ជាតិ
សេដ្ឋកិច្ច
ចុង​ភៅ​​ខ្មែរ​​ទទួល​​ប្រាក់​ខែ​​រហូត​ដល់ ​៤ពាន់​ និង​៦ពាន់​​ដុល្លារ​​សម្រាប់​​ជន​ជាតិ​​បរទេស​
21, Dec 2014 , 4:00 pm        
រូបភាព
រូបភាព៖​Google
រូបភាព៖​Google
ភ្នំពេញ៖ ទីផ្សារ​ចុងភៅ​នៅក្នុង​ប្រទេស​កម្ពុជា​នៅមាន​ទំហំ​ធំ​ទូលាយ។ វិស័យ​ចំអិន​អាហារ​ត្រូវការ​អ្នកជំនាញ​ចុងភៅ​ច្រើន​បន្ថែមទៀត ពីព្រោះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ វិស័យនេះ​មានការ​រីកចម្រើន​ខ្លាំងណាស់ ទាំង​ភោជនីយដ្ឋាន​ខ្មែរ វៀតណាម ថៃ ជប៉ុន កូរ៉េ និង​អឺរ៉ុប។ ចុងភៅ​ជនជាតិខ្មែរ​អាច​ទទួល​បាន​ប្រាក់ខែ​ដល់៤ 000 ដុល្លារ រីឯ​ចុងភៅ​ជនជាតិ​បរទេស​ធ្វើការ​នៅក្នុង​ស្រុក​ខ្មែរ​អាច​ទទួលបាន​ដល់៦ 000 ដុល្លារ​អាមេរិក។



ស្រប​ពេលដែល​ប្រាក់ខែ​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មាន​ចំនួន​ពី២ ០០០ទៅ៥ ០០០ដុល្លារ មន្ត្រី​ធ្វើការ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ពី២ ០០០ទៅ៦ ០០០ដុល្លារ និង​មន្ត្រី​រាជរដ្ឋាភិបាល​មាន​ចំនួន​ពី៤០០ទៅ១ ០០០ដុល្លារ​នោះ ចុងភៅ​ចម្អិន​អាហារ​ដែល​ចេះ​ស្ទាត់ជំនាញ​អាច​ទទួលបាន​ប្រាក់ខែ​រហូតដល់​ទៅ៤ ០០០ដុល្លារ​សម្រាប់​ជនជាតិខ្មែរ និង៦ ០០០ដុល្លារ​សម្រាប់​ជនជាតិ​បរទេស​បម្រើការ​ជា​ចុងភៅ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក លូ ម៉េង ជា​ចុងភៅ​ល្បីល្បាញ និង​ជានា​យក​ភោជនីយដ្ឋាន Malis និង Topaz នៅ​រាជធានី​ភ្នំពេញ បាន​និយាយថា វិស័យ​ភោជនីយដ្ឋាន​ទាំងមូល​នៅ​អាស៊ី​ខ្វះ​ចុងភៅ។ នៅ​កម្ពុជា កង្វះខាត​ចំនួន​ចុងភៅ​ក៏មាន​ទំហំ​ធំ​ដែរ បើទោះបី​អាជីព​នេះ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ក៏ដោយ។ បើ​យោងតាម​លោក លូ ម៉េង ដែលជា​ម្ចាស់​សណ្ឋាគារ Almond ដែរនោះ ចុងភៅ​ថ្មី​អាច​ទទួលបាន​ប្រាក់ខែ​ពី​ជាង១០០ដុល្លារ ដល់​ទៅ​ជាង២០០ដុល្លារ​អាមេរិក។

អ្នកមាន​បទពិសោធន៍​ពី២ទៅ៥ឆ្នាំ អាច​ទទួលបាន​ប្រាក់ខែ៥០០ទៅ១ ០០០ដុល្លារ​អាមេរិក។ អ្នកមាន​បទពិសោធន៍​ពី៥ទៅ១០ឆ្នាំ​អាច​ទទួលបាន​ប្រាក់ខែ​ពី២ ០០០ ទៅ៤ ០០០ ដុល្លារ​អាមេរិក។ ចុងភៅ​ជា​ជនជាតិ​បរទេស​បម្រើការ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ទទួលបាន​ប្រាក់បៀវត្សរ៍​ដល់​ទៅ៦ ០០០ដុល្លារ​អាមេរិក។

លោក លូ ម៉េង បាន​និយាយថា៖«កូនចៅ​នៅ​ស្រែរ​ចម្ការ​ដែល​គ្មាន​ការងារ​ធ្វើ សូមមេត្តា​សិក្សា ឬ​រៀន​ជំនាញ​ចុងភៅ។ យើង​នៅ​ខ្វះ​ចំនួន​ចុងភៅ​ច្រើនណាស់»។ លោក ម៉េង ពន្យល់​ទៀតថា បុគ្គល​ទូទៅ​មិនសូវ​ចង់​ក្លាយខ្លួនជា​ចុងភៅ​ទេ ពីព្រោះ​វា​ជាការ​ងារ​មិន​កំណត់​ម៉ោង។ ការងារ​គ្មាន​ម៉ោង​ពិតប្រាកដ​មែន តែ​ជា​ការងារ​ទទួលបាន​ប្រាក់កម្រៃ​ច្រើន៕



© រក្សាសិទ្ធិដោយ thmeythmey.com