ជាតិ
សង្គមជាតិ
សេចក្ដីព្រាងច្បាប់​ស្ដីពី​កៅស៊ូ នឹង​បញ្ជូនទៅ​ឲ្យ​រាជរដ្ឋាភិបាល​អនុម័ត​នៅ​ចុង​ឆ្នាំនេះ
27, Jun 2015 , 9:40 pm        
រូបភាព
សេចក្ដីព្រាងច្បាប់​ស្ដីពី​កៅស៊ូ​នឹង​ចេញ​នៅ​ចុងឆ្នាំ​នេះ បន្ទាប់ពី​ក្រសួង​ធ្វើការ​ពិនិត្យ​កែសម្រួល និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការលើកកម្ពស់​ដល់​សេដ្ឋកិច្ច​គ្រួសារ មុន​បញ្ជូនទៅ​ឲ្យ​រាជរដ្ឋាភិបាល​អនុម័ត។


 
លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន មានប្រសាសន៍ កាលពី​ថ្ងៃទី២៤ខែមិថុនា​ថា៖«ដំណើរការ​រៀបចំសេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​កៅស៊ូ​នេះ ត្រូវការ​ត្រួតពិនិត្យ​បន្ថែម​លើ​ខ្លឹមសារ​ឱ្យបាន​គ្រប់គ្រាន់ មុននឹង​បញ្ជូនទៅ​គណៈរដ្ឋមន្ដ្រី ហើយ​ច្បាប់​នេះ​គ្រោង​នឹង​ចេញ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៦ខាងមុខ»។ 
 
លោក​ឡោ រស្មី បន្តថា៖«ក្រសួង​នឹងត្រូវ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អង្គភាព​ជំនាញ និង​ធ្វើជា​សិក្ខាសាលា​ពិគ្រោះ​យោបល់ ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន ដើម្បី​ឲ្យ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត»។ 
 
សូមបញ្ជាក់ថា​ទីផ្សារ​កៅស៊ូ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់ពី​តម្លៃ​មធ្យម៤,៥០០ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ២០១១ មក​ត្រឹម​ចន្លោះ១,៨០០ដុល្លារ ទៅ២ពាន់​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​ឆ្នាំ២០១៣ និង​បន្ត​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ការធ្លាក់ចុះ​តម្រូវការ​ទីផ្សារ​ទូទាំង​ពិភពលោក ពិសេស​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន។
 
យោងតាម​រយ​បាយ​ការណ៍​ក្រសួងកសិកម្ម បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​កៅស៊ូ​ជាង៣០ម៉ឺន​ហិ​ក តា ក្នុងនោះ​ដី​របស់​រដ្ឋ​ជាង៥ម៉ឺន​ហិកតា ដី​សម្បទាន​សេដ្ឋកិច្ច​ជាង១០ម៉ឺន​ហិកតា និង​ដី​ជា លក្ខណៈ​គ្រួសារ​មាន​ជិត១៥ម៉ឺន​ហិកតា៕
 
ប្រភព៖ AKP
 
 

© រក្សាសិទ្ធិដោយ thmeythmey.com