អន្តរជាតិ
មនុស្សយ៉ាងហោចណាស់ ១១៦នាក់ ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌា
03, Jul 2024 , 10:29 am        
រូបភាព
ករណីរត់ជាន់គ្នានៅឥណ្ឌា ក្នុងថ្ងៃទី២ ខែកក្កដា។ រូបភាព AFP
ករណីរត់ជាន់គ្នានៅឥណ្ឌា ក្នុងថ្ងៃទី២ ខែកក្កដា។ រូបភាព AFP
ករណីរត់ជាន់គ្នា នៅក្នុងពិធីសាសនាហិណ្ឌូមួយនៅតំបន់ភាគខាងជើងឥណ្ឌាក្នុងថ្ងៃទី២ ខែកក្កដា មានមនុស្សស្លាប់យ៉ាងហោចណាស់ ១១៦នាក់ ដោយភាគច្រើនជាស្រ្តី និងកុមារ។ នេះបើតាមការបញ្ជាក់ពីសំណាក់អាជ្ញាធរឥណ្ឌា។

 
ក្នុងហេតុការណ៍ពិធីសាសនាហិណ្ឌូមួយ នៅភូមិក្នុងស្រុក Hathras នៃរដ្ឋUttar Pradesh ប្រជាជនឥណ្ឌាជាច្រើនពាន់នាក់ បានចូលរួម ស្របពេលមានអាកាសធាតុក្តៅ នៅពេលថ្ងៃ។ យ៉ាងណាមិញ អាជ្ញាធរឥណ្ឌា មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ឡើយ។
 
ករណីរត់ជាន់គ្នា ក្នុងពិធីសាសនាហិណ្ឌូនេះ មានមនុស្សយ៉ាងហោចណាស់ ១១៦នាក់ បានបាត់បង់ជីវិត ដោយភាគច្រើនជាស្រ្តី និងកុមារ។ 
 
តាមការបញ្ជាក់របស់ប្រធានរដ្ឋមន្រ្តី លោក Yogi Adityanath ករណីរត់ជាន់គ្នា នៅរដ្ឋ Uttar Pradesh ដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេរបស់ឥណ្ឌានេះ បានកើតមាននៅពេលសាសនិក បានរុញគ្នាទៅមុខ ដើម្បីចង់ប៉ះអាចារ្យ ដែលចុះពីលើឆាកពិធីសាសនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែកមន្រ្តីជាន់ខ្ពស់ឥណ្ឌាមួយរូបនៅក្នុងរដ្ឋដដែលនេះ បានយល់ឃើញថា ករណីរត់ជាន់គ្នាទំនងកើតឡើងដោយសារ ប្រជាជនស្វះស្វែងរកទឹក ក្នុងពេលមានអាកាសធាតុក្តៅខ្លាំង។ 
 
ក្រោយមានឧបទ្ទវហេតុបែបនេះ ប៉ូលិសនៅក្នុងរដ្ឋ Uttar Pradesh បានសន្យាបើកការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវមកដាក់ទោស។ បើតាមមន្រ្តីប៉ូលិស ពិធីជួបជុំសាសនាខាងលើទំនងមានមនុស្សចូលរួមច្រើន លើសពីការអនុញ្ញាត។ 
 
បន្ទាប់ពីករណីរត់ជាន់គ្នា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រកាសថា រដ្ឋាភិបាល នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ប្រមាណ ២៤០០ដុល្លារ ទៅគ្រួសារមានអ្នកស្លាប់ និងជិត៦០០ដុល្លារ សម្រាប់អ្នករងរបួសក្នុងមួយនាក់។
 
ករណីរត់ជាន់គ្នា មិនមែនជារឿងថ្មីនៅឥណ្ឌាឡើយ។ ហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់កើតមាននៅក្នុងឆ្នាំ ២០១៣ ដោយមានមនុស្សស្លាប់ចំនួន ១១៥នាក់, នៅក្នុងឆ្នាំ២០០៨ មានមនុស្សស្លាប់ជិត ២៥០នាក់ និង២០០៥ មានមនុស្សស្លាប់ច្រើនជាង ៣៤០នាក់៕

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com