ជាតិ
លោក ហ៊ុន សែន នឹងធ្វើអធិបតីភាព​ក្នុងពិធី​រម្លឹកខួបកំណើតបក្ស​ដែលមានអាយុ​បង​លោក១ឆ្នាំ​
27, Jun 2015 , 9:16 am        
រូបភាព
រូបថតពី​ហ្វេសប៊ុកគណបក្ស​ប្រជាជនកម្ពុជា​
រូបថតពី​ហ្វេសប៊ុកគណបក្ស​ប្រជាជនកម្ពុជា​
លោក​ ហ៊ុន សែន នឹង​ធ្វើជា​អធិបតីភាពក្នុងនាម​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ជាលើកដំបូង​នៅក្នុង​ពិធី​រម្លឹក​ខួប​ឆ្នាំ​ទី​៦៤ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជនកម្ពុជា ដែលមានអាយុ​លើសលោក​មួយ​ឆ្នាំ។ ពិធី​នឹង​ត្រូវ​រៀបចំ​ធ្វើ​ដូច​រាល់ឆ្នាំ​នៅទីស្នាក់ការកណ្តាល គ.៨៥ ក្នុង​រាជធានីភ្នំពេញនៅថ្ងៃទី​២៨​មិថុនានេះ។



ក្រុម​ការងារ​រៀបចំ​ពិធី​បាន​កំពុង​បង្ហើយការងារ​ត្រៀម​រៀបចំ​នៅ​ថ្ងៃសៅរ៍នេះទៀត។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​មួយ​នេះ លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅព្រឹក​នេះថា សមាជិកជាង​១ម៉ឺននាក់​នឹង​ចូលរួម​ក្នុងពិធី​រម្លឹកខួបនៃ​ការ​បង្កើត​គណបក្ស​លើកទី​៦៤​នេះ។

អ្នកនាំពាក្យ​រូបនេះ​មិនទាន់ហ៊ាន​បញ្ជាក់ច្បាស់​អំពី​សារនយោបាយអ្វីខ្លះ​ដែល​នឹងអាចប្រកាសនៅក្នុងពិធី​នៅ​ថ្ងៃអាទិត្យ​នេះ ដោយប្រធាន​ថ្មីរបស់​គណបក្ស នោះទេ។ ប៉ុន្តែ​លោកបាន​បង្ហើបយ៉ាង​ដូច្នេះថា៖«សម្តេច​ប្រធាន​គណបក្ស​អាច​នឹង​រម្លឹក​អំពីប្រវត្តិ​នៃកំណើតគណបក្ស ទី២​អាច​បង្ហាញ​លទ្ធផល​នៃ​ការ​អនុវត្តការងារ​ក្រោយមហាសន្និបាត​វិសាមញ្ញ​កាលពី​ចុង​ខែ​មករា​កន្លងទៅ និងលទ្ធផល​នៃ​ការសម្រេចនៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី​៣៨​កាលពីពេលថ្មីៗនេះ»។

លោក សុខ ឥសាន បានបញ្ជាក់ផងដែរថា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំ​កម្ពុជា និង​គណបក្ស​សម្ព័ន្ធភាពរបស់​គណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញ​ឲ្យចូលរួម​ក្នុង​ពិធី​នៅថ្ងៃអាទិត្យ​នេះ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com