernando Vergara
ដោយ៖ទន់ ពុទ្ធពិសិដ្ឋ (RFI ខេមរភាសា) 
 
នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមី មកពីចិន ប្រមាណជាង៧តោន។ គួរបញ្ជាក់ថា សមាធាតុគីមីដែលរឹបអូសបាននេះ អាចផលិតថ្នាំញៀនជាង១០លានគ្រាប់ ជាអាទិ៍ ថ្នាំអេស្តាស៊ី និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៦៣០លានអ៊ឺរ៉ូ។ ក្នុងនោះជនជាតិចិនពីរនាក់ ត្រូវបានចាប់ខ្លួននៅប្រទេសហូឡង់ និងអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ទៀត មកពីទីក្រុងមីឡង់ ភាគខាងជើងប្រទេសអ៊ីតាលី កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបឋមនៅឡើយ។ ជនសង្ស័យអ៊ីតាលីរូបនេះ គឺជាមេខ្លោងនាំចូលសារធាតុគីមីស្របច្បាប់ ប៉ុនែ្តទំនងជាយកមកផលិតគ្រឿងញៀនខុសច្បាប់។ បន្ទាប់មក គ្រោងលក់នៅប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គយអ៊ីតាលី។

 
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើនេះ ភ្នាក់ងារស៊ើបអង្កេត រឹបអូសបានសមាសធាតុផ្សំគ្រឿងញៀនមកពីចិន ចំនួនសរុប ៦៣៣៧ តោន ដែលអាចផលិតថ្នាំញឿន ប្រមាណជាង ៦៣លានគ្រាប់។ នេះបើគិតតាំងពីឆ្នាំ២០២២។ គួរបញ្ជាក់ថា ទំនិញខុសច្បាប់ទាំងនេះ ត្រូវបានគេរឹបអូសនៅអាកាសយានដ្ឋាន ម៉ាល់ប៉ង់សា នៃទីក្រុងមីឡង់ នៅក្នុងពេលពិនិត្យទំនិញប្រកាសគយ។
 
ទំនិញដែលប្រកាសគយ គឺជាប្រភេទម្សៅប៉ូលីស្ទែរ ប៉ុន្តែតាមពិត គឺជាគ្រាប់ម្សៅពណ៌សនិងដុំម្សៅពណ៌លឿង ដែលផ្ទុយពីការប្រកាស។ យោងតាមការវិភាគនៅមន្ទីរពិសោធន៍ ម្សៅទាំងនេះ គឺគេយកផ្សំផលិតថ្នាំញៀន អេស្តាស៊ី។ ទន្ទឹមនឹងនេះ ប៉ូលីសហូឡង់ ក៏បានកំណត់មុខសញ្ញាទីតាំងស្តុកថ្នាំញៀន ប្រភេទ កេតាមីន ម៉េទីឡាមីន និងហាស្ស៊ីក។
 
ដោយឡែក នៅពេលដែលមានការចោទសួរទាក់ទងនឹងការរឹបអូសទំនិញខុសច្បាប់ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅនិង បានបញ្ជាក់ថាចិនមិនបានដឹងពីរឿងនេះឡើយ។ ចិនក៏មិនអត់អោនដល់រាល់ឧក្រិដ្ឋកម្មគ្រឿងញៀនខុសច្បាប់ ហើយត្រៀមសហការអន្តរជាតិ នៅក្នុងរឿងនេះ។
 
គួរបញ្ជាក់ថា ចិនគឺជាប្រទេសនាំមុខគេផលិតសារធាតុគីមី សម្រាប់ផលិតសារធាតុញឿនសំយោគ។
 
អាមេរិក ចោទចិនថាមិនអើពើនឹងការទប់ស្កាត់ការផលិត និងការនាំចេញទំនិញខុសច្បាប់ទៅទីផ្សាអាមេរិកខាងត្បូង៕

© រក្សាសិទ្ធិដោយ thmeythmey.com