ជាតិ
រដ្ឋ​ចំណាយ ៧៥ លាន​ដុល្លារ សម្រាប់​គ្រួសារ​អតីតយុទ្ធជន​ក្នុង​មួយឆ្នាំ
02, Sep 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គិត​ត្រឹម​ខែមិថុនា​ឆ្នាំ ២០១៥ អតីតយុទ្ធជន​កម្ពុជា​សរុប​ចំនួន ៨៧,២៨៥នាក់ និង​អ្នក​នៅក្នុង​បន្ទុក​ចំនួន ១៤០,៥២៨នាក់​នាក់ បានទទួល​នូវ​ប្រាក់ឧបត្ថម្ភ​សរុប​ជាង ៣០០ ពាន់​លាន​រៀល ស្មើនឹង​ជាង ៧៥លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ នេះ​បើតាម​ប្រសាសន៍​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។



លោក វង សូត បាន​ថ្លែង​ក្នុង​ពិធី​បិទ​មហាសន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​កម្ពុជា ទូទាំងប្រទេស​លើក​ទី ២ នៅ​ថ្ងៃទី២នេះ​ថា ប្រាក់​របប​គោលនយោបាយ​នេះ ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់​ស្របតាម​ការដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់ អាវុធ។ ទន្ទឹមនឹង​គោលនយោបាយ​សម្តែង​ការដឹងគុណ​ដល់​អតីត យុទ្ធជន និង​យុទ្ធ​នារី​ដែល​បាន​លះបង់​អាយុជីវិត​ក្នុង​បុព្វហេតុ​ប្រទេសជាតិ​នេះ លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង អនុវត្ត​នូវ​គោលនយោបាយ​ផ្តល់​ដី​សម្បទាន ដី​សង្គមកិច្ច កសាង​លំនៅដ្ឋាន​ជូន​អតីត កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ព្រមទាំង​បង្កើត​គម្រោង ជាច្រើន ដើម្បី​កែលម្អ​ជីវភាព យោធិន និង​អតីតយុទ្ធជន។

បើតាម​លោក វង សូត ក្នុង​ឆ្នាំ ២០១៤ រដ្ឋាភិបាល​បាន​កែសម្រួល​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​ជូន​ជនពិការ និវត្តជន និង​ជន​បាត់បង់​សមត្ថភាព​ការងារ​មុន​និង​ក្រោយ​ឆ្នាំ ២០០៧ ឲ្យ​មាន​តុល្យភាព​គ្នា​ក្នុងនោះ​ក៏បាន​កែសម្រួល​បង្កើន​ប្រាក់ ម្ហូបអាហារ​ជូន​ជនពិការ​ក្នុងម្នាក់ៗរហូតដល់ ៤៥ ០០០ រៀល​ក្នុង​មួយខែ។ សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែល​បាន​បង្កើតឡើង​ក្នុង រយៈពេល ០៨ឆ្នាំ​កន្លងទៅនេះ មាន​សមាជិក​ទូទាំងប្រទេស​ចំនួន ៧៥២៥៨ នាក់ បាន​ចូលរួម​ពង្រឹងពង្រីក​តួនាទី​របស់​អតីតយុទ្ធជន​កែលម្អ​ជីវភាព និង​ពង្រឹង​នូវ​សាមគ្គីភាព​ក្នុង​ជួរ​អតីតយុទ្ធជន។

លោក​ថ្លែងថា​គិត​ចាប់ពី​ឆ្នាំ ២០០៨ មក​អតីតយុទ្ធជន​កម្ពុជា​ចំនួន ៥ ៥១៣ នាក់​បានទទួល​ប្រាក់ឧបត្ថម្ភ ៤ លាន​រៀល​ក្នុង​មួយ​គ្រួសារ​ពី​បេឡា​មរណៈ​សង្គ្រោះ​របស់​សមាគម​អតីតយុទ្ធជន កម្ពុជា​ខណៈ​នៅសល់ ១៥២៣ នាក់ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ដោយសារតែ​អត្រា​នៃ​មរណភាព អតីតយុទ្ធជន​បាននិងកំពុង​កើនឡើង។
ជាការ​ឆ្លើយតប ក្នុងឱកាស​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ប្រញាប់​ទូទាត់ ថវិកា​បំណុល​គ្រួសារ​សព​អតីតយុទ្ធជន​សល់​ចំនួន ១៥២៣សព គិត​ជា​ទឹកប្រាក់​ជាង ៦ពាន់​លាន​រៀល ស្មើនឹង ១,៥លាន​ដុល្លារ​អាមេរិក មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

ជាងនេះទៀត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីតយុទ្ធជន​កម្ពុជា បានស្នើ​ដល់​អនុប្រធាន និង​សមាជិកសមាគម​ដែលជា​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា អភិបាល​រាជធានី ខេត្ត  កម្លាំងប្រដាប់អាវុធ និង​ឧកញ៉ា ត្រូវ​ពិនិត្យ​ពង្រឹង​ការងារ ជួយ​សង់​លំនៅដ្ឋាន ដល់​គ្រួសារ​អតីតយុទ្ធជន។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី ក៏​អំពាវនាវ​គ្រឹះស្ថាន​ទាំង​រដ្ឋ និង​ឯកជន ឲ្យ​ជួយផ្តល់​អាហារូបករណ៍​សិក្សា​ដល់ កូនចៅ​គ្រួសារ​អតីតយុទ្ធជន​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com