ជាតិ
ពលរដ្ឋកម្ពុជា២រូបកំពុងជាប់ឃុំនៅពន្ធនាគារនៅប្រទេសថៃ ពីបទប្រើទិដ្ឋាការក្លែងក្លាយ
× ពលរដ្ឋកម្ពុជា២រូបកំពុងជាប់ឃុំនៅពន្ធនាគារ ប៉ាតាយ៉ា រ៉េម៉ង់ (Pattaya Remand) ប្រទេសថៃ បន្ទាប់ពីអាជ្ញាធរថៃរកឃើញថាពួកគេប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ។ ពលរដ្ឋខ្មែរទាំង២នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅ។ នេះបើយោងតាមសេចក្តី ជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីស្នើឲ្យភាគីថៃដោះលែងពលរដ្ឋកម្ពុជា២រូបនេះ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីឪពុកម្តាយរបស់ជនរងគ្រោះ បានមករកអន្តរាគមន៍ពីក្រសួងការបរទេស ដោយពួកគាត់អះអាងថា ទិដ្ឋាការរបស់កូនទាំង២នាក់ ត្រូវបានមេខ្យល់ជាអ្នក ធ្វើឲ្យ ហើយមេប្រាប់ថាជាទិដ្ឋាការស្របច្បាប់។ នេះបើតាម ការបញ្ជាក់របស់ លោក ជុំ សុន្ទរី។
ជាថ្មីម្តងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យចាញ់បោកបាយកលបោកប្រាស់គ្រប់រូបភាពរបស់មេខ្យល់៕
© រក្សាសិទ្ធិដោយ thmeythmey.com