ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ រណឫទ្ធិ និង​លោក ហ៊ុន សែន បង្ហាញ​ភាព​ល្អូកល្អិន​ដល់​គ្នា​ទៅវិញទៅមក
21, Jan 2015 , 11:55 am        
រូបភាព
ដោយ:
មេដឹកនាំកំពូលៗនៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សរសេរ​លិខិត​សាទរ​គ្នា​ទៅវិញទៅមក ដែល​បង្ហាញ​ពី​ភាព​ល្អូកល្អិន​រវាង​គ្នា ក្រោយពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានរៀបចំ​ធ្វើ​សមាជ​សម្រេច​ជ្រើសរើស​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ឲ្យ​ដឹកនាំ​គណបក្ស​រាជានិយម​នេះ​ឡើងវិញ ។



ក្នុង​លិខិត​ចុះ​ថ្ងៃទី ១៩ ខែមករា ចំ​ថ្ងៃ​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​សមាជ​សាទរ​វត្តមាន​ទ្រង់ រណឫទ្ធិ ធ្វើជា​ប្រធាន​បក្ស​នេះ​ឡើងវិញ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រញាប់ប្រញាល​សរសេរ​លិខិត​ត្រេកអរ​ចំពោះ​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​វត្តមាន​របស់​ទ្រង់ រណឫទ្ធិ មក​ដឹកនាំ​បក្ស​នេះ​ឡើងវិញ។ ក្នុងនាម​ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់​ក្នុង​លិខិត​នោះ​យ៉ាងនេះ​ថា៖« ទូលបង្គំ​សូម​សម្តែង​សេចក្តីសោមនស្ស​ជា​អតិបរិមា និង​សូម​ថ្វាយព្រះពរ​ជ័យ​បវរ​មហា​ថ្លៃថ្លា ថ្វាយ​សម្តេចក្រុមព្រះ ដែល​ត្រូវបាន​ជ្រើសតាំង​ធ្វើជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​អង្គសមាជ។ ទូលបង្គំ​សង្ឃឹមថា ក្រោម​ការដឹកនាំ​របស់​សម្តេចក្រុមព្រះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បន្ត​រីកចម្រើន​រឹងមាំ​ជា​លំដាប់ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​កាន់តែ​ល្អប្រសើរ​ទៀត ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ។

ដោយឡែក​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ វិញ ក្រោយពី​បានទទួល​លិខិត​សាទរ​របស់លោក ហ៊ុន សែន ក៏​មិន​បង្អង់​យូរ​ដែរ ដោយ​ទ្រង់ បានចេញ​លិខិត​អរគុណ លោក ហ៊ុន សែន ភ្លាមៗផងដែរ។ « ខ្ញុំ​បានទទួល​រួចហើយ ដោយ​ហឫទ័យ​សោមនស្ស​រីករាយ​ជា​អនេក នូវ​សារលិខិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ដែល​សម្តេច​មាន​សេចក្តី​មេត្តា កោតសរសើរ ដល់​ដំណើរការ​នៃ​ការរៀបចំ​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ។ ខ្ញុំ​មាន​ជំនឿ​លើក្តី​សង្ឃឹម​របស់​សម្តេច មកលើ​ការដឹកនាំ​របស់ខ្ញុំ ក្នុងការ​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច »។ នេះ​ជា​ខ្លឹមសារ​សំខាន់​នៅក្នុង​លិខិត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ផ្ញើជូន​លោក ហ៊ុន សែន ៕


© រក្សាសិទ្ធិដោយ thmeythmey.com