ជាតិ
សេដ្ឋកិច្ច
ទេសចរ​ជាតិ​មក​ទស្សនា​អង្គរ​កើនឡើង​បន្តិចបន្តួច​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ
15, Oct 2015 , 4:00 pm        
រូបភាព
សៀមរាប៖ ការដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល៣ នៅលើ​ទឹកដី​អង្គរ គឺមាន​ការកើនឡើង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំទៅ។ នេះ​បើតាម​ការអះអាង​ពី​អ្នកបម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍។


 
ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​កន្លងមកនេះ គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បានធ្វើ​ដំណើរ​មក​កម្សាន្ត​រមណីយដ្ឋាន​អង្គរវត្ត ជា​លក្ខណៈ​ដៃគូ និង​ខ្លះ​ជា​លក្ខណៈ​ក្រុមគ្រួសារ។ ភ្ញៀវទេសចរ​ទាំងនោះ មាន​អ្នក​ខេត្តសៀមរាប និង​មួយចំនួនធំ​មកពី​តាម​បណ្តា​ខេត្ត​នានា។ 
 
សម្រាប់​អ្នកបម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍​មើលឃើញថា ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ មានការ​កើនឡើង​ខ្លះ ជារួម​ចំនួន​នេះ​គឺ​កើនឡើង​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ។ យ៉ាងណា បើតាម​ការបញ្ជា​ក់រប​ស់​មគ្គុទេសក៍​ទេសចរណ៍ ការធ្លាក់ចុះ​នេះ​គឺ​បណ្តាលមកពី​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ចង់​ជួបជុំ និង​ប្រើពេល​ច្រើន​ជាមួយ​ក្រុមគ្រួសារ ជាជាង​ដើរ​កម្សាន្ត​នៅ​ទីឆ្ងាយៗ ។
ជាង​ថតរូប​នៅ​អង្គរវត្ត លោក ដេវីត មើលឃើញ​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ​តាមរយៈ​ការថតរូប​សន្លឹក​រប​ស់លោក។ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ លោក ដេវីត អា​ចរក​ចំណូល​ពី​ការថតរូប​បាន​ប្រមាណ ១៥ម៉ឺន​ក្នុងមួយថ្ងៃៗ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​លោក ដេវីត មមាញឹក​ខ្លាំង ហើយ​ថែមទាំង​គ្មាន​ពេល​នាំ​ក្រុមគ្រួសារ​ដើរ​កម្សាន្ត​ទៅ​ទីណា​នោះទេ។ លោក ដេវីត បន្ថែម៖« យើង​រកបាន​តែ​ពេល​បុណ្យទាន​ហ្នឹងហើយ...ទេសចរ​ជាតិ​ច្រើនជាង​បរទេស ហើយ​ពួកគាត់​ចូលចិត្ត​ថតរូប​ជា​ក្រុមគ្រួសារ​ទុកជា​ភស្តុតាង ថា​បាន​មកលេង​អង្គរ សៀមរាប...»។
 
អ្នក​ឆែក​សំបុត្រ​ចូល​ទស្សនា​នៅមុខ​ប្រាសាទអង្គរវត្ត ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ អះអាងថា អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រហាក់ប្រហែល​ដូច​ឆ្នាំទៅ។ យ៉ាងណា ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​អំឡុង​ពេលនេះ គឺ​ទេសចរ​ថៃ និង​ចិន។  
ដោយឡែក លោក ជា ប៊ុន​ណាត មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​មើលឃើញថា ចំនួន​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មានការ​ធ្លាក់ចុះ។ លោក ប៊ុន​ណាត ដែល​កំពុង​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​អង្គរវត្ត​នោះ​ពន្យល់ថា៖« ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធី​ប្រពៃណីជាតិ ហើយ​ប្រជាជន​ភាគច្រើន​បានធ្វើ​ដំណើរ​ពី​ទីជិត​ទី​ឆ្ងាយ ទៅ​ជួបជុំ​ក្រុមគ្រួសារ។ ពួកគេ បាន​បង្កើត​កម្មវិធី​ជួបជុំ​គ្រួសារ ជំនួស​ការដើរ​កម្សាន្ត​នានា ដែល​ប្រើពេល​ច្រើន»។
 
យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បាន​បង្ហាញថា​ចំនួន​ទេសចរ​ជាតិ​មានការ​កើង​ឡើង​ដែរ​តែ​កើ​នប​ន្តិ​ត​តែប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំទៅ។ យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១២ ខែតុលា មាន​ភ្ញៀវទេសចរ​ចំនួន ១២៣,០០៦នាក់ គឺ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១០៨,៥០០នាក់ កើនឡើង ៦,៥៨% និង​ទេសចរ​អន្តរជាតិ​មាន​ចំនួន ១៤,៥០៦នាក់ ថយចុះ ១០,៨៥%៕
 

© រក្សាសិទ្ធិដោយ thmeythmey.com