កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ហូឡង់ឈ្នះកៅអីវគ្គ ១/៤ ក្រោយបង្ហាញទម្រង់លេងដ៏ល្អទម្លាក់រូម៉ានី
03, Jul 2024 , 12:56 am        
រូបភាព
ក្រុមជម្រើសជាតិហូឡង់ មកដល់ការប្រកួតវគ្គ ១៦ក្រុម បង្ហាញទម្រង់លេងក៏ល្អខ្លាំងរបស់ខ្លួន ដើម្បីដណ្តើមបានកៅអីវគ្គ ៨ក្រុម ចុងក្រោយ ទម្លាក់ក្រុមរូម៉ានី នៅក្នុងការប្រកួតយកឈ្នះដោយលទ្ធផល ៣-០ រាត្រីថ្ងៃទី២ ខែកក្កដា ក្នុងកីឡដ្ឋាន Allianz Arena។



ការប្រកួតនៅវគ្គទីមួយ ហូឡង់ហាក់បីជាបង្ហាញទម្រង់លេងល្អប្លែកខ្លាំង ខុសពីវគ្គចែកពូល ដោយតំបន់ប្រយុទ្ធក្នុងការប្រកួតទល់រូម៉ានី មានភាពល្អប្រសើរឡើងវិញ។ ហូឡង់ជាក្រុមដែលបានបើកការសម្រុកខ្លាំងទៅលើរូម៉ានី ប៉ុន្តែក្រុមរូម៉ានីក៏ មានទម្រង់លេងមួយដែលមិនភ័យខ្លាចពីកម្រិតសមត្ថភាពរបស់ហូឡង់ឡើយ។
 
យ៉ាងណាមិញ នៅពាក់កណ្តាលវគ្គទីមួយ ហូឡង់បន្តដាក់សម្ពាធខ្លាំងរូម៉ានី រហូតអាចរកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុន កើតចេញពីការស៊ុតរបស់កីឡាករខ្សែប្រយុទ្ធ Cody Gakpo ដែលជាការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Xavi Simons នៅត្រឹមនាទី២០។ បន្ទាប់ពីត្រូវបានហូឡង់នាំមុខមុន រូម៉ានីក៏មានការសម្រុកខ្លាំងត្រឡប់មកវិញ ដើម្បីរកគ្រាប់តាមស្មើ ប៉ុន្តែឱកាស ១លើក ជា ២លើក ធ្វើមិនបានសម្រេច តែងត្រូវបានជួយសង្គ្រោះពីអ្នកចាំទី និងក្រុមរនាំងខ្សែការពាររឹងមាំរបស់ហូឡង់។
 
ចូលវគ្គទីពីរ ទាំងហូឡង់ និងរូម៉ានី ហាក់បីមានការប្រកួតសម្រុកគ្នាទៅមកកាន់តែខ្លាំង ខណៈម្ខាងចង់រកគ្រាប់បាល់បន្ថែម ចំណែកម្ខាងទៀតចង់រកគ្រាប់តាមស្មើ។ នាំមុខ ១គ្រាប់នៅមិនទាន់ជាលទ្ធផលដែលហូឡង់ចង់បានឡើយ ដោយក្រុមរហស្សនាមពណ៌ទឹកក្រូចមួយនេះ តែងបន្តដាក់សម្ពាធពីការសម្រុកសន្ធាប់ មិនបណ្តោយឱ្យរូម៉ានី មានបាល់គ្រប់គ្រងដោយងាយស្រួល។
 
មិនទាន់បញ្ចប់ឡើយ ហូឡង់សម្រុកខ្លាំងរហូតទាល់តែរកបានគ្រាប់បាល់ទី២ ដើម្បីធានាកៅអីវគ្គ ៨ក្រុម របស់ពួកគេ ដោយការស៊ុតរបស់កីឡាករ Donyell Malen ដែលទើបប្តូរចូលដើមវគ្គទី២ សម្រេចសំណាញ់ទីនៅនាទី៨៣។ ចុងម៉ោងបន្ថែមទៅហើយ Donyell Malen រកបានគ្រាប់បាល់ទី៣ សម្រាប់ហូឡង់ ដើម្បីបញ្ចប់ការប្រកួតហូឡង់ ធ្វើបានល្អ យកឈ្នះការប្រកួតលទ្ធផល ៣-០ ទល់រូម៉ានី។
 
ហូឡង់បង្ហាញទម្រង់លេងល្អខ្លាំង នៅការប្រកួតវគ្គ ១៦ក្រុម ដោយក្រុមមួយនេះ តែងមានឱកាសល្អៗសម្រុកនៅក្នុងប្រអប់ទីគ្រោះថ្នាក់របស់រូម៉ានី ហើយថែមទាំងមានឱកាសស៊ុតចំគោលដៅជាច្រើនលើកផងដែរ។ កាលពីប្រកួតវគ្គចែកពូល ហូឡង់បង្ហាញកម្រិតគុណភាពក្នុងតំបន់ប្រយុទ្ធមិនបានល្អខ្លាំងប៉ុន្មានឡើយ រហូតធ្វើឱ្យពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពូល។
 
ឈ្នះការប្រកួត ហូឡង់ឡើងវគ្គ ៨ក្រុម គឺជាលើកជាទី៨ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ទ្វីបអឺរ៉ុប ដែលពួកគេធ្លាប់ធ្វើបាន។ ហូឡង់ក៏ជាម្ចាស់ពាន ១សម័យ ដោយពួកគេបានឈ្នះកាលពីឆ្នាំ ១៩៨៨។
 
ក្រោយបញ្ចប់ការប្រកួតនេះទៅ ហូឡង់ជាក្រុមកក់កៅអីវគ្គ ៨ក្រុម ចុងក្រោយបន្ថែម ១ទៀត ក្រោយពេលយកឈ្នះលើរូម៉ានី លទ្ធផល ២-០។ ហូឡង់ទៅកាន់វគ្គ ១/៤ នឹងត្រូវរង់ចាំក្រុមដែលឈ្នះការប្រកួតរវាង អូទ្រីស និងតួកគី ត្រូវប្រកួតប្រជែងគ្នាសម្រាប់កៅអី ១ ចុងក្រោយ វគ្គ ៨ក្រុម៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com